ភ្នំពេញៈ មន្ត្រីឧទ្យានុរក្ស សំដៅលើអ្នកដែលមានតួនាទីក្នុងការការពារព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ របស់កម្ពុជា នៅតាមតំបន់ការពារអភិរក្សនានា។ ដើម្បីបំពេញតួនាទីឱ្យបានគ្រប់ជ្រុងជ្រោយ ពួកគេត្រូវចុះតាមដាន ល្បាតព្រៃជាប្រចាំ ដែលក្នុងនោះពួកគេក៏អាចប្រឈមមុខនឹងបទល្មើសព្រៃឈើផងដែរ។
នៅកម្ពុជា ឧទ្យានុរក្សមានចំនួន ១ ២០០នាក់ ប៉ុន្តែដោយឡែក ឧទ្យានុរក្សដែលជាស្ត្រីមានត្រឹមតែ ៤២នាក់ ប៉ុណ្ណោះនៅទូទាំងប្រទេស។ ចំនួនស្ត្រីដ៏តិចតួចនេះ ក៏ព្រោះតែ នេះជាការងារដែលប្រឈមនឹងគ្រោះថ្នាក់ ព្រមទាំងជាការងារដែលត្រូវប្រើកម្លាំងសម្រាប់ការដើរល្បាតតាមព្រៃទៀតផង។
ខុសពីស្ត្រីផ្សេងទៀត ដែលនៅផ្ទះ មើលថែកូន ឬធ្វើការងារក្នុងម៉ាស៊ីនត្រជាក់ អ្នកស្រី ម៉ុន ភ័ស្ត បានសម្រេចចិត្តជ្រើសរើសបំពេញការងារជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវហត់ស្ទើរមិនលស់ថ្ងៃ។ បើទោះបី ខ្លួនជាស្ត្រីក៏ពិតមែន ប៉ុន្តែទឹកចិត្តក្នុងការបំពេញការងារ អ្នកស្រីតែងតែមានជានិច្ច ជាពិសេសគឺឆន្ទៈក្នុងការការពារធនធានធម្មជាតិកម្ពុជាឱ្យគង់វង្ស។
១៥ថ្ងៃ ក្នុង១ខែ អ្នកស្រី និងក្រុមការងារផ្សេងទៀត ត្រូវចុះល្បាតតាមតំបន់ផ្សេងៗ ជុំវិញដែនសមត្ថកិច្ចរបស់ខ្លួន ដែលស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញកណ្ដាល ក្នុងខេត្តពោធិ៍សាត់ ដែលក្នុងការចុះល្បាតម្ដងៗ អ្នកស្រីត្រូវបំពេញកាតព្វកិច្ចជាស្ត្រីមេផ្ទះផង និងជាមន្ត្រីឧទ្យានុរក្សផង។
ជាមេផ្ទះ ព្រោះអ្នកស្រីជាអ្នករៀបចំម្ហូបអាហារ សម្ភារសម្រាប់ក្រុមទាំងមូលដែលមានសមាជិក ១០នាក់ រីឯកាតព្វកិច្ចជាមន្ត្រីឧទ្យានុរក្ស អ្នកស្រីត្រូវជិះម៉ូតូផ្លូវឆ្ងាយ ដើរលុកលុយព្រៃ និងដើរផ្សព្វផ្សាយពីការការពារព្រៃឈើទៅដល់ប្រជាជនដែលរស់នៅក្នុងតំបន់ជាដើម។
ជាស្ត្រីតែម្នាក់នៅក្នុងក្រុម តែមិនបានធ្វើឱ្យអ្នកស្រីរួញរាក្នុងការបំពេញការងារនោះឡើយ ផ្ទុយទៅវិញ អ្នកស្រីតែងមានចិត្តអំណត់ ព្យាយាម និងប្រកាន់ភ្ជាប់នូវពាក្យ ១ឃ្លាថា «បុរសធ្វើបាន ស្ត្រីក៏ធ្វើបានដូចគ្នា»។
ស្ត្រីវ័យ ៣៧ឆ្នាំរូបនេះបានរៀបរាប់ថា ៖ «ការងារនេះមិនស្រួលទេ បើធ្វេសប្រហែសតែបន្តិច អាចនឹងប៉ះពាល់ដល់អាយុជីវិតក៏អាចថាបានដែរ ប៉ុន្តែខ្ញុំសំណាងដែរដែលបានក្រុមការងារគាត់យកចិត្តទុកដាក់ ជួយសម្រួលការងារល្បាតមួយចំនួន ដូច្នេះពួកយើងមានការសាមគ្គីគ្នាល្អ»។
បើតាមការរៀបរាប់បន្ថែមរបស់អ្នកស្រី ម៉ុន ភ័ស្ត បទល្មើសព្រៃឈើជាប្រភេទបទល្មើសដែលអ្នកស្រី និងក្រុមការងារ ធ្លាប់បានជួបប្រទះ ដែលករណីនោះគឺ ម៉ូតូជាច្រើនគ្រឿងកំពុងដឹកឈើដែលបានកាប់ ជញ្ជូនចេញពីព្រៃ។ អ្វីដែលគ្រោះថ្នាក់គឺ ជនបង្កទាំងនោះមានអាវុធការពារខ្លួន ហើយដែលអាចតដៃបានគ្រប់ពេល ប្រសិនបើមន្ត្រីឧទ្យានុរក្សមានគ្នីគ្នាតិច និងមិនឆាប់រកដំណោះស្រាយ។
អ្នកស្រីគូសបញ្ជាក់ថា ៖ «ខ្ញុំអាចជ្រើសរើសធ្វើការងារផ្សេងបាន ប៉ុន្តែខ្ញុំជ្រើសរើសធ្វើការងារនេះដោយសារតែខ្ញុំស្រឡាញ់ និងចង់មានចំណែកក្នុងការការពារធនធានធម្មជាតិជូនប្រជាជនយើង ជាពិសេសក្មេងជំនាន់ក្រោយ»។
ក្រៅពីការដើរល្បាតព្រៃ អ្នកស្រីក៏ជាម្ដាយ ១រូបផងដែរ ដែលសព្វថ្ងៃអ្នកស្រីមានកូនចំនួន ២នាក់ផ្ញើនៅនឹងម្ដាយជួយមើលថែ ដែលយូរៗម្ដង អ្នកស្រី និងស្វាមីឆ្លៀតពេលទៅលេងកូន២-៣ថ្ងៃ ទើបត្រឡប់មកធ្វើការងារវិញ។
សម្រាប់អ្នកស្រី ម៉ុន ភ័ស្ត វាក៏មិនមែនជារឿងងាយស្រួលដែរ ក្នុងការដែលត្រូវចាកឆ្ងាយចោលកូនតូចៗ មកថែរក្សាព្រៃជូនជាតិមាតុភូមិ។
អ្នកស្រី ម៉ុន ភ័ស្ត បានប្រាប់ថា ៖ «ពេលខ្លះក៏គិតដែរថា ខ្លួនឯងអាចបំពេញកាតព្វកិច្ចជាអ្នកការពារព្រៃបាន តែបែរជាមិនអាចបំពេញតួនាទីជាម្ដាយដ៏ល្អម្នាក់បានទៅវិញ»។
ទាំងនេះសុទ្ធសឹងជាឧបសគ្គធំៗសម្រាប់អ្នកស្រី ហើយទាំងនេះផងដែរ ទំនងជាមូលហេតុដែលមន្ត្រីឧទ្យានុរក្សជាស្ត្រីមានតិចតួច ប៉ុន្តែយ៉ាងណាក្ដីអ្នកស្រីក៏នៅបន្តបំពេញការងារ ជម្នះនូវឧបសគ្គទាំងឡាយ ដើម្បីប្រយោជន៍រួមមួយ។
អ្នកស្រី ម៉ុន ភ័ស្ត ៖ «ការងារដែលខ្ញុំធ្វើនេះ វាមានប្រយោជន៍ច្រើនដល់ជាតិយើងទាំងមូល វាក៏ជាការរក្សាធនធានទុកឱ្យកូនខ្មែរយើងជំនាន់ក្រោយបានស្គាល់ដែរ...ហើយកូនៗខ្ញុំក៏ជាអ្នកជំនាន់ក្រោយដែរ អ៊ីចឹងហើយវាក៏មិនខុសពីការជួយពួកគេដែរ»។
មិនថាយ៉ាងណាក៏ដោយ អ្នកស្រីនៅតែជម្នះធ្វើការជូនជាតិ រក្សាព្រៃឈើ រក្សាសត្វព្រៃ រក្សាដែនអភិរក្ស ឱ្យគង់វង្ស ឱ្យសមជាប្រទេសដែលមានអំណោយផលធនធានធម្មជាតិ៕