ភ្នំពេញៈ ប្រជាសហគមន៍ និងក្រុមអ្នកអភិរក្សធនធានធម្មជាតិ បានសម្តែងការព្រួយបារម្ភចំពោះការបន្តការបរបាញ់ និងដាក់អន្ទាក់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ជាពិសេសនៅក្នុងរដូវក្ដៅនេះ ពីព្រោះសត្វកម្រ និងជិតផុតពូជជាច្រើនត្រូវបានគេរកឃើញថា ត្រូវបានសម្លាប់ ឬរងរបួសដោយអន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃ។
ព្រះតេជគុណ អ៊ឹម សុអាន អនុប្រធានសហគមន៍សង្ឃរុក្ខវ័ន មានព្រះថេរដីកាថា នៅក្នុងរដូវក្ដៅនេះបទល្មើសបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅតែកើតមាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ បើទោះជាអាជ្ញាធរ និងប្រជាសហគមន៍មានការប្រឹងប្រែងទប់ស្កាត់ក៏ដោយ។
ព្រះអង្គមានព្រះថេរដីកាថា៖ «នៅក្នុងការចុះល្បាតព្រៃថ្មីៗនេះ ក្រុមការងារសហគមន៍សង្ឃរុក្ខវ័នបានប្រទះឃើញ និងដោះអន្ទាក់បានជាង ៣០០ អន្ទាក់ ហើយបានប្រទះឃើញ សត្វកម្រជាច្រើនងាប់ និងរងរបួស ដោយសារអន្ទាក់»។
បើតាមព្រះតេជគុណ សុអាន សត្វកម្រ និងសត្វជិតផុតពូជដែលត្រូវបានរកឃើញងាប់ និងរងរបួសដោយសារ អន្ទាក់រួមមាន ទន្សោង ខ្ទីង ក្ដាន់ សំពោច ក្ងោក និងជ្រូកព្រៃ។
ព្រះអង្គបានបន្តថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ពួកអ្នកប្រមាញ់សត្វព្រៃបានប្រើអន្ទាក់ជំនួសកាំភ្លើង ដើម្បីចាប់សត្វ ដោយសារតែឧបករណ៍នេះមានតម្លៃថោក ងាយដឹកជញ្ជូន និងសម្លាប់សត្វយ៉ាងស្ងៀមស្ងាត់។
កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ សត្វទន្សោងញី ១ ក្បាលត្រូវបានប្រជាសហគមន៍ប្រទះឃើញមានរបួសជើងមុខ ដើរចេញពីក្នុងព្រៃនៃតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។ អ្នកភូមិ និងព្រះសង្ឃបាននាំគ្នាចាប់វាចងទុកឱ្យមន្ត្រីជំនាញនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នាំយកទៅព្យាបាល។ ប៉ុន្តែ ដោយសាររបួសវាធ្ងន់ធ្ងរពេក ៥ ថ្ងៃ ក្រោយមកសត្វកម្រ ១ នេះក៏បានងាប់។
លោក អៀន អៀង អនុប្រធានគណៈកម្មការសហគមន៍សង្ឃរុក្ខវ័ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការល្បាតព្រៃស្វែងរកអ្នកប្រមាញ់ និងជនល្មើសផ្សេងទៀតនៃឧក្រិដ្ឋកម្មព្រៃឈើ គឺជារឿងពិបាកមួយ ជាពិសេស អន្ទាក់ដែលពួកគេចងបង្កៃទុកក្នុងព្រៃយ៉ាងអាថ៌កំបាំងសម្រាប់ចាប់សត្វព្រៃនោះ រឹងរឹតតែពិបាកក្នុងការស្វែងរកថែមទៀត ហើយអន្ទាក់ទាំងនោះ វាអាចគំរាមកំហែងអាយុជីវិតដល់ប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សផងដែរ។
លោក អឿង បាននិយាយទៀតថា៖ «អន្ទាក់មួយចំនួនត្រូវបានក្រុមអ្នកប្រមាញ់ខុសច្បាប់ប្រើប្រាស់ដោយភ្ជាប់ជាមួយឧបករណ៍អគ្គិសនីដែលអាចសម្លាប់យើង ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន ដើរជាន់ ឬប៉ះលើឧបករណ៍ទាំងនោះ»។
លោក អឿង បានថ្លែងបន្ថែមទៀតថា៖ «បទល្មើសកាប់បំផ្លាញព្រៃឈើបានស្ងប់ស្ងាត់ទៅហើយ ប៉ុន្តែការបរបាញ់សត្វព្រៃ និងត្រីក្នុងដែនជម្រកសត្វព្រៃនៅតែបន្តក្នុងអត្រាគួរឱ្យព្រួយបារម្ភ»។
លោក លី វីរៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន បានថ្លែង ដោយបានទទួលស្គាល់ថា ការបរបាញ់និងដាក់អន្ទាក់សត្វព្រៃនៅតែបន្តកើតមានក្នុងដែនជម្រកសត្វ បើទោះបីជាមានការខិតខំប្រឹងប្រែងពីមន្ត្រីឧទ្យានុរក្ស និងសហគមន៍ក្នុងការទប់ស្កាត់ និងចាប់ខ្លួនជនល្មើសក៏ដោយ។
លោក លី វីរៈ ថ្លែងថា៖ «ជនល្មើសតែងតែមកដាក់អន្ទាក់នៅពេលយប់។ លើសពីនេះ ទំហំដែនជម្រកសត្វព្រៃមានទំហំធំ ប៉ុន្តែកម្លាំងអនុរក្សឧទ្យានរបស់យើងនៅមានកម្រិតនៅឡើយ»។
បើតាមលោក វីរៈ ព្រៃសហគមន៍សង្ឃរុក្ខវ័នមានផ្ទៃដី ៣០ ២៥៤ ហិកតា គ្របដណ្ដប់លើស្រុកចំនួន ៣ គឺស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង។ លោកថា មានតែមន្ត្រីអនុរក្សឧទ្យានចំនួន ៦ នាក់ប៉ុណ្ណោះដែលធ្វើការល្បាត និងឃ្លាំមើល ដែនជម្រកសត្វព្រៃនេះ។ ឧក្រិដ្ឋកម្មសត្វព្រៃនឹងមិនបញ្ចប់ទេ ខណៈមនុស្សមួយចំនួននៅតែបន្តបរិភោគសាច់ព្រៃ និងប្រើសំណាកសត្វមួយចំនួនសម្រាប់ធ្វើជាឱសថ ឬគ្រឿងសង្ហារិម»៕
វីដេអូ៖