ភ្នំពេញៈ សិស្សានុសិស្សចំនួន ២៣៩ ៨៦៣ នាក់ក្នុងរាជធានីភ្នំពេញនឹងទទួលបានការចាក់ដូសជំរុញចាប់ផ្តើមថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនាឆ្នាំ២០២៣នេះតាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។
យោងតាមក្រសួងអប់រំបានឱ្យដឹងថា កិច្ចប្រជុំស្ដីពីការត្រៀមចាក់វ៉ាក់សាំងដូសជំរុញជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្នុងរាជធានីភ្នំពេញត្រូវបានធ្វើឡើងនៅថ្ងៃទី៣ខែកុម្ភៈនេះ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងមានសមាជិកចូលរួមចំនួន ២៧០ នាក់។
តាមរយៈការចាក់វ៉ាក់ស៊ាំងលើកនេះនឹងមានសិស្សានុសិស្សចំនួន ២៣៩ ៨៦៣ នាក់ ដែលនឹងទទួលបានការចាក់ដូសជំរុញ ដែលនឹងចាប់ផ្តើមថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។
ការចាក់វ៉ាក់ស៊ាំងដូសជំរុញត្រូវបានធ្វើឡើងយោងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីបន្តរក្សានូវនិរន្តរភាពនៃដំណើរការប្រទេសជាតិប្រក្រតី និងការរស់នៅជាធម្មតាតាមប្រក្រតីភាពថ្មីរួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ៕