កណ្តាលៈ ក្រុមប្រតិបត្តិរុករក និងសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ក្នុងរយៈពេលជិត ១ ឆ្នាំមកនេះ បានស្រង់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានជិត ៣ ០០០ គ្រាប់ ក្នុងនោះមានគ្រាប់មីនចំនួន ៣៦ គ្រាប់ កាំភ្លើងធុនស្រាលចំនួន ២ ដើម ដែលគិតជាទម្ងន់សរុបជាង ៤០ តោន។នេះបើតាមអគ្គនាយក CMAC។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងបែបនេះ នៅថ្ងៃទី ៧ ខែកុម្ភៈ នាការដ្ឋានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ដែលស្ថិតនៅភូមិកោះពាមរាំង ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ក្នុងវេទិកាសាធារណៈស្តីពីការបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ។
លោក ហេង រតនា បញ្ជាក់ថា៖«កិច្ចប្រតិបត្តិការ ៨ ខែកន្លងទៅនេះ សម្រេចបានលទ្ធផលស្រង់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២ ៧០៧ គ្រាប់ ក្នុងនោះមានគ្រាប់មីនចំនួន ៣៦ គ្រាប់ កាំភ្លើងធុនស្រាលចំនួន ២ ដើម គិតជាទម្ងន់សរុបជាង ៤០ តោន»។
លោកបានឱ្យដឹងដែរថា គណ:កម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងនាវាដែលលិចក្នុងទន្លេ រៀបចំវាទិកាសាធារណ:នេះ មានគោលបំណងដើម្បីផ្សព្វផ្សាយស្តីពីកិច្ចប្រតិបត្តិការស្រង់គ្រាប់មិនទាន់ផ្ទុះ និងបំបែកនាវា ដែលបានរកឃើញនៅបាតទន្លេ ដើម្បីស្វែងយល់ និងដោះស្រាយកង្វល់ ព្រមទាំងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើកោះពាមរាំង និងក្បែរតំបន់ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោក ហេង រតនា បានបន្តថា ប្រជាពលរដ្ឋបានសម្តែងនូវការព្រួយបារម្ភខ្លះៗអំពីការបូមខ្សាច់បណ្តាលឱ្យបាក់ដីច្រាំងទន្លេ បាត់បង់ដីកោះពាមរាំងទាំងមូលជាដើម។
កិច្ចប្រតិបត្តិការនេះ មានការគិតគូរ និងការប្រើប្រាស់សម្ភារបច្ចេកទេសទាន់សម័យ មានរូបភាពផែនទីច្បាស់លាស់ណាស់ ហើយការបូមខ្សាច់ ដើម្បីបម្រើកិច្ចការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានបរិមាណច្រើនតោនលិចក្រោមដីបាតទន្លេស្ថិតនៅផ្នែកខាងលើនៃក្បាលកោះដោយតំបន់ដីគោក និងប្រើប្រាស់គ្រឿងចក្រកាយដីយកគ្រាប់ ហើយលុបដីជូនប្រជាពលរដ្ឋវិញ។ នេះបើតាមការបញ្ជាក់របស់លោកហេង រតនា។
លោកអគ្គនាយក CMAC អះអាងថា៖ «ក្នុងរយៈពេលធ្វើកិច្ចប្រតិបត្តិការនេះ គ្មានហេតុផលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ឬត្រូវបាក់ដីបាត់កោះពាមរាំង ដែលទំហំបណ្តោយជិតប្រមាណ ៤ ៥០០ ម៉ែត្រនោះទេ ព្រោះកិច្ចប្រតិបត្តិការនេះ ដើម្បីសេចក្តីសុខសុវត្ថិភាពប្រជាពលរដ្ឋ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ និងសង្គមជាតិ ក៏ដូចជាគាំទ្រការអភិវឌ្ឍប្រទេសជាតិផងដែរ»។
សូមរំឭកដែរថា ការដោះស្រាយបញ្ហា ក៏ដូចជាបង្ការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជំរុញឱ្យមានការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំង ដែលនាវាចម្បាំងលិច។ លោកបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០។
ការរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះត្រូវបានចាប់ផ្តើមធ្វើឡើងក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយគោលដៅមិនឱ្យមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេស។ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌបានជាង ១៦ តោន រួមទាំងសម្ភារសឹក បំណែកឆ្អឹងសព និងស្រង់នាវាឡើងមកលើគោកជាស្ថាពរ ក្នុងកិច្ចប្រតិបត្តិការ រយៈពេល ៦ ខែ។
ក្រោយពីបញ្ចប់ប្រតិបត្តិការនៅទីតាំង ក្នុងស្រុកស្រីសន្ធរនេះ ដោយជោគជ័យ លោក ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយចំនួនទៀតឱ្យបន្តប្រតិបត្តិការសិក្សា ស្រាវជ្រាវ និងស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង៕