ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា ការ​ប្រគល់​ជូន​ប្រព័ន្ធ​ស្រោចស្រព​ដល់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ ពី​សំណាក់​ក្រុមហ៊ុន កូកា-កូឡា​កម្ពុជា ជា​ការ​រួម​ចំណែក​ដល់​និរន្តរភាព​ភាព​ធន់​នឹង​អាកាសធាតុ និង ការ​កសាង​អនាគត​រួមគ្នា កាន់តែ​ប្រសើរ​សម្រាប់​សហគមន៍​មូលដ្ឋាន។

លោក​បាន​ឱ្យ​ដឹង​បែបនេះ​ក្នុង​ពិធី ប្រគល់ - ទទួល អំណោយ​ប្រព័ន្ធ​ស្រោចស្រព​ដល់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​រួម​ជាមួយ​សមាជិក​សហគមន៍​មូលដ្ឋាន និង​ក្រុមការងារ​មកពី ក្រុម​ហ៊ុនកូកា-កូឡាកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

លោកថ្លែងថា៖ «ក្នុងនាម​ក្រសួង​បរិស្ថាន ខ្ញុំ​សូម​ថ្លែង​អំណរគុណ ចំពោះ​ក្រុមហ៊ុន កូកា-កូឡា​កម្ពុជា ដែល​បាន​ចូលរួម​ជាមួយ ក្រសួង​បរិស្ថាន​ក្នុង​កិច្ច​ការពារ​ធម្មជាតិ និង​បរិស្ថាន​តាម​រយៈការ​ផ្តល់​ប្រព័ន្ធ​ស្រោចស្រព​ថ្នាល​បណ្តុះ​កូនឈើ»។

លោកបន្តថា កូនឈើ​ដែល​បណ្តុះ​បាន​នឹង​ត្រូវ​ចែក​ជូន​ដល់​អាជ្ញាធរ បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​ដើម្បី​យក​ទៅ​ដាំ​នៅ​តាម​សហគមន៍ និងជាពិសេស ដើម្បី​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​កាន់​តំបន់​ខ្នងផ្សារ ចូលរួម​ដាំ​បង្កើត​ភាព​បៃតង ក្រោម​ទិស​ស្លោក «ទេសចរ​ម្នាក់ ដើមឈើ​មួយដើម»។

ប្រភព​ដដែល​បន្ត​ថា កម្ពុជា​បាន​ស្ថិត​ក្នុង​របត់ថ្មី​មួយ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​អភិរក្ស​តាម​រយៈការ​លក់​ឥណទាន​កាបូន និងទេសចរណ៍​ធម្មជាតិ។ ទេសចរណ៍​ធម្មជាតិ​ដែល​កំពុង​ផ្តល់​ចំណូល​ដល់​ប្រជាសហគមន៍​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា។

ប្រព័ន្ធ​ស្រោចស្រព​ដែល​បាន​ប្រគល់​ជូន ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​នេះ គឺជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ​ដែល​មាន​ម៉ាស៊ីនបូមទឹក​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ (សូឡា) និង ទុយោទឹក​ដែល​រំពឹងថា នឹង​បង្កើន​អត្រា​ប្រជែង​រស់​សម្រាប់​កូនឈើ​ដែល​ចាប់​ពន្លក​ថ្មី​ចំនួន ៤០ ០០០ដើម នៅក្នុង​ឧទ្យានជាតិ​ក្នុង​រយៈកាល ៤ឆ្នាំ​ខាងមុខ។

លោកថ្លែងថា៖ «កូនឈើ​ទាំង​នេះ នឹង​ត្រូវ​យក​ទៅ​ដាំ​នៅ​ទីតាំង​ចាំបាច់​នានា ដែល​អាជ្ញាធរ ឧទ្យានជាតិ​ជា​អ្នក​កំណត់ ដែល​ជា​វិធានការ ដ៏សំខាន់​មួយ​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ»។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ចីរភាព​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​ថ្លែងថា៖ «នៅក្រុមហ៊ុន កូកា-កូឡា យើង ប្តេជ្ញា​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​ប្រគល់​ប្រព័ន្ធ ស្រោចស្រពនេះ គឺជា​ឧទាហរណ៍​ជាក់ស្តែង មួយ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ការកាត់​បន្ថយ​ឧស្ម័ន​កាបូនិក​របស់​ក្រុមហ៊ុន​យើង ការការពារជីវចម្រុះ និងការកសាងភាពធន់នឹង អាកាសធាតុ»។

កញ្ញាបន្តថា ក្នុង​គម្រោង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ឆ្នាំ ២០២១ ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ក្រោម​ការ​សហការ ជាមួយ​អាជ្ញាធរជាតិ​អប្សរា បាន​ប្រគល់​អណ្តូង ទឹក​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ សម្រាប់​ស្រោចស្រព​កូនឈើ​និង​សួន​បៃតង​នៅ​តំបន់ អង្គរ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​លាងដៃ ស្រុក អង្គរធំ ខេត្តសៀមរាប។

ក្រៅពី​សកម្មភាព​ទាក់ទង​នឹង​អាកាសធាតុ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក៏​បាន​ធ្វើ​កិច្ចការ ដើម្បី​ផ្តល់​ជូន​ទឹក​ស្អាត​ដល់​សហគមន៍ មូលដ្ឋាន​ផងដែរ​តាម​រយៈគម្រោង​ដំឡើងប៉ម ចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីន លាងសម្អាតបន្ទប់ទឹក AquaSan របស់ខ្លួន ក្រោមកិច្ចសហការជាមួយមូលនិធិ Planet Water។ ក្រុមហ៊ុន នឹងដំឡើងប៉មចម្រោះទឹកស្អាត និងផ្តល់ជូនម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan AquaTowers ទី៤៣ និងទី៤៤ ក្នុងពេលឆាប់ៗនេះ នៅក្នុងពិធីមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ប៉មចម្រោះទឹកស្អាត AquaTower និង ម៉ាស៊ីនលាងសម្អាត បន្ទប់ទឹក AquaSan ចំនួន៤២ ឈុត ដែលបានផ្តល់ជូនសហគមន៍នាពេលកន្លងមក កំពុងផ្តល់ជូនទឹកស្អាតដល់ប្រជាជនជាង ៧៣ ០០០ នាក់។

ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាចិត្ត សម្រេចឱ្យបាន គោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ២៥% នៅត្រឹម ឆ្នាំ២០៣០ និងមានគោលដៅសម្រេចឱ្យបាន ការបំភាយឧស្ម័នកាបូនិចសូន្យ នៅត្រឹម ឆ្នាំ២០៥០។ ក្រុមហ៊ុនសម្រេចបានគោលដៅ ឆ្នាំ២០២០ របស់ខ្លួនជាមួយនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិចរបស់ខ្លួន ចំនួន ២៥% នៅដំណាច់ឆ្នាំ២០២០ ធៀបនឹង ទិន្នន័យគោល នៅឆ្នាំ២០១០៕