លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​ជំនួប​ជាមួយ​តំណាង​គណៈកម្មការ​អឺរ៉ុប (EU) នៅ​ទីស្តីការ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ បានស្នើ​ដល់​ស្ថាប័ន​នេះ ឱ្យ​ពិនិត្យ​ពិចារណា​លើ​បញ្ហា​ហិរញ្ញប្បទាន​ហិ​រញ្ញា​វត្ថុ ដែលជា​គន្លឹះ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។

​ការស្នើ​បែបនេះ ត្រូវបាន​លោក ឌិ​ត ទីណា បន្ថែមថា គឺ​ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ក្នុងនោះ​ត្រូវ​ពិនិត្យ​ទាំង​ការវិនិយោគ និង​ទីផ្សារ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម ពិសេស​ផ្តោតជាសំខាន់​លើ​គុណភាព​និង​តម្លៃ ជាជាង​បរិមាណ​។ លើសពីនេះ​ទៀត ត្រូវធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ផលិត ឬ​កសិករ​មើលឃើញ​ពី​តម្លៃ​ឬ​ផលចំណេញ​នៃ​ការមិន​ប្រើ​សារធាតុ​គីមី​លើ​ផលិតផល​កសិកម្ម​។

​បើតាម​ក្រសួងកសិកម្ម គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​លើ​អាទិភាព​សំខាន់ៗ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ស្រប​នឹង​កិច្ចសហប្រតិបត្តិការ​អា​ទិ​ភាព​របស់​សហភាព​អឺរ៉ុប និង​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​ក្នុង​វិស័យ​កសិកម្ម ដែល​ពេល​ថ្មីៗ​នេះ EU បាន​ពិគ្រោះ​យោបល់​ស៊ីជម្រៅ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ​របស់​ក្រសួង ដើម្បី​កំណត់​កិច្ចការ​ចម្បង​និង​អាទិភាព ដែល​ត្រូវអនុវត្ត​ក្នុង​រយៈពេល ៥​ឆ្នាំ​បន្ទាប់ សំដៅ​ជំរុញ​ការនាំចេញ​ផលិតផល​ដែលមាន​តម្លៃ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ​រួមមាន​សហភាព​អឺរ៉ុប និង​តំបន់​អាស៊ាន​ជាដើម​។​

​ដោយឡែក នៅក្នុង​ជំនួប​រវាង លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា ជាមួយ​លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន​ប្រចាំ​នៅ​កម្ពុជា លោក​ក៏បាន​ស្នើឱ្យ​ភាគី​ប៉ា​គី​ស្ថាន​ពិនិត្យ​លទ្ធភាព​បញ្ជូន​អ្នកជំនាញ​បណ្តុះ

​បណ្តាល​ភាសា​អង់គ្លេស​ក្នុង​វិស័យ​កសិកម្ម ដើម្បី​លើកកម្ពស់​សមត្ថភាព​ធ​ន​ធាន​មនុស្ស​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ​។

​ក្នុងជំនួប​នោះ លោក ឌិ​ត ទីណា បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន ដែល​លើកឡើង​អំពី​តម្រូវការ​នៃ​ផែនការ​ការងារ (Framework) ដើម្បី​ជា​ផ្លូវ​ដើរ​មួយ​ច្បាស់លាស់​ក្នុងការ​អនុវត្ត​ការងារ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នា​នារ​វាង​ប្រទេស​ទាំងពីរ​។

​បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការនាំ​ចូល​ជី​កសិកម្ម​ដែលមាន​គុណភាព​និង​តម្លៃ​ប្រកួតប្រជែង ពី​ប្រទេស​ប៉ា​គី​ស្ថាន​មកកាន់​ទីផ្សារ​កម្ពុជា​ផងដែរ​។ ដ្បិតតែ​ការនាំ​ចូល​ជី​ពី​ប៉ា​គី​ស្ថាន​ចូលមក​កម្ពុជា​អាចធ្វើ​បាន​តាម​យន្តការ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ភាគី​ទាំងពីរ​យល់ស្រប​គ្នា​ថា មានតែ​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ទាំងពីរ​ទេ ដែលជា​យន្តការ​អាចអនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​៕