ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំឱ្យសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ដែលទទួលបាននិទ្ទេសAត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ដើម្បីចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡាចុះថ្ងៃទី ៣១ ខែមករា បានឱ្យដឹងថា ក្រសួងនឹងរៀបចំពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣សម័យប្រឡងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ដែលទទួលបាននិទ្ទេស A នាថ្ងៃទី ២ ខែកុម្ភៈ ក្រោមអធិបតីភាពលោកហ៊ុន សែន។
ក្រសួងបានបញ្ជាក់ថា «ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងទទួលបានភាពជោគជ័យ អ្នកចូលរួមទាំងអស់ត្រូវទទួលបានការធ្វើតេស្តរហ័សរកជំងឺកូវីដ ១៩ ដោយក្រុមគ្រូពេទ្យនៅថ្ងៃទី ១ ខែកុម្ភៈ ដោយបញ្ជាក់លទ្ធផលអវិជ្ជមាន ត្រូវបិទ Sticker ដែលបញ្ជាក់ថា អវិជ្ជមានជំងឺកូវីដ ១៩»។
សេចក្តីណែនាំនេះបានបន្តថា អ្នកចូលរួមត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល ត្រូវពាក់បណ្ណសម្គាល់ពេលចូលរួមពិធី និងអង្គុយតាមប្លង់ដែលបានរៀបចំជូន ហើយអ្នកចូលរួមមិនអនុញ្ញាតឱ្យយកសាក់កាដូ ឬកាបូប ដបទឹក និងភេសជ្ជៈផ្សេងៗចូលក្នុងពិធី ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះដែលអាចបង្កហានិភ័យក្នុងពិធី ហាមចូលរួមពិធីក្នុងករណីធ្វើតេស្តវិជ្ជមានកូវីដ ១៩ ឬសង្ស័យថា មានអាការជំងឺកូវីដ ១៩ ហាមបង្កសំឡេងរំខានក្នុងអំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ធ្លាប់បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដែលទទួលបាននិទ្ទេស A នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សូមបញ្ជាក់ផងដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២២ មានសិស្សជាប់ចំនួន ៩០ ៩៥០ នាក់ ស្មើនឹង ៧២,៣៣ ភាគរយ ក្នុងនោះសិស្សនិទ្ទេស A ចំនួន ១ ០៤៩ នាក់,និទ្ទេសB ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន១ ៩ ០៥៣ នាក់, និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០ នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកោតសរសើរចំពោះសិស្សដែលបានប្រឡងជាប់អស់នេះ ជាពិសេសអ្នកដែលជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់នៅឆ្នាំ ២០២២ ដែលលោកនឹងជួបនៅថ្ងៃទី ២ ខែកុម្ភៈនេះ ផងដែរ៕