ភ្នំពេញៈ លោក ​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​មន្ត្រី​ពាក់ព័ន្ធ បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ក្នុងពេល​ថ្មីៗ​កន្លងមកនេះ ដើម្បី​ដាក់ឱ្យ​ដំណើរការ ការដោះលែង​ដោយមាន​លក្ខខណ្ឌ ទោស​ការងារ​សហគម​ន៍ និង​ការផ្ទេរ​ទណ្ឌិត​ជនជាតិ​ថៃ និង​ជនជាតិ​ឡាវ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ មានការចូលរួម​ពីប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ព្រមទាំង មន្ត្រីរាជការ​ពាក់ព័ន្ធ​មួយចំនួន នៅ​ទីស្ដីការ​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​​ ៣១ ខែមករា ឆ្នាំ​ ២០២៣​។​

​លោក​ គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ កុម្ភៈ ឆ្នាំ ​២០២៣ ដោយបាន​ពន្យល់ថា ការដោះលែង​ដោយមាន​លក្ខខណ្ឌ​ គឺជា​ការដោះលែង​ទណ្ឌិត​មុន​រយៈពេល​កំណត់​មានន័យថា ទណ្ឌិត​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​មួយ​ហើយ​គាត់​នៅសល់​ទោស​ ១ ​ភាគ​ ៣ គឺ​គាត់​អាច​ស្នើសុំ​នៅក្រៅ​ពន្ធនាគារ​បាន ប៉ុន្តែ​បានន័យថា​គាត់​មិនទាន់​ត្រូវបាន​លើកលែងទោស​ទាំងស្រុង​ទេ ដែល​វា​ផ្ទុយ​ពី​ការលើកលែងទោស​។​

​លោក​ គឹម សន្តិភាព ថ្លែងថា​៖ «​ការលើកលែងទោស​មាន​ន័យ​ថា​ទោស​ដែល​នៅ​សេសសល់​ត្រូវបាន​រួច​ផុតពី​ការជាប់​ពន្ធនាគារ​តែម្តង​។ ដោយឡែក​ការលើកលែងទោស​ដោយមាន​លក្ខខណ្ឌ​គឺ​ទោស​ដែល​នៅសល់​ត្រូវ​យកទៅអនុវត្ត​នៅក្នុង​សហគមន៍​»​។​

​លោក​បញ្ជាក់ថា ការលើកលែងទោស​ដោយ​មាន​លក្ខខណ្ឌ​នេះ​មានន័យថា នៅពេលដែល​ទណ្ឌិត​ត្រូវបាន​គេ​សម្រេច​ដោះលែង​ដោយមាន​លក្ខខណ្ឌ គឺ​ចៅក្រម​នឹង​កំណត់​អំពី​ប្រភេទ​លក្ខខណ្ឌ​ទោស​ដែល​នៅសល់ ដូចជា​ពេល​ទណ្ឌិត​បាន​នៅក្រៅ​ពន្ធនាគារ​តើ​ត្រូវធ្វើ​អ្វីខ្លះ​? មាន​កាតព្វកិច្ច​ធ្វើ​អ្វីខ្លះ​?

​លោក សន្តិភាព ថ្លែងថា​៖ «​អ៊ីចឹង​ទណ្ឌិត​ម្នាក់​នោះ​ទោះបីជា​គាត់​បាន​នៅក្រៅ​ពន្ធនាគារ​ហើយ​ក្តី​ក៏​គាត់​មាន​កាតព្វកិច្ច​ធ្វើ​នូវ​អ្វី​ដែលជា​កាតព្វកិច្ច​ដែល​ចៅក្រម​បានដាក់​ឱ្យ​គាត់​។ ប៉ុន្តែ​បើ​នៅក្នុង​លក្ខខណ្ឌ​ដែល​គាត់​មិនបាន​អនុវត្តតាម​អ្វី​ដែលជា​កាតព្វកិច្ច​ដែល​ចៅក្រម​បានកំណត់​នោះទេ​គឺ​ចៅក្រម​មាន​សិទ្ធិ​ក្នុងការ​ដកហូត​យកមក​វិញ​នូវ​សេចក្តីសម្រេច​ដោះលែង​ដោយមាន​លក្ខខណ្ឌ បន្ទាប់មក​ត្រូវ​ចាប់ខ្លួន​ទណ្ឌិត​ម្នាក់​នោះ​មកឱ្យ​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​វិញ​ក្នុង​រយៈពេល​បន្តទៀត​ដែល​នេះ​ជា​ប្រភេទ​នៃ​ការដោះលែង​ដោយមាន​លក្ខខណ្ឌ​»​។​

​លោក គឹម សន្តិភាព បញ្ជាក់ថា មុននឹង​ក្រសួងយុត្តិធម៌​ដាក់ឱ្យ​ដំណើរការ​ប្រកាស​ទោស​ការងារ​សហគមន៍ គឺ​ត្រូវមាន​យន្តការ ត្រូវមាន​ការពិនិត្យ​វាយតម្លៃ​មួយ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ហើយ​អ្វីដែល​សំខាន់​គឺ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យល់ដឹង​អំពី​បញ្ហា​នេះ​សិន​ទើប​ការដាក់ឱ្យ​ដំណើរការ​យន្តការ​ការ​ងារ​សហគមន៍​នេះ​ដែល​ត្រូវបាន​ទទួលយក​ដោ​យស​ង្គ​ម​។ មានន័យថា​ទោស​ការងារ​សហគមន៍​គឺជា​ទោស​ដែល​ជំនួស​ឱ្យ​ពន្ធនាគារ​តែម្តង​។​

​លោក សន្តិភាព ថ្លែងថា​៖ «​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​គឺ​ក្រសួងយុត្តិធម៌​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ឈានទៅ​ដាក់ចេញ​នូវ​យន្តការ​នេះ​គឺពាក់ព័ន្ធ​នឹង​ការពិនិត្យ​វាយតម្លៃ​ហើយ​និង​ការពិនិត្យ​រៀបចំ​នូវ​យន្តការ​មួយ​ច្បាស់លាស់​។ ការរៀបចំ​បានច្បាស់លាស់​នេះ​ទើប​អាច​ធានាបាន​នូវ​ដំណើរការ​មួយ​ដែល​ប្រព្រឹត្តទៅ​បានល្អ​ហើយ​រលូន​ដែល​បម្រើ​នូវ​គោលដៅ​មួយ​គឺថា​អប់រំ​កែប្រែ​ទណ្ឌិត​នៅក្នុង​សហគមន៍ ពីព្រោះ​យើង​មើលឃើញថា​ការអប់រំ​កែប្រែ​មនុស្ស​មិនចាំបាច់​ទាល់តែ​យក​មនុស្ស​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ទើបបាន​ហៅថា​ជាការ​អប់រំ​កែប្រែ​នោះទេ​»​។​

​លោកថ្លែងថា មាន​ប្រទេស​ជាច្រើន​ហើយ​ដែល​គេ​បាន​អនុវត្ត​នូវ​របប​ការងារ​បែបនេះ​គឺ​រយៈពេល​នៅសល់​ណាមួយ​នៃ​ទោស​ឬមួយ​ក៏​ប្រភេទ​ទោស​ណាមួយ​គឺ​គេ​យក​ជន​នោះ​ទៅធ្វើ​ការអប់រំ​កែប្រែ​នៅក្នុង​សហគមន៍​តែម្តង ប៉ុន្តែ​ដើម្បី​ធ្វើបាន​គឺ​ត្រូវការ​រយៈពេល​មួយ​ដើម្បី​បង្កើត​រៀបចំ​នូវ​យន្តកា​រ​មួយ​ច្បាស់លាស់​ក៏ដូចជា​មានការ​យល់ដឹង​ទាំងអស់គ្នា​នៅក្នុង​សហគមន៍​លើ​បញ្ហា​នេះ​។​

​បើ​យោងតាម​ផេ​ច​ផ្លូវការ​របស់​ក្រសួងមហាផ្ទៃ​ផ្សាយ​កាលពី​ខែសីហា ឆ្នាំ​ ២០២២ លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែងថា ការដោះលែង​ដោយមាន​លក្ខខណ្ឌ​នេះ​គឺ​បាន​អនុវត្ត​ហើយ​តែ​ពាក់ព័ន្ធ​នឹង​ទោស​សហគមន៍​ដែលជា​បទល្មើស​ស្រាលៗ​បើ​ចាប់​មនុស្ស​ដាក់ពន្ធនាគា​រ​ទៅ​វា​នឹង​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ហើយ​រដ្ឋ​ជា​អ្នក​ចិញ្ចឹម​។​

​លោក​ថ្លែងថា​៖ «​ខាងមុខនេះ​យើង​នឹងសិក្សា​ពី​ទោស​សហគមន៍​នេះហើយ​ឈានទៅ​អនុវត្ត​»​។​

​លោក អំ សំអាត នាយក​ប្រតិបត្តិ​នៃ​អង្គការ​លីកាដូ ថ្លែងថា អង្គការ​បានស្នើ​សុំ​ជា​យូរ​មកហើយ​ទាក់ទង​ការដោះលែង​ជន​ជាប់ឃុំ​ដោយមាន​លក្ខខណ្ឌ និង​ការអនុវត្ត​ទោស​ការងារ សហគមន៍ នូវ​ទោស​ណា​ដែល​អាចអនុវត្ត​បាន​តា​ម​ក្រមព្រហ្មទណ្ឌ និង​លក្ខខណ្ឌ​ដែល​ច្បាប់​អនុញ្ញាត​ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៃ​ពន្ធ​គារ និង​ការកាត់បន្ថយ​បន្ទុក​ចំណាយ​រដ្ឋ ព្រមទាំង​កាត់បន្ថយ​ចំនួន​សម្រាប់​ជន​ជាប់ឃុំ​ដែលមាន​លក្ខខណ្ឌ​ដូចខាងលើ​។ ការអនុវត្ត​ការដោះលែង​ជន​ជាប់ឃុំ​ដោយមាន​លក្ខខណ្ឌ និង​ការអនុវត្ត​ទោស​ការងារ​សហគមន៍​នេះ​គួរ​អនុវត្ត​គ្រប់​សាលាដំបូង​រាជធានី​-ខេត្ត និង​តុលាការ​គ្រប់​ជាន់ថ្នាក់​។​

​លោក សំអាត ថ្លែងថា អង្គការ លីកាដូ សង្ឃឹមទុក​ជាមុន​ថា​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយមាន​លក្ខខណ្ឌ និង​ការអនុវត្ត​ទោស​ការងារ សហគមន៍​នឹង​ជំរុញ​ការអនុវត្ត ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ព្រមទាំង​អនុវត្ត​បានល្អ​របស់​សាលាដំបូង និង​តុលាការ​គ្រប់​ជាន់ថ្នាក់ ។​

​ដោយឡែក លោក សន្តិភាព ថ្លែង​ផងដែរ​ថា នៅក្នុង​កិច្ចពិភាក្សា របស់​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី ​៣១ ខែមករា ឆ្នាំ​ ២០២៣ ក៏មាន​កិច្ចពិភាក្សា​អំពី​ការផ្ទេរ​ទណ្ឌិត​ជនជាតិ​ថៃ​និង​ជនជាតិ​ឡាវ​ផងដែរ ព្រោះ​មាន​សំណើ​ពី​ខាង​ឯកអគ្គរាជទូត​ថៃ​និង​ឯកអគ្គរដ្ឋទូត​ឡាវ​ដូចគ្នា​ដែល​បានធ្វើ​សំណើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការស្នើ​សុំឱ្យ​មានការ​បញ្ជូន​ទណ្ឌិត​ទៅ​អនុវត្ត​ទោស​បន្ត​នៅក្នុង​ប្រទេស​របស់​ពួកគេ បានសេចក្តីថា បើ​ជនជាតិ​ថៃ​ត្រូវ​ទៅ​អនុវត្ត​ទោស​បន្ត​នៅ​ប្រទេស​ថៃ បើ​ទណ្ឌិត​ជា​ជនជាតិ​ឡាវ​ត្រូវអនុវត្ត​ទោស​បន្ត​នៅ​ប្រទេស​ឡាវ​។​

​លោកថ្លែងថា​៖ «​អ៊ីចឹង​យើង​នឹង​ប្រើប្រាស់​នូវ​យន្តការ​កិច្ចព្រមព្រៀង​ផ្ទេរ​អ្នកទោស​កម្ពុជា​ថៃ​និង​ឡាវ តាម​ការស្នើសុំ​នេះ​។ ប៉ុន្តែ​ក្រសួងយុត្តិធម៌​កំពុងតែធ្វើការ​ពិនិត្យមើល​គោលការណ៍​នៃ​ការបញ្ជូន​ទណ្ឌិត​ទៅឱ្យ​ទទួល​អនុវត្ត​ទោស​នៅ​ប្រទេស​សាមីខ្លួន​វិញ​នេះ​គឺមាន​លក្ខខណ្ឌ​គោលការណ៍​មួយ​ចង​គឺជា​គោលការណ៍​សកល និង​ការឯកភាព​របស់​សាមីខ្លួន​។ ​លុះណាតែ​សាមីខ្លួន គាត់​ឯកភាព​ថា​គាត់​យល់​ព្រមទៅ​អនុវត្ត​ទោស​នៅក្នុង​ប្រទេស​របស់គាត់​វិញ​នោះ​អាហ្នឹង​បាន​យើង​អាច​ចាប់ផ្តើម​ពី​ការបញ្ជូន​គាត់​ទៅវិញ​»​។ «​ប្រសិនបើ​សាមីខ្លួន​គាត់​បដិសេធ​គឺ​យើង​មិនអាច​ធ្វើការ​បញ្ជូន​គាត់​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​បានទេ​។​ការងារ​ទាំងនេះ​យើង​កំពុងតែធ្វើការ​ពិនិត្យមើល​លើ​ស្ថិតិ​រួម​រវាង​ទណ្ឌិត​ជនជាតិ​ថៃ និង​ជនជាតិ​ឡាវ​»​។

​លោក​ថា ក្រសួងយុត្តិធម៌​កំពុងតែធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​ពិនិត្យថា​តើ​ទណ្ឌិត​មាន​ប៉ុន្មាន​រូប​ដែល​កំពុង​អនុវត្ត​ទោស​ហើយ​មាន​ទណ្ឌិត​ប៉ុន្មាន​រូប​ដែល​ស្ម័គ្រចិត្ត​ក្នុងការ​ត្រឡប់​ទៅ​ទទួលទោស​បន្ត​នៅ​ប្រទេស​របស់ខ្លួន​វិញ​ដែល​មន្ត្រី​នឹង​ចុះ​ផ្ទាល់​តាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ណា​ដែលមាន​ទណ្ឌិត​ជា​ជនជាតិ​ថៃ និង​ជនជាតិ​ឡាវ​៕