ភ្នំពេញៈ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​ឱ្យ​ដឹង​ថា ការ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈោ្មះ ការ​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន ឈរ​ឈ្មោះ មានរយៈពេល ១៥ថ្ងៃ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ ២០២៣ និង​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ ២០២៣។

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា៖ «គណបក្ស​នយោបាយ​ ត្រូវ​ដាក់​ពាក្យ​សុំ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ពេល​ព្រឹក​ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ១១:៣០ នាទី និង​ពេល​រសៀល​ចាប់​ពី​ម៉ោង ១៤ ដល់​ម៉ោង ១៧:៣០ នាទី»។

ពាក្យសុំ​ចុះ​បញ្ជី​នេះ ផ្ដល់​ជូន​ដោយ​ឥតគិត​ថ្លៃ​ជូន​គណបក្ស​នយោបាយ​ដែល​មាន​បំណង ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ទីស្តីការ គ.ជ.ប រៀងរាល់​ម៉ោង​ធ្វើការ ឬ​អាច​ទាញ​យក​ពី​គេហទំព័រ​របស់ គ.ជ.ប www.nec.gov.kh ។ ពាក្យសុំ​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​គណបក្ស​នយោបាយ ឬ​ តំណាង​ដែល​បាន​ទទួលការ ផ្ទេរ​សិទ្ធិ​ជា​លាយលក្ខណ៍​អក្សរ​ពី​ប្រធាន​គណបក្ស​នយោបាយ​នោះ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ការ​ផ្ទេរសិទ្ធិ​បន្ត​ត្រូវ​មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ប្រធាន​គណបក្ស​នយោបាយ។ ពាក្យ​សុំ​ចុះ​បញ្ជីគណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចមាន​ក្នុង​ទម្រង់​បែបបទ​លេខ ១០០៨។

គជប បាន​ឱ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ ២០២៣ មាន ២ របៀបគឺ គណបក្ស​នយោបាយ​អាច​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ ២០២៣ គឺ​ធ្វើ​ដោយដៃ។

គណបក្ស​នយោបាយ​អាច​ស្នើសុំ​បង្កើត​គណនី​ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ការ​ចុះ​បញ្ជី គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ ២០២៣ ដើម្បី​រៀបចំ​បញ្ជី​បេក្ខជន ឈរ​ឈ្មោះ​តាមកម្មវិធី។

គណបក្ស​នយោបាយ​ដែល​មាន​បំណង​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តាម​កម្មវិធី​ត្រូវ​ដាក់​ពាក្យ ស្នើសុំ​បង្កើត​គណនី​មក គ.ជ.ប ដោយ​ត្រូវភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ ដូចជា ពាក្យ​ស្នើសុំ​បង្កើត​គណនី​គណបក្ស​នយោបាយ លិខិត​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​គណនី​គណបក្ស​នយោបាយ (ប្រសិនបើមាន) សេចក្ដី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ឈ្មោះ​គណបក្ស​នយោបាយ​ជា​អក្សរពេញ អក្សរកាត់ និង​សញ្ញា​សម្គាល់ (Logo) គណបក្ស​នយោបាយ (ជាពណ៌ និងសខ្មៅ ដែល​មាន​ទំហំ​ធំ​បំផុត​ត្រឹម ៥ MB) ។

គជបបញ្ជាក់ថា៖ «ការ​ទទួល​ពាក្យ​សុំ​បង្កើត​គណនី​ប្រើប្រាស់ កម្មវិធី​គ្រប់គ្រង​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និងបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ ២០២៣ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ ២០២៣ និង​បញ្ចប់ត្រឹម​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ ២០២៣‍។ កម្មវិធី​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​នេះ ត្រូវ​បិទ​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ២០២៣»។

ប្រភព​ដដែល​បាន​បន្ត​ថា គណបក្ស​នយោបាយ​ដែល​បាន​រៀបចំ​បញ្ជី​បេក្ខជន​តាម​កម្មវិធី​រួច​ហើយ ត្រូវ​បោះពុម្ព​ចេញ​ពី​កម្មវិធី​នូវ​ឯកសារ​សម្រាប់​ភ្ជាប់​ជាមួយ​ពាក្យ​សុំ​ចុះ​បញ្ជី (ទ.១០០៨) ដូច​ខាងក្រោម៖ ទី១ បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ សរុប​ទូទាំង ប្រទេស​តាម​លំដាប់​អាទិភាព​ពី​ខ្ពស់​មក​ទាប។ ទី២ សេចក្តី​បញ្ជាក់​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ដើម្បី​យក​ទៅ​ឱ្យ​អាជ្ញាធរ​ឃុំ សង្កាត់ ធ្វើការ​បញ្ជាក់ (មិន​ត្រូវ​កោស ឬលុប) ។

គណបក្ស​នយោបាយ​ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ភ្ជាប់​ជាមួយ ទ.១០០៨ ដើម្បីយក ទៅ​ដាក់​នៅ គ.ជ.ប តាម​កាល​បរិច្ឆេទ​នៃការ​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ៕