ភ្នំពេញៈ ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសកាលពីថ្ងៃទី ២ ខែកុម្ភៈថា៖ «លោកអ្នកអាចស្វែងរកទីតាំងច្រកចេញចូល និងទីតាំងទាំង ៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps»។
ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន ២ គឺទីតាំងកំពង់ស្ពឺ (K63) និងទីតាំងកំពង់សិលា (K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។
ក្រសួងសាធារណការ បានលើកឡើងថា៖ «ជាមួយនឹងសេវាកម្មនានាដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥ គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែ! ការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់»។
ជាមួយគ្នានេះ ក្រសួងសាធារណការបានជំរុញឱ្យអ្នកបើកបរ ចូលរួមគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕