ភ្នំពេញៈ ក្រសួងយុត្តិធម៌នៅថ្ងៃទី ៣ ខែកុម្ភៈនេះ បានប្រកាសជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
ក្រសួងយុត្តិធម៌បានជូនដំណឹងដល់សាធារណជនថា ដើម្បីរួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានោះ ក្រសួងយុត្តិធម៌បាននិងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស។ ក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះតទៅ។
ការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ នឹងផ្តល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោសឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈកុំព្យូទ័រ ឬទូរសព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច។
ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលនេះ គឺតម្រូវឱ្យសាធារណជន ចូលទៅកាន់គេហទំព័ររបស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ប្រព័ន្ធAndroid ដោយអនុវត្តតាមការណែនាំ និងរបៀបប្រើប្រាស់ ដូចបានភ្ជាប់ជូននៅក្នុងកម្មវិធីនេះ។
ទន្ទឹមនឹងការដាក់ឱ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចអញ្ជើញមកបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ដូចបានអនុវត្តកន្លងមកផងដែរ៕