​ភ្នំពេញៈ ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បានលើកឡើង​ពី​សមិទ្ធផល នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន​ខ្វាត់ខ្វែង​នៅក្នុង​ខេត្ត​នេះ ខណៈ​នៅមុន​ពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​​ ២០២៣ ខេត្ត​នឹង​​ទទួលបាន​ការបើក​ការដ្ឋាន​ធ្វើ​ផ្លូវ​ថ្មី ៣ ​ខ្សែ​បន្ថែមទៀត ដែលជា​គម្រោង​កម្ចី​ពី​ធនាគារពិភពលោក (World Bank)​។​

​លោក វ៉ា ថន បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ភាពជោគជ័យ​រយៈពេល​ ៥ ​ឆ្នាំ របស់​រដ្ឋបាល​ខេត្តក្រចេះ​ដែល​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែមករា​។

​លោក​បញ្ជាក់ថា​៖ «​នេះ​ជា​គម្រោង​កម្ចី​ទេ មិនមែនជា​គម្រោង​ដែល​គេ​ធ្វើឱ្យ​ទេ គឺជា​កម្ចី​របស់​យើង​ដែល World Bank បានគេច​ពី​យើង​ប៉ុន្មាន​ឆ្នាំ​ហើយ​ចូលមក​វិញ គឺ​សុំឱ្យ​យើង​ខ្ចី​ក្នុង​អត្រា​ការប្រាក់​សម្បទាន មានការ​ប្រាក់​ទាប​ជាង​ខ្ចី​ធនាគារ​»​។

​កំណាត់​ផ្លូវ​ទាំង​៣​ខ្សែ​នេះ មាន​ទី ​១ ផ្លូវជាតិ​លេខ​ ៧ ប្រវែង ៣១,២៥ ​គីឡូម៉ែត្រ ពី​រង្វង់​មូល​ខ្លា​ស្ទុះ​ទី​រួម​ខេត្តក្រចេះ ទៅ​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ទី​២ ផ្លូវ​ខេត្ត​លេខ​ ៣៧៧ ពី​រង្វង់​មូល​ព្រា​បស ទី​រួម​ខេត្ត​ទៅ​ទីរួមស្រុក​សំបូរ ប្រវែង ៣៥,៥​ គីឡូម៉ែត្រ ដែលមាន​ស្ពាន ៩ កន្លែង​ប្រវែង​ ៤១៣ ​ម៉ែត្រ​។

​ចំណែក​ទី​ ៣ គឺ​ផ្លូវជាតិ ៣៧៧ អា ពី​រង្វង់​មូល​សណ្តាន់​ទៅ​ផ្លូវជាតិ​លេខ​ ៧ ប្រវែង​ ១៣,៥ ​គីឡូម៉ែត្រ​។ លោក​បាន​បញ្ជាក់ថា កំណាត់​ផ្លូវ​ទាំង​ ៣​ ខ្សែ​នេះ អាច​នឹង​បើកសម្ពោធ​ការដ្ឋាន​សាងសង់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដោយ​វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​។

​ពាក់ព័ន្ធ​នឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​លោក​អភិបាលខេត្ត​ក្រចេះ បាន​លើកឡើងថា ដោយមាន​ការវិនិយោគ​សាធារណៈ​ពី​រាជរដ្ឋាភិបាល ខេត្ត​បាននិងកំពុង​សាងសង់​ពង្រីក​ជួសជុល​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវលំ​ជនបទ រួមទាំង​ស្ពានថ្ម​ធំៗ ដែល​បាន​ធានា​ដល់​ការធ្វើដំណើរ​កាន់តែ​មាន​ភាពងាយស្រួល ទៅកាន់​គ្រប់​បណ្តា​ក្រុង ស្រុក ឃុំ​សង្កាត់​និង​ភូមិ ដោយ​ប្រទាក់ក្រឡា​គ្នា​ដល់​ជនបទ​ដាច់ស្រយាល​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទំនាក់ទំនង និង​ធ្វើដំណើរ និង​ការដឹកជញ្ជូន កសិផល និង​ផលិតផល​មកកាន់​ទីផ្សា​រ យ៉ាង​ឆាប់រហ័ស​។

​លោក វ៉ា ថន បន្តថា ខេត្តក្រចេះ​កំពុង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ពី​ស្រុក​ចិត្រ​បុរី ទៅ​ស្រុក​ព្រែក​ប្រសព្វ ប្រវែង ១ ៧៦១​ ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ក្នុង​ក្រុង​ប្រវែង ៣១,៦៩ ​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ២ ខែមករា ឆ្នាំ ២០២៣​។

​ដោយឡែក​ចំពោះ​ការសាងសង់​ផ្លូវលំ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ គឺ​ផ្លូវ​ដែល​សាងសង់​ក្រៅពី​ខេត្ត និង​ក្រុមប្រឹក្សាឃុំ បានធ្វើ គឺ​បាន ១ ៩៩៩​ គីឡូម៉ែត្រ ផ្លូវ​កៅស៊ូ​ប្រវែង ៨៥​គីឡូម៉ែត្រ​។

​លោក​បញ្ជាក់ថា​៖ «​ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏មាន​ធ្វើ​ផ្លូវ​កៅស៊ូ​ដែរ មាន​ផ្លូវ​ទទឹង ៥ ​ម៉ែត្រ និង​ផ្លូវ​ទទឹង ៦ ​ម៉ែត្រ ហើយ​បងប្អូន​ជិះ​ផ្លូវ​ខ្លះ​ជា​ផ្លូវ​របស់​គម្រោង​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ទេ​។ អ៊ីចឹង​ក្រៅពី​ផ្លូវលំ ក៏មាន​ផ្លូវ​ក្រាល​កៅស៊ូ​ដែរ​»​។

​អភិបាលខេត្ត​ក្រចេះ​បានឱ្យដឹង​ទៀតថា មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តក្រចេះ​ក៏បាន​កសាង​ស្ពានដែក​ចំនួន ៣​ កន្លែង គឺ ២២២ ​ម៉ែត្រ ស្ពានបេតុង ២៧ កន្លែង គឺ ៧៥១ ​ម៉ែត្រ​ផងដែរ​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ក្រសួង​សាធារណការ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ធ្វើ​មិន​ជាន់គ្នា​ទេ សូមបញ្ជាក់​ជូន​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ បំពេញបន្ថែម​នូវ​គម្រោង​ខ្វះខាត​នៅ​ទីជនបទ​ផ្ទាល់ ចំណែក​សាធារណ​ការយក​ផ្លូវធំៗ វែង​ខ្សែ​ជាប់​គ្នា ពី​ខេត្ត​ ១ ទៅ​ខេត្ត​ ១ ស្រុក ​១ ទៅ​ស្រុក ​១ ឃុំ​ ១ ទៅ​ឃុំ​ ១ ប៉ុន្តែ​អភិវឌ្ឍន៍ជនបទ យក​ពី​ឃុំ​ទៅ​ភូមិ​»​។

​លោក លឹម ជាវ​ហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តក្រចេះ បានឱ្យដឹងថា ក្នុង​ខេត្តក្រចេះ មាន​ផ្លូវ​ជនបទ​ទាំងអស់​ចំនួន ២៥៨​ ខ្សែ ប្រវែង​សរុប ២ ៣០០​ គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវ​ដែល​បាន​កែប្រែ​រួចរាល់​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ផ្លូវ​កៅស៊ូ បាន​ប្រមាណ ២ ១០០ គីឡូម៉ែត្រ នៅសល់​តិចតួច ដែលជា​ផ្លូវដី​នៅឡើយ​មាន​ប្រមាណ​ជិត​ ១០ ​ភាគរយ​ហើយ​ផ្លូវ​ទាំងនោះ ជា​ផ្លូវ​ដែល​មិនអាច​សាងសង់​បាន​ដោយសារ​ឆ្លងកាត់​តំបន់​ការពារ​។​

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បញ្ជា​ក់ថា​៖ «​ក្រៅពីនេះ​នៅមាន​សមិទ្ធផល​ដទៃទៀត ដូចជា​លូ​បេតុង យើង​ធ្វើបាន​សរុប​៤៣០​កន្លែង​ហើយ​កន្លងមក​យើង​បានធ្វើ​ការថែទាំ​ផ្លូវ​ទាំង​ខួប និង​ប្រចាំ​ដែល​ថែទាំ​ប្រចាំ យើង​ថែទាំ​បាន ៧៨០​ គីឡូម៉ែត្រ ថែទាំ​ខួប បាន ២២០ គីឡូ នេះ​ទាក់ទង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​»៕