ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​កាកបាទក្រហមកម្ពុជា បាន​អំពាវនាវ​ដល់​បងប្អូន​រួម​ជាតិ ជាពិសេស​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ក្រោយពី​បាន​បើក​ប្រទេស​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ​។​

ការលើកឡើង​បែបនេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃ​៤ ខែកុម្ភៈ ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី «​រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​បរិ​យា​ប័ន្ន​សង្គម​» ជូន​ដល់​និស្សិត​ប្រមាណ ២០០​នាក់​រួមទាំង​ព្រះសង្ឃ ផងដែរ​នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ​ដើម្បី​ឈាន​ឆ្ពោះទៅ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៣​។​

លោកស្រី បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ថា ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ស្តីពី​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ដោយ​លោកស្រី​ក៏បាន​រំឭក​ពី​ខួបកំណើត​របស់​កាកបាទ​ក្រហម​កម្ពុជា ដែល​បាន​ចាប់បដិសន្ធិ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​១៩៥៥ ហើយ​ដែលជា​សមាជិក​ទី​៨៥ របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​។

ចំពោះ​ចលនា​អន្តរជាតិ​របស់​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​វិញ គឺ​បានកំណត់​យក​ថ្ងៃទី​៨ ខែឧសភា ជា​ថ្ងៃ​ខួបកំណើត​របស់លោក ហង់​រី ឌុយ​ណង់ ស្ថាបនិក​របស់​ចលនា ធ្វើជា​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ចាប់តាំងពី​ឆ្នាំ​១៨៦៣ រហូតមកដល់​ឆ្នាំ​២០២៣​នេះ គឺ​ខួប​ទី​១៦០​ឆ្នាំ​ហើយ​។​

លោ​ស្រី ម៉ែន នារី​សោ​ភ័គ មាន​ថ្លែងថា​៖ «​អត្ថន័យ​នៃ​ប្រធានបទ រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​បរិ​យា​ប័ន្ន​សង្គម មាន​គោលបំណង​សំខាន់​ជាច្រើន ដោយ​ក្នុងនោះ​ក៏​សូម​អំពាវនាវ​បងប្អូន​រួម​ជាតិ ជាពិសេស​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ក្រោយពី​បាន​បើក​ប្រទេស​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ​»​។​

អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​រូបនេះ ក៏បាន​លើកឡើង​ពី​គោលបំណង​បន្ត​ដោយ​ចង់​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​សំខាន់ៗ​ដែល​កាកបាទក្រហមកម្ពុជា​ស​ម្រេច​បាន ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍ ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​ជាស​កល​ជំងឺ​កូ​វីដ​១៩ និង​បង្ហាញ​ពី​សកម្មភាព​ចម្រុះ​ដូច​ភ្លៀងរលឹម​របស់​កាកបាទ​ក្រហម​កម្ពុជា ក្នុងការ​ចូលរួម​លើកកម្ពស់ បរិ​យា​ប័ន្ន​សង្គម​។​

លោកស្រី​ថា​៖ «​កាកបាទក្រហមកម្ពុជា​ប្តេជ្ញា ក្នុង​ការបន្ត​ចូលរួម​ដោះស្រាយ​ផលប៉ះពាល់​ជា​ប្រព័ន្ធ​ចាក់​ស្រែះ ដែល​កំពុងតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ទៅលើ​វិសមភាព ហើយ​ដែល​បច្ចុប្បន្ន​វិសមភាព នៅក្នុង​សង្គម​កាន់តែ​រីកធំឡើង​ថែមទៀត ដែល​ប្រការ​ទាំងនេះ បាននិងកំពុង​ធ្វើឱ្យ​ក្រុម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត កាន់តែ​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ រួមទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​»​។​

ទន្ទឹម​នឹង​នេះ ​លោក​ស្រី ​ម៉ែន​ នារី​សោ​ភ័គ ក៏បាន​គូស​បញ្ជាក់​ដែរថា ក្នុង​បរិបទ​របស់​កាកបាទ​ក្រហម​កម្ពុជា ក្រុម​គោលដៅ​នៃ​ការងារ​បរិ​យា​ប័ន្ន គឺជា​គ្រួសារ​ទទួលផល​ពី​កាកបាទ​ក្រហម​កម្ពុជា ​ក្នុងនោះ​មាន​អ្នក​ងាយ​រងគ្រោះ​បំផុត ដែល​សំដៅ​លើ ចាស់​ឥត​ទីពឹង ​ជនជាតិ​ភាគ​តិច​ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន ជន​មាន​ពិការភាព ​កុមារកំព្រា អ្នក​ផ្ទុកមេរោគ​អេដស៍​ អ្នករងគ្រោះ​ដោយ​អំពើហិង្សា​ រំលោភបំពាន​ ការរើសអើង​គ្រប់​ប្រភេទ​ជាដើម​។​

អ្នករងគ្រោះ​ដោយ​គ្រោះមហន្តរាយ​គ្រប់​ប្រភេទ ដូចជា អ្នករងគ្រោះ​ដោយ​គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ អ្នករងគ្រោះ​ដោយ​ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ រាំងស្ងួត គ្រោះថ្នាក់​ចរាចរណ៍ និង​សហគមន៍​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល ទទួលផល​ជា​អណ្តូង​ទឹកស្អាត កសាង​ភាព​ធន់​សហគមន៍​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​ពី​លោកស្រី ម៉ែន នារី​សោ​ភ័គ​។​

លោកស្រី ថ្លែងថា ៖ «​យើង​សង្ឃឹម​ជឿជាក់ថា ក្មួយៗ​ជា​យុវជន​នឹង​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ហើយ​ជាពិសេស​បងប្អូន​ជនរួមជាតិ និង​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ឆ្លើយតប​សេចក្តីត្រូវការ​ជា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត និង​អ្នករងគ្រោះ​ទាំងទ្បាយ ដើម្បី​បរិ​យា​ប័ន្ន​សង្គម មិន​ទុក​នរណាម្នាក់​ចោល និង​ដោយ​ពុំមាន​ការរើសអើង​ពូជសាសន៍ ជំនឿ​សាសនា និង​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​»​។​

យោងតាម​របាយការណ៍​របស់​កាកបាទក្រហម​កម្ពុជា បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២២ កន្លងទៅ កាកបាទក្រហមកម្ពុជា បាន​ជួយ​សម្រាល​ជីវភាព​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន ៧៣ ១៣៤ គ្រួសារ កសាង​ផ្ទះ​ចំនួន ១០៤ ខ្នង និង​បណ្តុះបណ្តាល​ជំនាញ និង​អប់រំ ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ផ្សេងៗ​បាន​រាប់សែន​គ្រួសារ​ផ្សេងទៀត​។

កាកបាទក្រហមកម្ពុជា បាន​ជួយ​ទៅដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ និង​ផ្ដល់​ស្បៀង​សម្រាល​ជីវភាព​របស់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត ចំនួន ១៨ ៥៣៩ គ្រួសារ សង់ផ្ទះ ១២ ខ្នង និង​ផ្តល់​ស័ង្កសី​ជួសជុលផ្ទះ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ១ ២២៥ គ្រួសារ​។​

របាយការណ៍​ដដែល​បាន​បន្តថា កាកបាទក្រហមកម្ពុជា បាន​ផ្តោតទៅលើ​វិស័យ​សំខាន់​អាទិភាព​ចំនួន ៤ សម្រាប់​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០៣០ ក្នុងនោះ​មាន វិស័យ​អាទិភាព​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ វិស័យ​អាទិភាព​សុខភាព និង​ការថែទាំ សុខភាព​ក្នុង​សហគមន៍ វិស័យ​អាទិភាព​លើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌​របស់​ចលនា និង​វិស័យ​អាទិភាព​ការអភិវឌ្ឍ​ស្ថាប័ន​។​

សូមបញ្ជាក់ថា ក្រោយពី​មានការ​បង្រួបបង្រួម​កា​ក​បាទ​ក្រហម​កម្ពុជា​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៤ ការរៀបចំ​ពិធី​អបអរ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ក្នុង​រូបភាព​ថ្នាក់ជាតិ និង​ទូទាំងប្រទេស ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ដំណាក់កាល​ដំបូង បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការផ្សព្វផ្សាយ​លើកកម្ពស់​កិត្តិនាម​សមាគមជាតិ​ឱ្យ​សាធារណមតិ​ជាតិ​-​អន្តរជាតិ បាន​ស្គាល់​កាកបាទក្រហមកម្ពុជា​ឡើងវិញ​។

សម្រាប់​ឆ្នាំ​២០២៣​នេះ ដើម្បី​អបអរ​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា កាកបាទក្រហមកម្ពុជា បានសម្រេច​បន្ត​ផ្អាក​ការ​ប្រារព្ធ​មិ​ទី្ទ​ង​ថ្នាក់ជាតិ ប៉ុន្តែ​នៅ​បន្ត​រក្សា​ការអំពាវនាវ​ឱ្យ​សប្បុរសជន​ចូលរួម​បរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​ដល់​កាកបាទក្រហមកម្ពុជា តាមរយៈ​ប្រធានបទ «​រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​បរិ​យា​ប័ន្ន​សង្គម​»៕