ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់សិស្សានុសិស្សស្រីឱ្យចូលរួមកម្មវិធីបណ្តុះបណ្តាល និងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍខ្លួនក្លាយជាសហគ្រិន និងអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាឌីជីថលនៅថ្ងៃអនាគត។
ការជំរុញ និងលើកទឹកចិត្តនេះ ធ្វើឡើងនាឱកាសលោកធ្វើជាអធិបតីក្នុងពិធីបើកជាផ្លូវការកម្មវិធីតិចណូវេសិន ២០២៣ (Technovation 2023) ដែលជាការសហការរៀបចំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និង Tech For Kids Academyនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញកាលពីថ្ងៃទី៤ ខែកុម្ភៈ ។តិចណូវេសិន ២០២៣ ជាកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែង រយៈពេល ១២សប្ដាហ៍ ក្នុងគោលដៅជំរុញលើកកម្ពស់សិស្សស្រីឱ្យមានចំណេះដឹងបច្ចេកវិទ្យាកាន់តែច្រើន ចេះធ្វើការជាក្រុមប្រកបដោយគំនិតច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗដោយប្រើបច្ចេកវិទ្យា។
នៅក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអប់រំជាវិស័យអាទិភាពមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា។ ជាក់ស្តែងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែគាំទ្រជានិច្ចនូវការស្រាវជ្រាវ នវានុវត្តន៍ និងចូលរួមបណ្ដុះទេពកោសល្យបច្ចេកវិទ្យា ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ជាមួយគ្នានោះ លោកបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យប្រឹងប្រែងបានសកម្មដើម្បីទទួលបានជោគជ័យក្នុងកម្មវិធីនេះដើម្បីអភិវឌ្ឍខ្លួនក្លាយជាសហគ្រិន និងអ្នកដឹកនាំផ្នែកបច្ចេក
វិទ្យាឌីជីថលនៅថ្ងៃអនាគត។
លោកថា៖«សិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធី ត្រូវខិតខំយកចំណេះដឹងដែលទទួលបានសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនបន្តទៀតសម្រាប់ជាទុនក្នុងសិក្សានៅថ្នាក់ឧត្តមសិក្សា ជាពិសេសលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងអាជីពការងារដែលពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាឱ្យកាន់តែច្រើនឡើងផងដែរ»។
លោកបន្ថែមថា គោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យក្លាយជាពលរដ្ឋឌីជីថល ក្រោមកិច្ចសហការមិនអាចខ្វះបានពីស្ថាប័ន ក្រសួងពាក់ព័ន្ធនានា។
លើសពីនេះលោកបានលើកឡើងពីសមិទ្ធផលសម្រេចបានយ៉ាងច្រើនក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា តួយ៉ាងថ្មីៗនេះ ក្រសួងទាំង២បានដាក់ឱ្យដំណើរការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិដែលសិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះដោយចូលទៅក្នុងប្រព័ន្ធតេលេក្រាម chatbot រួចបំពេញព័ត៌មានចាំបាច់មួយចំនួន។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមកម្មវិធីនោះ បានថ្លែងកោតសរសើរដល់Technovation Cambodiaដែលរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងជំរុញសិស្សស្រីឱ្យចាប់អារម្មណ៍ និងសិក្សាផ្នែក STEM ដើម្បីបង្កើនអត្រាអ្នកចូលរួមជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឱ្យកាន់តែច្រើន។
លោកស្រីថ្លែងថា៖« កម្មវិធី Technovation កម្ពុជាគឺជាកម្មវិធីមួយដែលមានសក្ដានុពល ហើយបាននិងដើរតួនាទីជាកម្លាំងចលករមួយយ៉ាងសំខាន់ដែលចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា»។
ជាមួយគ្នានោះលោកស្រីបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្មួយៗកុមារី ឬយុវនារីក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពឱ្យចាប់ផ្តើមពីកម្រិតបឋមសិក្សាដើម្បីបណ្ដុះគំនិត បង្កើនទំនុកចិត្ត និងសេចក្ដីក្លាហានក្នុងការជ្រើសរើសយកវិស័យបច្ចេកវិទ្យាជាជំនាញសម្រាប់បន្តការសិក្សានាពេលអនាគត និងជាពិសេសបង្កើនចំនួនអ្នកជំនាញជាស្ត្រីឱ្យកាន់តែមានច្រើនក្នុងចាប់យកអាជីពវិជ្ជាជីវៈលើវិស័យបច្ចេកវិទ្យាផងដេរ។
សូមជម្រាបជូនថា កម្មវិធីតិចណូវេសិន ២០២៣ មានការចូលរួមពីសិស្សានុសិស្សស្រី និងលោកគ្រូ អ្នកគ្រូ រាប់រយនាក់មកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត និងមានរៀបចំកម្មវិធីបណ្ដុះបណ្ដាលរយៈពេល១២សប្ដាហ៍ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៣ និងកម្មវិធី Bootcamp រយៈពេល២ថ្ងៃ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣ ។
កម្មវិធីប្រកួតថ្នាក់ជាតិ National Pitch នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានចំនួន១២ក្រុមចុងក្រោយប្រកួតប្រជែងគ្នា។ បន្ទាប់ពីបញ្ចប់កម្មវិធី សិស្សានុសិស្ស ក៏ដូចជាគ្រូបង្វឹកនឹងទទួលបានសញ្ញាបត្រ ក៏ដូចជារង្វាន់លើកទឹកចិត្ត។ ដោយឡែកក្រុមចំនួន១២ ពីទូទាំងពិភពលោកនឹងត្រូវបានជ្រើសរើសនៅចុងខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងការប្រកួតកំពូលកម្រិតពិភពលោកTechnovation World Summit 2023 ក្នុងអំឡុង ខែសីហា ឆ្នាំ ២០២៣៕