ភ្នំពេញៈ អាជ្ញាធរកម្ពុជាគ្រោងសាងសង់រោងចក្រទឹកស្អាតនិរោធជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៣០ ពាន់ម៉ែត្រគុប ក្នុង ១ ថ្ងៃ ដែលរាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៦។ នេះបើតាមខ្លឹមសារនៃពិធីចុះហត្ថលេខាលើកំណត់ប្រជុំពិភាក្សាស្តីពីការរៀបចំសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធរវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង JICA កាលពីចុងសប្តាហ៍មុន។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ បានឱ្យដឹងថា រោងចក្រដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៦ ខាងមុខគឺស្ថិតក្រោមគម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកជូនប្រជាជននៅក្នុងរាជធានីភ្នំពេញ ពិសេសជំរុញការផ្គត់ផ្គង់តំបន់ភាគ ខាងកើត និងខាងត្បូងរាជធានីភ្នំពេញ និង ១ ផ្នែកទៀតក្នុងខេត្តកណ្តាល។
លោកបានបញ្ជាក់ថា៖ «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) សិក្សាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធជំហានទី៣ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ដល់ពលរដ្ឋនៅប៉ែកខាងកើត និងខាងត្បូងរាជធានីភ្នំពេញដោយសារបច្ចុប្បន្ន ប្រជាជនដែលរស់នៅប៉ែកខាងកើត និងខាងត្បូងរាជធានីភ្នំពេញ មានទឹកប្រើប្រាស់មិនទាន់គ្រប់គ្រាន់នៅឡើយ»។
លោក ឡុង ណារ៉ូ បានបន្ដថា ដើម្បីតបតាមការប្រើប្រាស់ទឹក គម្រោងនេះមានសមត្ថភាពផលិតប្រមាណជា ១៣០ ពាន់ម៉ែត្រគុបក្នុង១ថ្ងៃ។ចាប់ពីខែមេសា ឆ្នាំនេះតទៅ ទីប្រឹក្សាបច្ចេកទេសនឹងចាប់ផ្តើមសិក្សាពីសមិទ្ធិសមត្ថភាពនៃគម្រោងនេះ។
ក្នុងនោះបន្ទាប់ពីបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងពិភាក្សាពីចំនួនឥណទាន លើគម្រោងទាំងមូល ដែលនឹងផ្តល់ដោយ (JICA) បន្ទាប់មកនឹងដាក់ដេញថ្លៃអ្នកសាងសង់ ការជ្រើសរើសអ្នកត្រួតពិនិត្យសំណង់ ដោយនឹងផ្តើមសាងសង់ក្នុងឆ្នាំ ២០២៦ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៩។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ឡុង ណារ៉ូ។
ទោះបីយ៉ាងណា លោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនទាន់បញ្ជាក់ពីទំហំថវិកាដែលត្រូវចំណាយលើដំណើរការសាងសង់រោងចក្រទឹកស្អាតនេះថា មានចំនួនប៉ុន្មាននៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រោងចក្រទឹកស្អាតនិរោធជំហានទី ៣ គឺជាកម្មវិធីកំណត់ដែលបានចែងក្នុងគម្រោងមេជំហានទី៣ ដែលស្ថិតក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនលើការសិក្សាគម្រោងមេឆ្នាំ ២០២១-២០៣០ ដើម្បីជំរុញការផ្គត់ផ្គត់ទឹកដល់ពលរដ្ឋនៅរាជធានីភ្នំពេញ ទៅតាមផែនការកំណត់នៅឆ្នាំ ២០៣០ ពោលគឺត្រូវផលិតទឹកឱ្យបាន ១ លាន ៨ សែនម៉ែត្រគុប ក្នុង ១ ថ្ងៃ ដើម្បីធ្វើឱ្យប្រជាជនក្នុងរាជធានីភ្នំពេញមានទឹកប្រើប្រាស់គ្រប់គ្រាន់។
គួរបញ្ជាក់ដែរថា ជុំវិញការអភិវឌ្ឍវិស័យទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានដៃគូសហការសំខាន់ចំនួន ២ គឺ (JICA)និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍បារាំង (AFD) និងអឺរ៉ុបផងដែរ។ ក្រៅពីនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏មានដៃគូអភិវឌ្ឍន៍ជាមួយកូរ៉េខាងត្បូងផងដែរដែលទទួលអភិវឌ្ឍនៅតំបន់ព្រលានយន្តហោះបង្កើតថ្មី និងការផ្គត់ផ្គង់នៅតំបន់អរិយក្សត្រ។ បច្ចុប្បន្នកម្ពុជាទទួលបានការឯកភាពពីកូរ៉េហើយនៅចុងខែកុម្ភៈខាងមុខនេះ ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ នឹងបន្តចូលរួមអភិវឌ្ឍសំដៅជំរុញការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងផែនការឆ្នាំ ២០៣០ ដែលត្រូវមានទឹកស្អាតប្រើប្រាស់ដល់ ១ លាន ៨ សែន ម៉ែត្រគុប ក្នុង ១ ថ្ងៃ។
នៅឆ្នាំ ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតប្រមាណ ៦៦០ ពាន់ម៉ែត្រគុប ក្នុង ១ ថ្ងៃ ជូនអតិថិជនចំនួន ៤៥ ម៉ឺនគ្រួសារ។ តែយ៉ាងណា ការផ្គត់ផ្គង់ទឹកនៅតែមានការខ្វះខាត ខណៈតម្រូវការទឹកបច្ចុប្បន្នមានប្រមាណពី ៧,៥ សែនម៉ែត្រគុប ទៅ ៨ សែនម៉ែត្រគុប ក្នុង ១ ថ្ងៃ។
គិតមកទល់ពេលនេះ រោងចក្រផលិតទឹកស្អាតនិរោធបានសាងសង់រួចទាំងជំហានទី១ និងជំហានទី២ ក្នុងនោះ រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ អាចផលិតទឹកស្អាតបាន ១៣ ម៉ឺនម៉ែត្រគុប ក្នុង ១ ថ្ងៃ ខណៈជំហានទី២ ក៏មានសមត្ថភាពផលិតទឹកស្អាតបានដូចជំហានទី១ ដែរ។
ដោយឡែកនៅពេលរោងចក្រទឹកស្អាតនិរោធជំហានទី៣ នេះ សាងសង់រួច កម្ពុជា JICA រំពឹងថា នឹងជំរុញការតភ្ជាប់ទឹកស្អាត ទៅតំបន់ជាយក្រុងនិងធានាដល់ការផ្គត់ផ្គង់ទឹកឱ្យបានតាមផែនការកំណត់នៅឆ្នាំ ២០៣០ ពោល គឺត្រូវផលិតទឹកឱ្យបាន ១ លាន ៨ សែនម៉ែត្រគុប ក្នុង ១ ថ្ងៃ ដើម្បីធ្វើឱ្យប្រជាជនមានទឹកប្រើគ្រប់គ្រាន់៕