ភ្នំពេញៈ កិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ត្រូវបានកាកបាទក្រហមកម្ពុជា ចុះហត្ថលេខាជាមួយកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ក្នុងខេត្តចំនួន ៤។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ប្រចាំតំបន់អាស៊ី ស្តីពីកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។
នាឱកាសនោះលោកស្រី ពុំ ចន្ទីនី និងថ្នាក់ដឹកនាំសាខាចំនួន ៤ ខេត្ត គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន ត្បូងឃ្មុំ និងខេត្តកណ្តាលក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់ទទួលម៉ូតូ និងសម្ភារឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ផងដែរ។
លោកស្រីថ្លែងឱ្យដឹងផងដែរថា កាកបាទក្រហមហ្វាំងឡង់តែងតែឧបត្ថម្ភ គាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ ១៩៩០ មក។ តាមការសម្រេចរបស់លោស្រី ប៊ុន រ៉ានី ប្រធានកាកក្រហមកម្ពុជា កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋានដែលឧបត្ថម្ភដោយ DGECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ ជួយដល់កាកបាទក្រហមកម្ពុជា រយៈពេល ៣ ឆ្នាំ ចាប់ពី (ខែឧសភា ឆ្នាំ ២០២២ ដល់ខែមេសា ឆ្នាំ ២០២៥)។
បើតាមលោកស្រី ពុំ ចន្ទីនី កម្មវិធីនេះផ្តោតជារួមលើ៣ផ្នែក ក្នុងនោះរួមមាន៖ ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍន៍សាខា/អនុសាខាក្នុងខេត្តគោលដៅ ដើម្បីកសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងយេនឌ័រជាដើម។
លោកស្រីបន្តថា៖ «នេះគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្រឆ្នាំ ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ»។
លោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដែលបានឱ្យក្រុមការងារកាកបាទក្រហមហ្វាំងឡង់ បន្តការងារ និងសហការជាមួយកាកបាទក្រហមកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗជាមួយគ្នា ដោយប្រព្រឹត្តទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ។
បើតាមកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមលើកកម្ពស់នូវសកម្មភាពខាងលើនេះប្រកបដោយភាពរលូន ដែលមានការឧបត្ថម្ភពី DGECHO តាមរយៈ សហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ជួយដល់កាកបាទក្រហមកម្ពុជារួមមាន ទីស្នាក់ការកណ្តាល (នាយកដ្ឋានសុខភាព/ការិយាល័យសុខភាពគ្រាមានអាសន្ន ទទួលបានកុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីនធើ ស្គែនកូពី ១ គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ១ គ្រឿង កៅអីការិយាល័យ៤គ្រឿង ទូឯកសារ៣ជាន់ ៣ គ្រឿង។
ដោយឡែក ៤ សាខា ដែលជាសាខាគោលដៅ គឺសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលបានម៉ូតូ ៥ គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្គែន កូពី ១ គ្រឿង ម៉ាស៊ីនព្រីនធើ ៣ គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
សាខាខេត្តបន្ទាយមានជ័យម៉ូតូ ៥ គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្គែន កូពី ១ គ្រឿង ម៉ាស៊ីនព្រីនធើ ៣ គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ ចំណែកសាខាខេត្តប៉ៃលិន និងសាខាខេត្តត្បូងឃ្មុំ ទទួលបានម៉ូតូក្នុង ១ ខេត្ត ៤ គ្រឿង កុំព្យូទ័រយួរដៃ ៤គ្រឿង ម៉ាស៊ីនព្រីន ស្គែន កូពី ១ គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនដូចគ្នាផងដែរ។
តំណាងសាខាកាកបាទក្រហមកម្ពុជា ទាំង ៤ សាខានេះ បានថ្លែងអំណរគុណ ចំពោះកាកបាទក្រហមហ្វាំងឡង់ ដែលបានផ្តល់ជំនួយជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងការិយាល័យទាំងនេះ សម្រាប់ប្រតិបត្តិការការងារមនុស្សធម៌ក្នុងសហគមន៍របស់ខ្លួន ក្នុងយុគសម័យឌីជីថលនេះ និងបានប្តេជ្ញាបន្តខិតខំពង្រឹងការងារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង តបតាមការចង់បាន របស់កាកបាទក្រហមហ្វាំងឡង់៕