ភ្នំពេញៈ យុទ្ធនាការ«មួយជំហានគ្មានប្លាស្ទិក» ជាយុទ្ធនាការ ដែលបង្កើតឡើងដោយក្រុមយុវជន២រូប ក្នុងគោលដៅ ដើម្បីធ្វើសកម្មភាពកម្ចាត់សំណល់ប្លាស្ទិកចេញពីបរិស្ថាន។ យុទ្ធនាការនេះ ធ្វើឡើងនៅតាមបណ្ដាខេត្តចំនួន៥ ដែលសុទ្ធសឹងជាខេត្តមានសក្តានុពលទេសចរណ៍ខ្លាំង។
រាល់ការចុះទៅកាន់ខេត្តនីមួយៗ នឹងមានការប្រមូលផ្ដុំក្រុមយុវជនដែលស្ម័គ្រចិត្តចូលរួម និងមានការអំពាវនាវបន្ថែមពីប្រជាជនក្នុងតំបន់សម្រាប់ការចូលរួមបន្ថែម។ ក្រោយពីប្រមូលផ្ដុំគ្នាបាន ពួកគេនឹងចេញដើររើសសំរាម តាមគោលដៅផ្សេងៗគ្នា ហើយសំរាមដែលប្រមូលបាននឹងត្រូវបែងចែកយកទៅកែច្នៃបន្តទៀត។
សម្រាប់រាជធានី-ខេត្តទាំង៥នោះ រួមមាន ខេត្តកែប ខេត្តសៀមរាប ខេត្តក្រចេះ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ សម្រាប់ខេត្តបាត់ដំបង គឺជាខេត្តចុងក្រោយដែលយុទ្ធនាការនេះត្រូវបានធ្វើកាលពីថ្ងៃទី២៩ ខែមករា។ បន្ទាប់ពីនេះទៅ យុទ្ធនាការត្រូវបានបិទបញ្ចប់ ហើយអាចនឹងបន្តធ្វើទៀត ប្រសិនបើទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។
កញ្ញាវីរៈ មូនីកា ដែលជាសហស្ថាបនិកនៃយុទ្ធនាការ «មួយជំហានគ្មានប្លាស្ទិក» បានឱ្យដឹងថា ក្នុងគម្រោងរបស់យុទ្ធនាការទាំងមូល គឺធ្វើត្រឹមតែក្នុងខេត្តចំនួន៥ប៉ុណ្ណោះ។ ដូច្នេះខេត្តបាត់ដំបង គឺជាខេត្តចុងក្រោយហើយសម្រាប់ការប្រារព្ធយុទ្ធនាការនេះ។
បើតាមយុវតីរូបនេះ មានការចូលរួមយុទ្ធនាការក្នុងខេត្តបាត់ដំបងប្រមាណជាង១ពាន់នាក់ ពីសំណាក់សហគមន៍ទេសចរណ៍នានា មន្ទីរបរិស្ថានខេត្ត មន្ត្រីសាលាក្រុងបាត់ដំបង និងសិស្សានុសិស្សនៅខេត្តបាត់ដំបងផងដែរ។
កញ្ញាវីរៈ មូនីកា ប្រាប់ថា៖«ក្រោយបញ្ចប់យុទ្ធនាការនេះទៅ យើងឃើញថា មាន[ការបញ្ចេញមតិ]ពីស្ថាប័នពាក់ព័ន្ធ ដោយពួកគាត់ចង់ឱ្យមានយុទ្ធនាការនេះបន្តទៀត»។
ការចង់ឱ្យបន្តទៅមុខទៀត ដោយសារកន្លងមកយុទ្ធនាការ«មួយជំហានគ្មានប្លាស្ទិក» មិនត្រឹមតែ ប្រមូលផ្ដុំគ្នាដើម្បីរើសសំរាមប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ជា្របចំណេះដឹងទៅដល់អ្នកចូលរួម និងប្រជាពលរដ្ឋឱ្យបានដឹងអំពីផលប៉ះពាល់នៃកាកសំណល់ប្លាស្ទិកដែលបានបោះចោលទៅក្នុងបរិស្ថាន។ ម្យ៉ាងទៀតក្រុមការងារធ្វើយុទ្ធនាការនេះក៏បានឱ្យប្រជាជនដឹងផងដែរថា ប្លាស្ទិកដែលប្រមូលបាន នឹងត្រូវយកទៅធ្វើអ្វីបន្តទៀត ដើម្បីកាត់បន្ថយការប៉ះពាល់ទៅលើបរិស្ថាន។
យុទ្ធនាការនេះ ក៏តែងតែលើកទឹកចិត្ត ឱ្យប្រជាជនព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជំនួសមកវិញនូវសម្ភារបរិស្ថាន ដែលអាចឱ្យពួកគេប្រើប្រាស់ឡើងវិញបាន។
ទោះយ៉ាងណា យុទ្ធនាការនេះក៏បានសម្រេចទៅតាមការគ្រោងទុកហើយដែរ ពោលគឺរួចក្នុងខេត្តចំនួន៥នេះតែម្តង។សម្រាប់ការអំពាវនាវរបស់ភាគីពាក់ព័ន្ធនឹងការបន្តយុទ្ធនាការនេះទៀត កញ្ញាវីរៈ មូនីកា បញ្ជាក់ថា អាស្រ័យទៅលើការទទួលបានការគាំទ្របន្តទៀត។ គាំទ្រ គឺទាំងការចូលរួមជាកម្លាំង និងចូលរួមផ្ដល់ជាជំនួយហិរញ្ញវត្ថុ ព្រោះបើមិនមានជំនួយហិរញ្ញវត្ថុទេ យុទ្ធនាការ ក៏ពិបាកនឹងធ្វើដំណើរទៅមុខទៀតដែរ។
ទោះជាយ៉ាងនេះក្តី កញ្ញា និងក្រុមយុវជន ដែលបានរួមចំណែកជួយយុទ្ធនាការនេះកន្លងមក មានការសប្បាយចិត្ត ដែលសកម្មភាពទាំងនេះបានចេញជាផ្លែផ្កា ជាពិសេសបានធ្វើឱ្យប្រជាជនមានការយល់ដឹងកាន់តែច្រើនអំពីការគ្រប់គ្រងសំណល់ប្លាស្ទិក។
សូមរំឭកថា យុទ្ធនាការនេះត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០២២ ដោយបានបង្កើតសកម្មភាពរើសសំរាមនៅរាជធានី-ខេត្តចំនួនទាំង៥ខាងលើនោះ។
កន្លងមក យុទ្ធនាការនេះបានប្រមូលសំរាមក្នុងចំនួនផ្សេងៗគ្នា ដូចជា ខេត្តកែប ប្រមូលបាន៥០០គីឡូក្រាម ខេត្តសៀមរាបប្រមូលបាន១ ២០០គីឡូក្រាម ខេត្តក្រចេះប្រមូលបាន ៥០០គីឡូក្រាម រាជធានីភ្នំពេញប្រមូលបានសំរាម១ម៉ឺនតោន និងចុងក្រោយនៅខេត្តបាត់ដំបង ប្រមូលបានសំរាមប្លាស្ទិក ចំនួន៣៥០គីឡូក្រាម និងកាកសំណល់ទូទៅប្រមាណ៨២០គីឡូក្រាមផងដែរ៕