ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បង្ហាញ​ការគាំទ្រ និង​មាន​ជំនឿ​មុតមាំ លើស​មិទ្ធ​ភាពជា​អាទិភាព​របស់​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​​ ២០២៣ ​ដែល​នឹង​អាចជួយ​ឱ្យ​តំបន់​អាស៊ាន​មាន​សន្តិភាព ស្ថិរភាព​និង​វិបុលភាព តាមរយៈ​ទស្សនវិស័យ​ដែល​បានកំណត់​ជុំវិញ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ជាពិសេស​ការលើកកម្ពស់​ធម្មនុញ្ញ​អាស៊ាន​និង​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​(AOIP)​។​

​នាទី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ ​២០២៣ បានរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​៣២ និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​រយៈពេល ​២ ​ថ្ងៃ ពីថ្ងៃ​ទី​ ៣ និង​ ៤ ខែកុម្ភៈ ដែល​ក្នុងនោះ​ក៏មាន​វត្តមាន​ចូលរួម​ពី​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា​ផងដែរ ក្រោម​បទ​បង្ហាញ​ពី​លោកស្រី រ៉េត​ណូ ម៉ារ​ស៊ី​ឌី ​(Retno Marsudi) រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៣​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេសឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​មូលបទ «​សារៈសំខាន់​អាស៊ាន​៖ ស្នូល​នៃ​កំណើន​»​ ជា​អាទិភាព​គន្លឹះ​ដែល​ទទួល​បានការ គាំទ្រ​ពេញទំហឹង​ពី​បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ហើយ​រដ្ឋមន្ត្រី​អាស៊ាន​ជឿជាក់​យ៉ាង​មុតមាំ​ថា​ក្រោម​កិច្ច​ខំ​និង​សមិទ្ធ​ភាព​ការងារ​របស់​ឥណ្ឌូនេស៊ី​ឆ្នាំនេះ នឹង​ជួយ​ឱ្យ​អាស៊ាន​ក្លាយជា​តំបន់​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ថ្ងៃមុខ​។​

​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា​៖ «​កិច្ចប្រជុំ​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការអនុវត្ត​នូវ​ជំហាន​ជាក់ស្តែង ដើម្បី​សម្រេច​គោលដៅ​នៃ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​(AOIP) និង​បាន​ចាត់​ឱ្យ CCP (​គណៈកម្មាធិការ​តំណាង​អចិ​ន្រៃ្ត​យ៍​ប្រចាំ​អាស៊ាន​) ពិភាក្សា​អំពី​ផែនទី​បង្ហាញផ្លូវ​អាស៊ាន​សម្រាប់​លើកកម្ពស់​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​។​

​ក្រៅពីនោះ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ប្តេជ្ញាចិត្ត​ដាក់​ដំណើរការ​ឱ្យបាន​ឆាប់​នូវ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ​និង​ជំងឺ​រាតត្បាត​ថ្មីៗ ជា​យន្តការ​ឆ្លើយតប​នឹង​បញ្ហា​សុខភាព​សាធារណៈ​ថ្នាក់​តំបន់​អាស៊ាន​នៅពេល​ខាងមុខ​ក្រៅពី​ជំងឺ​កូ​វីដ​ ១៩ ដែល​អនុញ្ញាត​ឱ្យមាន​មូលនិធិ​ផងដែរ​។​

​លើ​បញ្ហា​សមាជិកភាព​ទី​ម័​រ​ឡេ​ស្ត ឬ​ទី​ម័​រ​ខាងកើត រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ទុក​ភារកិច្ច​នេះ​ដល់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ (ACC)​ លើ​កា​រព​ន្លឿ​ន​ផែនទី​ចង្អុល​បង្ហាញផ្លូវ​១​សម្រាប់​ទី​ម័​រ​ឡេ​ស្ត​សម្រាប់​ការ វាយតម្លៃ​ឱ្យចូល​ជា​សមាជិក​ពេញលេញ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤២ ​ខណៈ​ទី​ម័​រ​ឡេ​ស្ត​បាន​បង្ហាញខ្លួន​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី៣២ ​និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នេះ​ផងដែរ ក្នុងនាម​ជា​អ្នកសង្កេតការណ៍​។​

​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ឯកភាព​ជំរុញឱ្យមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​មី​យ៉ាន់​ម៉ា​ទាំងអស់​ស្របតាម​ធម្មនុញ្ញ​អាស៊ាន ហើយ​ប្តេជ្ញាចិត្ត​រក្សា​ម​ជ្ឈ​ភាព​និង​ឯកភាព​អាស៊ាន លើ​ដំណោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា​នេះហើយ​អង្គប្រជុំ​ក៏​ស្វាគមន៍ ចំពោះ​សេចក្តីព្រាង​ផែនការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច ​(5PC) នោះដែរ​ដែលជា​ដំណើរការ​វែងឆ្ងាយ​។

​លើសពីនេះ អង្គ​ប្រជុំបាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា ពី​បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ តួយ៉ាង វិបត្តិ​មី​យ៉ាន់​ម៉ា បញ្ហា​ឧបទ្វីប​កូរ៉េ វិបត្តិ​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន សមុទ្រ​ចិន​ខាងត្បូង​ជាដើម ដែល​បណ្តា​សមាជិក​អាស៊ាន​បាន​ព្រមព្រៀងគ្នា​ពី​ការលើកកម្ពស់​យន្តការ​ពហុភាគី​និយម​ក្នុង​ដំណោះស្រាយ​បញ្ហា​ក្របខ័ណ្ឌ​អន្តរជាតិ និង​សង្កត់ធ្ងន់​ឱ្យ​សមាជិក​អាស៊ាន​ផ្តួចផ្តើម​ឱ្យ​ដៃគូ​នីមួយៗ​របស់ខ្លួន​ស្របតាម​ធម្មនុញ្ញ​អាស៊ាន និង​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​(AOIP) ដើម្បី​តំបន់​អាស៊ាន​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​

​លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា កិច្ចការ​ជា​ប្រធាន​អាស៊ាន​របស់​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​ ២០២៣ នេះ​ទំនងជា​មិនសូវ​ខុសគ្នា​ឆ្ងាយ ពី​ការងារ​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ នោះទេ ព្រោះ​បញ្ហា​ប្រឈម​របស់​អាស៊ាន មិនមាន​ការផ្លាស់ប្តូរ​ឡើយ តួយ៉ាង បញ្ហា​មី​យ៉ាន់​ម៉ា បញ្ហា​ការប្រកួតប្រជែង​ឥទ្ធិពល​របស់​មហាអំណាច​រវាង​ចិន​និង​សហរដ្ឋអាមេរិក និង​បញ្ហា​រុស្ស៊ី​អ៊ុយ​ក្រែ​ន ជាដើម​។

​លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ មើលទៅ តួនាទី​របស់​ឥណ្ឌូនេស៊ី វា​អាច​ថា ប្រសើរ​ជាង​មុន​បន្តិច ដោយសារ​ឥណ្ឌូនេស៊ី យើង​អាច​និយាយបានថា ជា​ប្រទេស​ដែលមាន​ទឹកមាត់ប្រៃ​ជាងគេ ក្នុងចំណោម​សមាជិក​អាស៊ាន ហើយ​ឥណ្ឌូនេស៊ី ជា​ប្រទេស​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​មាន​ប្រជាជន​ច្រើន​មាន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ ព្រមទាំង​ជា​សមាជិក​ក្រុម​ប្រទេស G20 ទៀត​។ អ៊ីចឹង​ឥណ្ឌូនេស៊ី​មាន​ឥទ្ធិពល​ជាង​ប្រទេស​ផ្សេងៗ​ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​អាស៊ាន ក្នុង​អាណត្តិ​ឥណ្ឌូនេស៊ី​ក៏​មិន​ឆ្ងាយ​ពី​កម្ពុជា​ដែរ​»​។​

​សម្រាប់​លោក គិ​ន ភា អាស៊ាន​ត្រូវតែ​ដោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា ឱ្យ​លឿន​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី​សម្រួល​ដល់​ដំណើរការ​សមាហរណកម្ម​តំបន់​អាស៊ាន ដែល​ពិតជា​មិនអាច​ខ្វះ​បាន​នូវ​វត្តមាន​មី​យ៉ាន់​ម៉ា ហើយ​ដែល​កម្ពុជា​នឹង​ទទួល​សមាជិក​ផ្លូវការ​មួយទៀត គឺ​ទី​ម័​រ​ឡេ​ស្ត គ្រប់ ១១ ​ប្រទេស​។ ឥណ្ឌូនេស៊ី​អាច​ដកស្រង់​មេរៀន​ចេញពី​កម្ពុជា ក្នុង​កិច្ចការ​ដោះស្រាយ​វិបត្តិនៅ​មី​យ៉ាន់​ម៉ា​ដោយ​ប្រើប្រាស់​នយោបាយ​ការបរទេស​ទន់ភ្លន់ បត់បែន​ផ្អែកលើ​គោលការណ៍​ច្បាប់​និង​កុងសង់ស៊ីស​ ៥ ​ចំណុច ហើយ​មាន​យន្តការ​ក្រៅផ្លូវការ​ផ្សេងៗ​ក្នុងការ​ដោះស្រាយ ជាពិសេស​ព្យាយាម​បញ្ចូល​សំឡេង​និង​វត្តមាន​មី​យ៉ាន់​ម៉ា ជាជាង​ផាត់​ចោល​។

​បន្ថែម​ពី​នោះ លោក​ថា ឥណ្ឌូនេស៊ី​អាច​ទាញយក​បទពិសោធន៍​ជោគជ័យ​របស់​កម្ពុ​ជាកា​ល​ជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំ​ ២០២២ នោះ ក្នុងការ​ថ្លឹងថ្លែង​ម​ជ្ឈ​ភាព​អាស៊ាន ហើយ​ធ្វើការ​ក្នុង​ស្មារតី​អាស៊ាន ជាជាង​គំនិត​ឯកតោភាគី​និយម ក្នុង​កិច្ចការ​សម្របសម្រួល​ជាមួយ​ប្រទេស​មហាអំណាច ដែល​កម្ពុជា​អាច​សម្រេចបាន​នូវ​ឯកសារ​ជាង ១០០ កាលពី​ឆ្នាំមុន​៕

វីដេអូ៖