​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​គណ​:​កម្ម​ការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នៅ​ថ្ងៃទី​ ​៣០ ខែមករា ឆ្នាំ ​២០២៣ ដោយ​ដាក់ចេញ​នូវ​យន្តការ​ ៥ ​ចំណុច​សម្រាប់​ទប់ស្កាត់​បទល្មើស​នេសាទ​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​។

​កិច្ចប្រជុំ​អន្តរក្រសួង​ដែលមាន​វត្តមាន នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អភិបាល​និង​អភិបាលរង​ខេត្ត​ទាំង​ ៦​ ជុំវិញ​បឹង​ទន្លេសាប​។

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសរសេរថា​៖ «​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​អំពី​ប្រសិទ្ធភាព​នៃ​ការបង្ក្រាប​បទល្មើស​ដោយ​បំបាត់​បាន​ទាំងស្រុង​នូវ​បទល្មើស​ទ្រង់ទ្រាយ​ធំ ហើយ​ទទួលបាន​កំណើន​ផល​ជលផល​មកវិញ​ក្នុង​រយៈពេល​ជិត​ ១ ​ឆ្នាំកន្លងមក​»​។​

តាម​ទំព័រ​ផ្លូវការ​នោះដែរ គណ​:​កម្ម​ការ​អន្តរក្រសួង​បានសម្រេច​ដាក់ចេញ​នូវ​យន្តការ​ ៥ ​ចំណុច សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ​ ២០២៣ ​នេះ ដោយ​រួមមាន ទី​១​ បន្ត​យុទ្ធនាការ​ប្រចាំការ​និង​ល្បាត​បង្ការ​បទល្មើស​ក្នុង​បឹង​ទន្លេសាប​បន្តទៀត​។ ទី​២

​គឺ​អនុវត្ត​ការបង្ក្រាប​ដោយ​ភាព​ឆ្លាត​វៃ និង​ការទទួលខុសត្រូវ​ខ្ពស់​សំដៅ​រក្សា​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រជាពលរដ្ឋ​។

​យន្តការ​ទី​៣ គឺ​មេ​ប៉ុស្តិ៍នគរបាល​បន្ត​ចលនា និង​ស្វែងរក​ដើម្បី​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់ ជាពិសេស​ឧបករណ៍​ឆក់​ត្រី ទាំង​ក្តៅ​និង​ត្រជាក់ រួមទាំង​មង​ស្បៃ​មុង ដែល​បំផ្លាញ​ដល់​ការបន្ត​ពូជ​របស់​ត្រី​។ រីឯ​យន្តការ ទី​៤ គឺ​គណៈកម្មការ​អន្តរក្រសួង សម្រេច​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​រហ័ស (Hotline) ក្នុងការ​ជូនដំណឹង ដើម្បី​តាមដាន និង​បង្ក្រាប​បទល្មើស​នេសាទ​។

​ចំណែក​យន្តការ​ទី​៥​ គឺ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតាម​បណ្ដា​ខេត្ត​នីមួយៗ​នឹង​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ជលផល និង​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ដែល​រំពឹង​តែ​ទៅលើ​ការនេសាទ ដើម្បី​រកមុខ​របរ​ផ្សេង​ដែល​លើកកម្ពស់​ជីវភាព​ពួក​គាត់​ជាង​ការនេសាទ​។

​លោក​រដ្ឋមន្ត្រីបានសរសេរថា​៖ «​ខ្ញុំ​សង្ឃឹមថា ជាមួយគ្នា​យើង​នឹង​ធានាបាន​និរន្ដរភាព​ធនធាន​ជលផល​ធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​»​។​

​លោក ឯក ចំរើន ប្រធាន​សម្របសម្រួល​ក​ម្ម​វិធី​បណ្តាញ​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT)​ បានចាត់ទុក​ការបង្ហាញ​យន្តការ​សម្រាប់​សកម្មភាព​ថ្មី​នេះ​ជាការ​បន្ត​មរតក​ការប្តេជ្ញាចិត្ត​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានប្រកាស​ក្នុងពេល​កន្លងមក​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ការធ្វើសកម្មភាព​លុបបំបាត់​បទល្មើស​នេសាទ​នៅ​ទន្លេសាប​។ អ្នកណាៗ​ក៏​ដឹងថា ផល​ត្រី​ទន្លេសាប​ធ្លាក់​ចុះថយ​ជា​បន្តបន្ទាប់ គឺ​ដោយសារ​បទល្មើស ការទន្ទ្រាន​ព្រៃ​លិច​ទឹក​។ ដូចនេះ​ការដាក់ចេញ​យន្តការ​ទាំ​ង​នេះ​គឺជា​ការតភ្ជាប់​ផែនការ​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់ចេញ​កន្លងមក​»​។

​យ៉ាងណាក្ដី សម្រាប់​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ដែល​ធ្លាប់បាន​ចុះទៅពិនិត្យ និង​ស្រាវជ្រាវ​នៅតាម​តំបន់​ជុំវិញ​បឹង​ទន្លេសាប រួមទាំង​រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​ពីបទ​ល្មើស​នេសាទ និង​

​ការទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ផង ហាក់​មិនទាន់​ជឿជាក់​លើ​អ្វីដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​ប៉ុន្មាន​ទេ​។​

​លោក សុខ ទូច បាន​អះអាងថា សព្វថ្ងៃនេះ លោក​នៅតែ​ទទួលបាន​នូវ​ការរាយការណ៍​យ៉ាងច្រើន​ពី​មូលដ្ឋាន​អំពី​បទល្មើស​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ មានការ​ឆក់ និង​ស្បៃ មុង ហើយ​លោក​ក៏បាន​បញ្ជូន​ព័ត៌មាន​ទាំងនោះ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា​៖ «​អំឡុងពេល​ខ្ញុំ​ចុះទៅ មាន​បញ្ហា​អសន្តិសុខ​សម្រាប់​ខ្លួន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹងមិន​បោះបង់​ទេ ខ្ញុំ​នឹង​ព្យាយាម​តាមដាន​តទៅទៀត នៅ​ឆ្នាំនេះ មានការ​ទទួលស្គាល់ថា​ផល​ត្រី​ទឹកសាប​បាន​កើនឡើង​»​។

​បើតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បទល្មើស​នេសាទ​សរុប​ក្នុង​ឆ្នាំ​ ២០២២​ កន្លងទៅនេះ​មាន​ចំនួន ២ ៧៧៨ ​ករណី ដែល​បាន​ថយចុះ​ចំនួន ​៤៥៣​ ករណី ធៀប​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ បទល្មើស​ទឹកសាប មាន​ចំនួន​ ២ ៦០១ ​ករណី និង​សមុទ្រ​ចំនួន ១៧៧ ​ករណី​។​

​យោងតាម​របាយការណ៍​ផ្តល់​ដោយ​អ្នកនាំពាក្យ​ក្រសួងកសិកម្ម និង​នេសាទ ផល​នេសាទ​ទឹកសាប​តាម​ដាយ​ត្រី​សម្រេចបាន ​១៣ ០០០ ​តោន ដែល​លើស​ផែនការ​គ្រោងទុក​ចំនួន ១០ ០០០ ​តោន​។ ប្រៀបធៀប​ឆ្នាំ​ ២០២១ កើនឡើង ​៤ ៣០០ ​តោន​។ នេសាទ​គ្រួសារ​ក្នុង​ដែន​នេសាទ អនុវត្តបាន​ចំនួន​ ២៤៧ ៩០០​ តោន​ស្មើនឹង​ ៨២,៦៣ ​ភាគរយ នៃ​ផែនការ​ចំនួន​ ៣០០ ០០០​ តោន ហើយ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២១ កើនឡើង​ចំនួន ១ ២០៥០​ តោន​៕

វីដេអូ៖