ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលបានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពលរដ្ឋប្រមាណ ១ ២០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង ៨ អគារ ដោយលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត។
អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនាថ្ងៃទី ៣ ខែកុម្ភៈបានថ្លែងប្រាប់ពលរដ្ឋនៅបុរីកីឡាថា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងដើម្បីជួយសម្រួលឱ្យបងប្អូន ទទួលបានកម្មសិទ្ធិស្របច្បាប់ លើចំណែកឯកជន នៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចសម្រាលបន្ទុកក្នុងការបង់ពន្ធអាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិខាងលើ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនចំនួន ១ ៣៩២ យូនីត នៃអគារបុរីកីឡាទាំង ៨ អគារ ពលរដ្ឋទាំងអស់ ប្រមាណជាង ១ ២០០ គ្រួសារ។
ក្នុងនោះក៏រួមមានការលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជនទាំងនេះ។ នេះបើយោងតាមក្រសួងព័ត៌មាន។
នេះជាការបង្ហាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអគារបុរីកីឡាទាំង ៨ អគារនេះ ដែលធ្វើឱ្យពួកគាត់សប្បាយរីករាយយ៉ាងខ្លាំង៕