អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើការបញ្ជាក់ជូនថា «ពានរង្វាន់មិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួន ក្នុងតុលាការរបស់ប្រទេសណាមួយឡើយ» ដោយបន្ថែមថា មធ្យោបាយស្របច្បាប់ គឺចូលរួមដំណើរការកាត់ក្តី និងមានភ័ស្តុតាងរឹងមាំ។ការបញ្ជាក់ជូននេះ ដើម្បីឆ្លើយតបទៅនឹងការសម្រេចរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានផ្តល់ពានរង្វាន់សិទ្ធិមនុស្សដល់ កញ្ញា ឈឹម ស៊ីថរ ដែលជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា ពានរង្វាន់ដ៏មានកិត្យានុភាពដែលផ្តល់ឱ្យកញ្ញា ឈឹម ស៊ីថរ គឺទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសកល និងសេរីភាពជាមូលដ្ឋាន។ ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ គឺជាអ្នកទី១ នៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ ។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្រសួងបានធ្វើការសង្កេតទៅលើការប្រកាសនាពេលថ្មីៗនេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានសម្រេចផ្តល់ពានរង្វាន់ដល់បុគ្គលល្មើសច្បាប់មួយរូប នៅក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ លើកឡើងថា ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនានិងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម។
ប្រភពដដែលបន្តថា ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះគឺជាសារជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា៖ «ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ ជាមួយភ័ស្តុតាងរឹងមាំ ដើម្បីដោះបន្ទុក នៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ»។
ក្រសួងការបរទេសឱ្យដឹងទៀតថា ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា «ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទ បណ្តោះអាសន្នបាន»។
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានថ្លែងដែរថា ពាក់ព័ន្ធករណីកញ្ញា ឈឹម ស៊ីថរ ជាប់ឃុំ វាជារឿងកាតព្វកិច្ចរបស់កញ្ញាជាមួយខាងតុលាការ ដែលវាមិនមែនជារឿងជាប់ពាក់ព័ន្ធជាមួយខាងរាជដ្ឋាភិបាលឡើយ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា៖«អាហ្នឹងជារឿងដាច់ដោយឡែកតើ ជារឿងផ្ទាល់ខ្លួនរបស់គាត់ និងរដ្ឋាភិបាលបរទេសនោះហើយ។ មិនមែនពាក់ព័ន្ធជាមួយគាត់ និងរាជរដ្ឋាភិបាលកម្ពុជា ឬគាត់ជាមួយនឹងតុលាការរបស់កម្ពុជានោះទេ ពីព្រោះករណីហ្នឹង គឺវាដាច់ដោយឡែកពីគ្នា»។
សូមជម្រាបថា កញ្ញាឈឹម ស៊ីថរ ជាប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួនរួមជាមួយនឹងថ្នាក់ដឹកនាំសហជីពរបស់ខ្លួនលើកទី១ កាលពីខែមករា ឆ្នាំ ២០២២ ក្រោមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីខែមីនា ឆ្នាំ ២០២២។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ កញ្ញាត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីសំណាក់នគរបាលអន្តោប្រវេសន៍ និងត្រូវបានឃុំខ្លួនជាលើកទី២ ក្រោយត្រឡប់មកពីប្រទេសអូស្ត្រាលី។ តុលាការបានសម្រេចឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ បណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) ដោយមូលហេតុល្មើសបម្រាមរបស់តុលាការដែលដាក់ស្ថិតក្រោមការត្រួតពិនិត្យ ហាមចេញក្រៅប្រទេស៕