ភ្នំពេញៈ ​កម្ពុជា​ជ្រើស​រើស​នាយ​សិក្ខា​កាម​សិក្សា​យោធា​ក្នុង​ឆ្នាំ ​២០២៣​ ដើម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ឱ្យបន្ត​វេន​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ជំនួស​នាយ​ទា​ហាន​វ័យ​ចំណាស់​ដែល​ចូល​និវត្តន៍​ បន្ទាប់​ពី​បាន​ខក​ខាន​ជ្រើស​រើស​អស់​រយៈ​ពេល​ជាង​ ៣ ​ឆ្នាំ​ ដោយ​សារ​វិបត្តិ​ជំងឺ​ឆ្លង​កូ​វីដ​ ១៩​។

​ក្រសួង​ការពារ​ជាតិ​បាន​ចាប់​ផ្តើម​ចែក​ពាក្យ​ដល់​និស្សិត ​សិស្ស ​ដើម្បី​បំពេញ​បែប​បទ​ស្នើសុំ​ប្រឡង​ចូល​ក្នុង​ក្រប​ខ័ណ្ឌ​ជា​កង​យោធព​ល​ខេមរ​ភូមិន្ទ​ចាប់ពី​ថ្ងៃទី​ ១ រហូត​ថ្ងៃទី​ ១៥ ​ខែកុម្ភៈ ​ដើម្បី​ជ្រើស​រើស​នាយ​សិក្ខា​កាម​យោធា​ជំនាន់​ថ្មី​នៅតាម​បណ្តា​អង្គ​ភាព​នានា​សម្រាប់​ឆ្នាំ​ ២០២៣ ​បន្ទាប់​ពី​បាន​ខក​ខាន​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ ដោយ​សារ​វិបត្តិ​កូវីដ ​១៩​។​

​ពិធី​ចែក​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុផាត អគ្គ​លេខាធិ​ការរង​នៃ​អគ្គ​លេខាធិកា​រដ្ឋាន​ក្រសួង​ការពារ​ជាតិ​,នាយ​ឧ​ត្ត​ម​សេ​នីយ៍ ជា តារា សា​កល​វិទ្យា​ធិការ​នៃ​សា​កល​វិទ្យា​ល័យ​ការពារ​ជាតិ និង​លោក​ឧត្តម​សេនីយ៍​ឯក ដោក សុ​ផា សាកល​វិទ្យា​ធិការ​រង កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​។​

​លោក ​ជា តារា ទីប្រឹក្សានា​យករ​ដ្ឋមន្ត្រី​និង​ជា​សា​កល​វិទ្យាធិ​ការ​នៃ​សកល​វិទ្យា​ល័យ​ការពា​រជាតិបា​ន​ឱ្យ​ដឹងថា ក្រុម​ការងារ​ជ្រើស​រើស​និង​ត្រួត​ពិនិត្យ​លក្ខណ​សម្បត្តិ​សិស្ស​ និស្សិត បាន​សហការ​ដ៏​ល្អ​ជាមួយ​សា​កល​វិទ្យា​ល័យ​កា​រពារជាតិ​ដោយ​បាន​ចា​ប់ផ្តើម​ដំណើរការ​ពិនិត្យ​កាយ​សម្បទា​និង​ផ្ដល់​ពាក្យ​ដល់​សិស្ស​និស្សិត​ដែល​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ដើម្បី​បំពេញ​ឯកសារ​ទៅ​តាម​លក្ខ​ខណ្ឌ​នៃ​ការជ្រើស​រើស​ចូល​បម្រើ​ក្នុង​ក្រប​ខ័ណ្ឌ​ជា​កង​យោធ​ពល​ខេមរភូ​មិន្ទ​សម្រាប់​វគ្គ​ហ្វឹក​ហ្វឺន​នាយ​ទាហាន​សកម្ម​,នាយ​ទាហាន​ទ័ពជើង​គោក​,នាយ​ទាហាន​បន្តវេន និង​វគ្គ​នាយ​ទា​ហាន​បច្ចេក​ទេស​យោធា​ឆ្នាំ​ ២០២៣​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​រយៈ​ពេល​ជិត ៣​ ឆ្នាំ​កន្លង​មក​នេះ ដោយ​សារ​ប្រទេស​កម្ពុជាក៏ដូចជា​ពិភព​លោក​ទាំងមូល​ជួប​បញ្ហា​ប្រឈម​ចំពោះ​រោគរាត​ត្បាត ​ជា​សា​កល​នៃ​ជំងឺ​ឆ្លង​កូ​វីដ​ ១៩​ បាន​ធ្វើ​ឱ្យ​សកម្ម​ភាព​ការងារ​ជ្រើសរើស​សិស្សនិ​ស្សិត​នៃ​សង្គម​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ក្នុង​ជួរ​កង​យោធ​ពល​ខេមរភូ​មិន្ទដើ​ម្បី​បន្ត​វេន​ពី​នាយ​ទាហាន​ដែល​មាន​វ័យ​ចាស់ៗ​ ត្រូវ​ចូល​និវត្តន៍​លើ​វិស័យ​ការពារ​ជាតិ​របស់​កម្ពុ​ជា ត្រូវ​បាន​អាក់​ខាន​មួយ​រយៈ​»​។​

​លោក ​ជា តារា បាន​បន្ថែម​ថា ក្នុង​ឆ្នាំ​ ២០២៣ នេះ ក្រសួងកា​រពារ​ជាតិ​បាន​ចាប់​ផ្តើម​ជ្រើស​រើស​សិក្ខា​កាម​យោធា​ជាថ្មី ​ហើយ​លោក​ក៏បាន​អំពាវ​នាវ​ដល់​បណ្តា​សិស្ស ​និស្សិត ដែល​បញ្ចប់​ការ​សិក្សា ​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដែលមា​ន​បំណង​ចូល​បម្រើ​ការ​ក​ងទ័ព​រួស​រាន់​មក​បំពេញ​បែប​បទ​សុំ​ប្រឡងដើ​ម្បី​ចូល​ហ្វឹក​ហ្វឺន​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​សកម្ម​ជំនា​ន់ទី​២៤ ​វគ្គ​នាយទា​ហាន​ទ័ពជើ​ងគោក​​ជំនា​ន់ទី១៣ ​វគ្គ​នាយទា​ហាន​បន្ត​វេន​ជំនា​ន់​ទី១៤ ​និង​វគ្គ​នាយ​ទា​ហាន​បច្ចេក​ទេស​យោ​ធា​សម្រាប់​ឆ្នាំ​នេះ​។​

​សូម​បញ្ជា​ក់ថា ការជ្រើ​សរើស​នាយ​ទាហា​ន​ចូល​បណ្តុះ​បណ្តាល​ក្នុង​ឆ្នាំ ​២០២៣​ មាន​រយៈ​ពេល​ ១៥​ ថ្ងៃ ចាប់​ពី​ថ្ងៃទី ​១ ​រហូត​ដល់​ថ្ងៃទី​ ១៥ ​ខែកុម្ភៈ ឆ្នាំ​ ២០២៣​ នៅ​សាក​ល​វិទ្យា​ល័យ​ការពា​រជាតិស្ថិត​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ទៅ​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​របស់​ក្រសួង​ការ​ពារ​ជាតិ​។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ យង់ ពៅ អគ្គ​លេខាធិកា​រ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បា​នថ្លែងថា​ ការ​ជ្រើស​រើស​នាយ​ទាហាន​សិក្ខា​កាម​ថ្មី​ជា​រឿង​ចាំបាច់​ដែល​ប្រទេស​ជាតិ​នីមួយៗ​ត្រូវ​មាន​ទា​ហាន​បន្តវេន​ព្រោះ​មាន​អ្នក​ដែល​ត្រូវ​ចូល​និវត្តន៍។បើ​មិន​ជ្រើស​រើស​ថ្មី​ទេ​ប្រទេស​អាច​ខ្វះ​ខាត​កង​កម្លាំង​យោធា​ហើយ​ការជ្រើស​រើស​នេះ​មិន​មែន​សម្រាប់តែ​គោល​ដៅ​សង្គ្រាម​ឡើយ ​តែ​ទាហាន​អាច​បម្រើ​ការ​ងារ​ក្នុង​សង្គម​ហូរហែ ​និង​សម្រាប់​អន្តរា​គមន៍​ពេល​ជាតិ​ជួប​វិបត្តិ​ តួ​យ៉ាង​គ្រោះ​ធម្ម​ជាតិ​ជាដើ​ម។​

​លោក យង់ ពៅ បានប​ញ្ជាក់​ថា​៖«​ការ​ងារ​ការ​ពារ​ជាតិ​នេះជា​រឿង​ចាំបាច់​​ដែល​ត្រូវ​មាន​ជា​បន្ត​បន្ទាប់​ ព្រោះ​មិន​អាច​និយាយ​ថា​ ប្រទេស​មាន​សន្តិ​ភាព ​មិនត្រូវ​ការ​កង​ម្លាំ​ង​ទេ​។ បើ​ប្រទេស​កាន់​តែ​រីកច​ម្រើន ​រឹងមាំ មាន​សន្តិ​ភាព វិស័យ​ការ​ពារ​ជាតិ និង​កង​ទ័ព​នេះ​គឺ​ត្រូវ​បង្កើន​ការ​ពង្រឹ​ង បើ​យើង​ក្រឡេក​មើល​ប្រទេស​ជិត​ខាង​ និង​សកល​លោក​គេ​សន្តិ​ភាព​មុន​យើង រីក​ចម្រើន​ជាង​យើង ហើយ​វិស័យ​ការ​ពារ​ជាតិ​គេ​កាន់​តែ​រឹងមាំ​... »​។​

​លោក​បាន​បន្ថែមថា​ រដ្ឋាភិបាល​គួរ​គិតគូរ​ពង្រឹង​និង​អភិវឌ្ឍ​វិស័យ​ការពា​រជាតិនិ​ង​បង្កើន​ទំហំ​ចំនួន​ទាហាន ​ខណៈ​វិស័យ​ការពារ​ជាតិ​របស់​កម្ពុ​ជា​នៅ​ទន់ខ្សោ​យ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ជិត​ខាងទាំ​ង​ចំនួន​ទាហាន ​សមត្ថ​ភាព​បច្ចេក​វិទ្យា​យោ​ធា អាវុធ​យុទ្ធ​ភណ្ឌ​។​

​សម្រាប់​លោក មាស នី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍសង្គមក៏​បាន​លើកឡើ​ង​ដែរ​ថា ទោះបី​​ប្រទេស​កម្ពុជា​​តូចក្តី ក៏​ការ​បង្កើន​សមត្ថ​ភាព​យោធា​ ជា​រឿង​ចាំបាច់​ខណៈ​សក​លលោក​ក៏​កំពុង​ជួ​បប្រទះ​នឹង​សង្គ្រាម​ តួយ៉ាង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​ទី​កន្លែង​ផ្សេងៗ​ក្នុង​ពិភព​លោក​ជាពិសេស​​កំណែទ​ម្រង់​វិស័យ​​ការពារ​ជាតិ​​ដែល​មិនអាច​ខ្វះ​បាន​នៅ​កម្ពុជា​ជាការ​បើក​ផ្លូវ​កសាង​សមត្ថភាព​ធនធាន​មនុស្ស​ផ្នែក​ការពា​រជាតិ​ពិត​ប្រាកដ​នៅ​ថ្ងៃ​អនា​គត​។​

​លោក​​ មាស នី បាន​សង្កត់​ធ្ងន់​ថា៖ «​កំណែ​ទម្រង់​វិស័យ​យោ​ធាជា​រឿង​ចាំបាច់»។ ​ក៏ប៉ុន្ដែ​លោក​អំពាវ​នាវ​ឱ្យ​រដ្ឋាភិ​បាល​ព្យា​យាម​លុប​បំបាត់​អំពើពុ​ករ​លួយ​ក្នុង​វិស័យ​កងទ័​ព ដើម្បី​ជ្រើសរើ​ស​ធនធាន​មនុ​ស្ស​ដែលមា​ន​សមត្ថភាព​សម្រាប់​បម្រើ​ជាតិជា​ជាង​បម្រើ​បក្ស​​

ឬ​ការជ្រើស​រើស​កងទ័ព​តាម​រយៈ​ខ្សែរ​យៈសាច់​ញាតិ​ដែល​អាច​ជះឥទ្ធិ​ពល​អាក្រក់​ដល់​វិស័យ​ការ​ពារ​ជាតិ​ទាំង​មូល​ទៅ​ថ្ងៃ​មុខ​៕