ភ្នំពេញៈ អារ៉ាប៊ី សាអ៊ូឌីត គ្រោងនឹងបើកស្ថានទូតរបស់ខ្លួន នៅកម្ពុជានាពេលឆាប់ៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឱ្យមានការកើនឡើងបន្ថែមទៀត។ នេះបើតាមការប្រកាសពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មភពិសេស ដែលបានផ្សាយក្នុងទំព័រហ្វេសប៊ុក របស់លោក។
ផែនការនេះត្រូវបានធ្វើឡើងក្នុងពេល លោក អូស្មាន ហាស្សាន់ ជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសអារ៉ាប៊ីសាអ៊ូឌីត ដឹកនាំដោយ លោក Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ី សាអ៊ូឌីត នៅថ្ងៃទី ៦ ខែកុម្ភៈ។
លោក អូស្មាន ហាស្សាន់ ថ្លែងថា កិច្ចពិភាក្សាផ្តោតសំខាន់ លើការស្វែងរកទីតាំងសមស្របណាមួយ ក្នុងការរៀបចំបើកស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឱ្យមានការកើនឡើងបន្ថែមទៀត។
លោកបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានសម្តែងការអបអរសាទរ និងសប្បាយរីករាយ ដែលអារ៉ាប់ប៊ី សាអ៊ូឌីត បានសម្រេចបើកស្ថានទូតរបស់ខ្លួន នៅកម្ពុជា ហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីដែលជាប្រយោជន៍រួម របស់ប្រជាជាតិទាំង ២។
លោកអូស្មាន ហាស្សាន់បញ្ជាក់ថា ៖«កម្ពុជា-អារ៉ាប៊ី សាអ៊ូឌីត សម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦ លានដុល្លារ ក្នុងឆ្នាំ ២០២១ កើនឡើងជិត ៤០% បើធៀបនឹងឆ្នាំ ២០២០ (មានត្រឹមតែ ១៩ លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥,៦ លានដុល្លារ ក្នុងឆ្នាំ ២០១៩ និង ១៦ លានដុល្លារ ក្នុងឆ្នាំ ២០១៨»។
លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា ដើម្បីសម្រេចបាននូវគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងការទូត លោកបានស្នើឱ្យកម្ពុជានិងអារ៉ាប៊ី សាអ៊ូឌីត មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំង ២ ក្នុងគោលបំណងស្វែងយល់ពីតម្រូវការទៅវិញទៅមក ផ្គូផ្គងដៃគូធុរកិច្ច-វិនិយោគនិងការផ្លាស់ប្តូរមុខទំនិញសក្តានុពលរវាងទីផ្សារនៃប្រទេសទាំង២។
កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអ៊ូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ី សាអ៊ូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារសំណង់ និងទំនិញដទៃទៀត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីក្រសួងពាណិជ្ជកម្ម៕