ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.បានឱ្យដឹងថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺមានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា និងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា៖«គណបក្សនយោបាយត្រូវដាក់ពាក្យសុំនៅរៀងរាល់ម៉ោងធ្វើការពេលព្រឹកចាប់ពីម៉ោង៧ ដល់ម៉ោង ១១:៣០ នាទី និងពេលរសៀលចាប់ពីម៉ោង១៤ ដល់ម៉ោង ១៧:៣០នាទី»។
ពាក្យសុំចុះបញ្ជីនេះផ្ដល់ជូនដោយឥតគិតថ្លៃជូនគណបក្សនយោបាយដែលមានបំណងចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅទីស្តីការគ.ជ.ប.រៀងរាល់ម៉ោងធ្វើការឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh ។ ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនោះ ។
ប្រភពដដែលបានឱ្យដឹងថា ការផ្ទេរសិទ្ធិបន្តត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីប្រធានគណបក្ស។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ ១០០៨។
គ.ជ.ប បានឱ្យដឹងទៀតថា ការរៀបចំចុះបញ្ជីនេះមាន២របៀប គឺគណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺធ្វើដោយដៃ និង១ទៀត
គណបក្សនយោបាយអាចស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះតាមកម្មវិធី។
គណបក្សដែលមានបំណងរៀបចំបញ្ជីបេក្ខជនឈរឈ្មោះតាមកម្មវិធីត្រូវដាក់ពាក្យស្នើសុំបង្កើតគណនីមកគ.ជ.បដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចជា ពាក្យស្នើសុំបង្កើតគណនីគណបក្សនយោបាយ លិខិតផ្ទេរសិទ្ធិគ្រប់គ្រងគណនីគណបក្សនយោបាយ (ប្រសិនបើមាន) សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់(Logo)គណបក្សនយោបាយ(ជាពណ៌និងសខ្មៅ ដែលមានទំហំធំបំផុតត្រឹម ៥MB)។
គ.ជ.ប.បញ្ជាក់ថា «ការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ និងបញ្ចប់ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះនេះត្រូវបិទនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ »។
ប្រភពដដែលបានបន្តថា គណបក្សដែលបានរៀបចំបញ្ជីបេក្ខជនតាមកម្មវិធីរួចហើយ ត្រូវបោះពុម្ពចេញពីកម្មវិធីនូវឯកសារសម្រាប់ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជី(ទ.១០០៨)ដូចជា៖ទី១ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សរុបទូទាំងប្រទេស តាមលំដាប់អាទិភាពពីខ្ពស់មកទាប។ ទី២ សេចក្តីបញ្ជាក់ពីការចុះឈ្មោះបោះឆ្នោតរបស់បេក្ខជនក្នុងបញ្ជីបោះឆ្នោតផ្លូវការ ដើម្បីយកទៅឱ្យអាជ្ញាធរឃុំ សង្កាត់ បញ្ជាក់ (មិនត្រូវកោសឬលុប) ។
ជាមួយនេះដែរគណបក្សត្រូវរៀបចំសំណុំឯកសារពាក់ព័ន្ធសម្រាប់ភ្ជាប់ជាមួយ ទ.១០០៨ដើម្បីយកទៅដាក់នៅ គ.ជ.ប តាមកាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជីនេះ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិច បានឱ្យដឹងនៅថ្ងៃទី៥ កុម្ភៈថា តាមគោលការណ៍រួមរបស់គណបក្ស ហ៊្វុនស៊ិនប៉ិចក្រោមព្រះកិច្ចដឹកនាំព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សគឺតែងគោរពតាមការណែនាំ នីតិវិធី បទបញ្ជា ដែលគ.ជ.ប.បានដាក់ចេញជានិច្ច។
លោកបញ្ជាក់ថា៖«គណបក្សហ៊្វុនស៊ិនប៉ិច នឹងដាក់បេក្ខជនឈរឈ្មោះគ្រប់បណ្តារាជធានី ខេត្ត ដោយជ្រើសរើសបេក្ខជនមានសក្កានុពលប្រជាប្រិយភាពដើម្បីទាក់ទាញការគាំទ្រ។ចំពោះនីតិវិធីនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ពុំមានបញ្ហាអ្វីឡើយ សម្រាប់គណបក្ស ហ៊្វុនស៊ិនប៉ិច»។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈថា ក្រោយពីទទួលបានសេចក្តីជូនដំណឹងពីគ.ជ.ប.ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនកំពុងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមកាលបរិច្ឆេទរបស់គ.ជ.ប.។ យ៉ាងណាគណបក្សភ្លើងទៀននឹងពិនិត្យមើលខ្លឹមសារជូនដំណឹងពីគ.ជ.ប.នេះបន្ថែមទៀត។
លោកថ្លែងថា៖«ក្នុងរង្វង់ថ្នាក់ដឹកនាំយើងនឹងពិនិត្យមើលអំពីការជូនដំណឹងនេះ តើវាឆ្លើយតបទៅនឹងច្បាប់បោះឆ្នោត ទៅនឹងនីតិវិធី ស្តីពីការណែនាំពីរបៀបរបបការងារចុះបញ្ជីរបស់គ.ជ.ប.ដែរឬអត់ អាហ្នឹងយើងនឹងជូនព័ត៌មាននៅពេលក្រោយ»។
លោកបន្តថា ជាគោលការណ៍បើចូលរួមការបោះឆ្នោតដាច់ខាតត្រូវតែមានអ្នកការពារសន្លឹកឆ្នោតប្រកបដោយគុណភាព និងសេចក្តីក្លាហាន ហេតុនេះសម្រាប់គណបក្សភ្លើងទៀននឹងបណ្តុះបណ្តាលអ្នកសង្កេតការណ៍ហើយនិងដាក់ទៅតាមការិយាល័យដែលគ.ជ.ប.អនុញ្ញាត។
ទាក់ទងនឹងការដាក់និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ កាលពីថ្ងៃទី៣ ខែកុម្ភៈ គ.ជ.ប.បានជូនដំណឹង ថា គណបក្សនយោបាយដែលបានចុះបញ្ជីក្នុងមណ្ឌលបោះឆ្នោតរាជធានីខេត្តណាមួយមានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន១រូបនិងភ្នាក់ងារបម្រុង១រូបដើម្បីសង្កេតមើលការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតនិងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំសង្កាត់ ។
ប្រភពដដែលបានឱ្យដឹងទៀតថា កាលបរិច្ឆេទនៃការដាក់និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ។ ចំណែកកាលបរិច្ឆេទនៃការដាក់និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕