សៀមរាបៈ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រសួងបរិស្ថាននិងការបរទេសព្រមទាំងផ្នែកពាក់ព័ន្ធ បានដាំដើមឈើចំនួន ៧០ ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែនខេត្តសៀមរាប ដើម្បីប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជានិងឥណ្ឌាក៏ដូចជាបំផុសស្មារតីពលរដ្ឋឱ្យចូលរួមថែរក្សាព្រៃឈើផងដែរ។
សេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបញ្ជាក់នៅថ្ងៃទី ៣០ ខែមករា ថា៖ «ក្រោយបញ្ចប់ពិធី[ដាំដើមឈើ]ដើមឈើចំនួន ៧០ ដើម ត្រូវបានដាំក្នុងឧទ្យានជាតិភ្នំគូលែន។ដើមឈើទាំងនោះគឺជាដើមឈើរំដួល ដែលជាដើមឈើតំណាងប្រទេសកម្ពុជា។ ប្រតិភូ និងអ្នកចូលរួមជាង ២០០ នាក់ មកពីក្រសួងបរិស្ថាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អាជ្ញាធរជាតិអប្សរាជាដើម»។
លោកស្រី Devayani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ថ្លែងក្នុងពិធីដាំដើមឈើនេះនាថ្ងៃទី ៣០ ខែមករា ថា ទំនាក់ទំនងជាផ្លូវការកម្ពុជា-ឥណ្ឌា ប្រហែលជាមិនត្រឹមតែមានអាយុ ៧០ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែបើត្រឡប់ទៅអតីតកាល ប្រទេសទាំង ២បានភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នារាប់ពាន់ឆ្នាំដែលផ្តល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង ២។
លោកស្រីថ្លែងថា៖ «ប្រទេសឥណ្ឌា និងកម្ពុជា កំពុងធ្វើការទៅលើចំណុចចាប់ផ្តើមជាប្រវត្តិសាស្ត្រថ្មីក្នុងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដូចដែលយើងបានដឹងហើយថា ប្រទេសឥណ្ឌាបានលេចចេញជារស្មីនៃក្តីសង្ឃឹមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ»។
ឯកអគ្គរដ្ឋទូតរូបនេះរំឭកថា រដ្ឋាភិបាលឥណ្ឌាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដ៏សំខាន់ស្តីពីការអភិរក្សជីវចម្រុះ និងការគ្រប់គ្រង និងការអភិរក្សសត្វព្រៃប្រកបដោយនិរន្តរភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយភាគីទាំង ២ បានឯកភាពគ្នាក្នុងកិច្ចសហការខាងផ្នែកប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងការបំពុលបរិស្ថាន និងការគ្រប់គ្រងកាកសំណល់។
លោកស្រី Devayani បានថ្លែងថា៖ «ប្រទេសទាំង ២ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការជួយសង្គ្រោះ និងអភិរក្សបរិស្ថាន និងសត្វព្រៃ។ ឥណ្ឌា និងកម្ពុជាជឿជាក់លើការធ្វើឱ្យមានតុល្យភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពបរិស្ថាន និងការអភិវឌ្ឍ»។
លោកស្រីបានបន្ដថា ស្ថានទូតឥណ្ឌា និងក្រសួងបរិស្ថានបានធ្វើការរួមគ្នាសម្រាប់គម្រោងផលប៉ះពាល់រហ័សសម្រាប់ការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការផ្គត់ផ្គង់ទឹកខ្នាតតូច និងសមាហរណកម្មសន្តិសុខស្បៀង ហើយលោកស្រីសង្ឃឹមថា ឆ្នាំថ្មីនេះនឹងក្លាយជាឆ្នាំនៃការចងចាំសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំង ២។
លោក សៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងក្នុងពិធីដាំដើមកូនឈើនេះថា ការដាំកូនឈើនៅពេលនេះ គឺមានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅសម្រាប់ប្រារព្ធទិវាខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល ៧០ ឆ្នាំ រវាងកម្ពុជាឥណ្ឌា។ការដាំកូនឈើនេះបញ្ជាក់ឱ្យឃើញពីការស្រឡាញ់ និងជាអនុស្សាវរីយ៍ដ៏ល្អ និងជាប្រវតិ្តសាស្ត្រសម្រាប់ចំណងការទូតរវាងប្រទេសទាំង ២។
លោកបន្តថា ការដាំកូនឈើនេះក៏ជាការបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនឱ្យចូលរួមថែរក្សាការពារព្រៃឈើដើម្បីប្រែក្លាយឧទ្យានជាតិភ្នំគូលែនឱ្យរឹតតែមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិនិងជួយបង្កើនសោភណភាពនៅតាមដងផ្លូវឱ្យកាន់តែមានភាពស្រស់ស្អាត។
រដ្ឋលេខាធិការរូបនេះលើកឡើងថា ការដាំកូនឈើនេះក៏ជាការជំរុញការ អប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជាសាធារណៈអំពីប្រភេទរុក្ខជាតិក្នុងស្រុក ភាពសម្បូរបែប និងតម្លៃធនធានជីវចម្រុះ ដើម្បីជំរុញដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការការពារ អភិរក្ស និងដាំដើមឈើឡើងវិញ។
គួររំឭកថា កម្ពុជាឥណ្ឌា បានចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវចម្រុះ ការគ្រប់គ្រងសត្វព្រៃឈើដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រកនៅកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំង ២ លើកិច្ចការជំរុញការអភិរក្សជីវចម្រុះដោយផ្តោតលើការអភិរក្ស និងស្តារសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា៕