ភ្នំពេញៈ មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) របស់កូរ៉េ ជាអង្គការវេជ្ជសាស្ដ្រមិនរកប្រាក់ចំណេញ បានសហការជាមួយវេជ្ជបណ្ឌិតមកពីប្រទេសកាណាដា ទទួលការព្យាបាលជំងឺបបូរមាត់ឆែប ក្រអូមមាត់ និងរលាកស្លាកស្នាម ដោយឥតគិតថ្លៃទាំង ការពិនិត្យ និងព្យាបាល។
លោកនៅ មករា បុគ្គលិកផ្នែកផ្ដល់ព័ត៌មាននៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «នៅក្នុងខែកុម្ភៈនេះ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ មជ្ឈមណ្ឌល និងក្រុមគ្រូពេទ្យមកពីប្រទេសកាណាដា នឹងផ្ដល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺខាងលើ រួមទាំងបញ្ហាសម្លាកផ្សេងៗ»។
បើតាមសេចក្តីប្រកាសព័ត៌មាន មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយវេជ្ជបណ្ឌិត Woojung Kimដែលផ្ដល់ជំនួយផ្នែកវេជ្ជសាស្ដ្រប្រកបដោយស្ដង់ដាដល់ប្រជាជនកម្ពុជាខ្វះខាត។ មជ្ឈមណ្ឌលកូរ៉េមួយនេះ បានផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺជាង ៥ ម៉ឺននាក់ និងវះកាត់រាប់ពាន់នាក់ក្នុង ១ ឆ្នាំៗ។
អង្គការមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron(HMC) សហការ និងទទួលមូលនិធិនៃអង្គការ WITHHEBRON ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង សម្រាប់ប្រតិបត្ដិការទាំងនៅកម្ពុជា និងកូរ៉េ។
លោក នៅ មករា បានថ្លែងថា៖ «សូមអ្នកជំងឺដែលមានអាការខាងលើមកចុះឈ្មោះ និងទទួលការព្យាបាលតាមកាលបរិច្ឆេទខាងលើ។ ថ្វីដ្បិតតែចំពោះចំនួនអ្នកជំងឺមកទទួលការព្យាបាលមិនទាន់មានការកំណត់យ៉ាងណាក៏ដោយ ក៏អ្នកជំងឺគួរតែរួសរាន់»។
យោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) បានឱ្យដឹងថា អ្នកជំងឺត្រូវបានតម្រូវឱ្យផ្ដល់ព័ត៌មានត្រួសៗ ដូចជាអាយុ ភេទ រូបថតនៃដំបៅរួមទាំងសភាពបបូរមាត់ឆែប ក្រអូមមាត់ ឬរលាកស្លាកស្នាម។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ hebronshortterm@gmail.com ឬលេខទូរស័ព្ទ ០២៣ ៦៣ ៣៦ ១១៩។
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) ស្ថិតនៅផ្ទះលេខ ១០២ ផ្លូវ ៦៨ខេ រាជធានីភ្នំពេញ៕