កំពង់ស្ពឺៈ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២ កុម្ភៈបានបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយពីការបង្ការការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់ ការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរផ្លូវគោក នៅតាមគ្រឹះស្ថានសិក្សា ខណៈក្នុងថ្ងៃដដែលនេះ សមត្ថកិច្ចនៅទូទាំងប្រទេសបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនបានចំនួន៤៦នាក់។
បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សិក្ខាសាលានេះ ធ្វើឡើងដើម្បីអប់រំផ្សព្វផ្សាយដល់ក្រុមប្រឹក្សាយុវជន យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ និងនិស្សិត ដើម្បីឱ្យពួកគេក្លាយជាសិស្សបង្គោលប្រចាំគ្រឹះស្ថានសិក្សា ឬសម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់សិស្សដទៃ ក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដែលមានអ្នកចូលរួមចំនួន២៥៣នាក់។
សិក្ខាសាលានេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ។
«គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក !» វាគឺជាសារអប់រំ១របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចេញជារៀងរាល់ថ្ងៃនៅលើរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ស្តីពីតួលេខនៃការចាប់ឃាត់ខ្លួនជនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននៅទូទាំងប្រទេស។
នៅថ្ងៃទី២កុម្ភៈ ជនសង្ស័យចំនួន៤៦នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណីនៅទូទាំងប្រទេស។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់ រួមមាន ករណីជួញដូរមាន ១២ករណី ឃាត់ខ្លួនបានចំនួន ៣៦នាក់(ស្រី ៤នាក់) ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ខ្លួនបាន ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ខ្លួនបាន ៩នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកបានសរុបក្នុងថ្ងៃទី២ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ចំនួន ២០៣១,៤៩ក្រាម និង៣៨កញ្ចប់តូច និងមេតំហ្វេតាមីន(Wy) ចំនួន ០,៣៦ក្រាម៕