
ការចាប់ត្រីនាពេលកន្លងទៅ។ រូបថត រដ្ឋបាលខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំៈ ពិធីចាប់ត្រីតាមបែបបុរាណ ដែលតែងតែមានអ្នកចូលរួមរាប់ម៉ឺននាក់ ក្នុងបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ។
លិខិតរដ្ឋបាលស្រុកមេមត់នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ បានជូនដំណឹងដល់ប្រជាពលរដ្ឋថា នៅថ្ងៃសៅរ៍ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន នឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតីភាពលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
ដំណើរការចាប់ត្រីតាមបែបបុរាណនេះនឹងការប្រើប្រាស់ឧបករណ៍សម្រាប់ចាប់ត្រី រួមមាន៖ អង្រុត ឈ្នាង ត្រក ក្លុះ ។ល។
រដ្ឋបាលស្រុកក៏បានឱ្យដឹងផងដែរថា បឹងត្រពាំងក្រមមានផ្ទៃជម្រាលប្រមូលទឹក ៣០ ហិកតា និងមានបឹងតូចៗ ២០ បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ។ រៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចម្អិនហូបជុំគ្នា ដែលជាទំនៀមទម្លាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ។
ជារៀងរាល់ឆ្នាំ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាភរិយា តែងតែដឹកនាំមន្ត្រីរាជការ អញ្ជើញទៅដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់ ចុះចាប់ត្រី យកមកចម្អិន ជួបជុំពិសាយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព៕