ភ្នំពេញៈ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញវិធានការណែនាំ ៤ ចំណុច ដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់ឱ្យយកចិត្តទុកដាក់សម្អាត និងធ្វើផ្លូវ ព្រមទាំងប្រុងប្រយ័ត្នការដុតភ្លើងក្នុងចម្ការកៅស៊ូ ដើម្បីបង្ការគ្រោះអគ្គិភ័យដែលនឹងអាចកើតមានជាយថាហេតុនៅក្នុងចម្ការកៅស៊ូ។
យោងលិខិតចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ស្ដីពី «វិធានការបង្ការអគ្គិភ័យ ក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក» អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា កត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹក បានចាប់ផ្តើមពីខែមករា រហូតដល់ចុងខែកុម្ភៈ។ ក្នុងអំឡុងពេលនេះ ការកាត់ឬដុតសម្អាតស្មៅ រុក្ខជាតិចង្រៃ រួមទាំងស្លឹកកៅស៊ូ ដែលជ្រុះនៅក្នុងចម្ការ អាចបង្កជាអគ្គិភ័យ ដែលអាចធ្វើឱ្យខូចខាតដល់ដំណាំកៅស៊ូ។
ដើម្បីបង្ការគ្រោះអគ្គិភ័យដែលនឹងអាចកើតមានជាយថាហេតុនៅក្នុងចម្ការកៅស៊ូ អគ្គនាយកដ្ឋានកៅស៊ូ បានធ្វើការណែនាំនូវវិធានការចំនួន ៤ ចំណុច ដែលរាប់បញ្ចូលទាំងបច្ចេកទេសនៃការកាត់ឬដុតសម្អាតស្មៅ រុក្ខជាតិចង្រៃ រួមទាំងស្លឹកកៅស៊ូដែលទុំជ្រុះ ដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព។ ជាលក្ខណៈបច្ចេកទេស ម្ចាស់ចម្ការត្រូវកាត់ស្មៅឬរុក្ខជាតិចង្រៃនៅជុំវិញចម្ការ និងតាមចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរ និងត្រូវប្រមូលទាំងស្លឹក កៅស៊ូដែលជ្រុះដាក់គរជាគំនរៗប្រវែង ២៥ ម៉ែត្រ ពីគ្នាតាមចន្លោះរងកៅស៊ូដាច់ៗពីគ្នា និងត្រូវដុត ១ គំនរម្ដងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់។
ការដុតសម្អាត គឺត្រូវដុតនៅពេលព្រឹកព្រលឹម និងបញ្ឈប់ការដុតនៅវេលាម៉ោង ៩ ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថា ភ្លើងពិតជារលត់អស់ ១០០ ភាគរយ ក្រោយពេលឈប់ដុត។ ក្នុងវិធានការណែនាំនោះ អគ្គនាយកដ្ឋានកៅស៊ូ បាន «ហាមដាច់ខាតការដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅវេលាយប់ និងមិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ ១០០ ភាគរយ ទើបបានប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរ ដែលអាចបង្កឱ្យភ្លើងឆេះខ្លាំងពិបាកគ្រប់គ្រង និងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ»។
បើតាមវិធានការណែនាំនោះ ការដុតស្លឹកកៅស៊ូ ត្រូវធ្វើឡើងជា ៣ ដំណាក់កាល។ ក្នុងនោះដំណាក់កាលដំបូង គឺត្រូវធ្វើឡើងនៅពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ៣០ ភាគរយ ខណៈដំណាក់កាលបន្ទាប់ត្រូវធ្វើឡើង នៅពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ៦០ ភាគរយ និងដំណាក់កាលចុងក្រោយ គឺនៅពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ១០០ ភាគរយ។
បន្ថែមពីលើនេះ លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដើម្បីឱ្យដំណាំកៅស៊ូ មានសុខភាពល្អ និងផ្ដល់ទិន្នផលខ្ពស់ប្រកបដោយគុណភាព ម្ចាស់ចម្ការត្រូវធ្វើការថែទាំទឹក ជី និងថ្នាំឱ្យបានត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស។
លោកបានបញ្ជាក់ថា៖ «ការប្រើថ្នាំលាបទៅលើដើមកៅស៊ូ ដែលមិនត្រឹមត្រូវ តាមបច្ចេកទេស គឺអាចឱ្យដើមកៅស៊ូងាប់បាន ឬមិនផ្ដល់ផលជាជ័រកៅស៊ូឡើយ»។
លោកបានបន្ថែមថា ជាលក្ខណៈបច្ចេកទេស ការប្រើថ្នាំលាបដើមកៅស៊ូ នៅកន្លែងដែលត្រូវចៀរយកជ័រ គឺត្រូវធ្វើឡើង ពី ៤ ទៅ ៨ ដង ក្នុង ១ ឆ្នាំ អាស្រ័យទៅតាមប្រភេទនៃពូជកៅស៊ូនីមួយៗ ជាពិសេស ប្រភេទពូជ PB2260 គឺមិនត្រូវលាបវាលើសពី ៤ ដងក្នុង ១ ឆ្នាំឡើយ៕