ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត បានប្រាប់តំណាងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា ក្រសួងកំពុងយកចិត្តទុកដាក់ជំរុញវិធានការគ្រប់គ្រងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅមណ្ឌលព្រៃស្ពឺ ឱ្យមានភាពប្រសើរឡើង និងមានស្តង់ដាត្រឹមត្រូវ។
កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបលោកស្រី រួអេដា អី ហេក (Roueida EI Hage) តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជានាទីស្តីការក្រសួងសង្គមកិច្ចដើម្បីពិភាក្សាជុំវិញកិច្ចការជួយជនរងគ្រោះពីផលប៉ះពាល់នានា ព្រមទាំងជនអនាថាដែលនៅតាមមណ្ឌលជាដើម។
ក្នុងជំនួបនោះលោកស្រី Roueida EI Hage បានស្នើឱ្យរដ្ឋមន្ត្រីសង្គមកិច្ចលើកឡើងពីស្ថានការណ៍វិវត្តថ្មីៗជុំវិញបញ្ហាមណ្ឌលព្រៃស្ពឺដែលកន្លងមកមានក្រុមអង្គការសង្គមស៊ីវិលទទូចសុំឱ្យបិទទ្វារដោយសំអាងពីការរកឃើញកំហុសឆ្គងទុកមនុស្សចោលមិនមើលថែរហូតដល់ស្លាប់ដែលជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ជាការឆ្លើយតប លោកវង សូត បញ្ជាក់ប្រាប់ Roueida EI Hage ថា កន្លងទៅក្រសួងសង្គមកិច្ច តាមរយៈមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានយកចិត្តទុកដាក់លើមណ្ឌលព្រៃស្ពឺ ដោយបានគ្រប់គ្រងយ៉ាងល្អ និងបានផ្តល់ជំនួយបច្ចេកទេសនានាក្នុងគោលដៅគ្រប់គ្រងមណ្ឌលនេះឱ្យបានល្អ និងមានស្តង់ដាត្រឹមត្រូវផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា៖«ចំពោះករណីដែលមានការស្លាប់នៅក្នុងមណ្ឌលនោះ ក្រសួងទទួលបានរបាយការណ៍ជាបន្តបន្ទាប់ និងបានទាក់ទងទៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យរកពេទ្យបន្ថែមសម្រាប់មើលថែ ឬពេលមានជំងឺត្រូវបញ្ជូនអ្នកជំងឺទៅពេទ្យតាមលក្ខណៈសុខាភិបាល ដោយមិនទុកពួកគាត់ចោលនោះទេ»។
គួររំឭកថា កាលពីដើមខែធ្នូ ឆ្នាំមុន អង្គការលីកាដូបានចេញសេចក្តីថ្លែងការណ៍ពីការចងក្រងឯកសារស្ដីពីការរំលោភបំពាននៅមណ្ឌលព្រៃស្ពឺចាប់តាំងបើកដំណើរការក្នុងឆ្នាំ២០០៤មក និងបានស្នើជាថ្មីឱ្យបិទមណ្ឌល នេះក្រោយពីធ្លាប់ស្នើឱ្យបិទកាលពីឆ្នាំ២០០៨។
ការស្នើឱ្យបិទជាថ្មីនេះ គឺបន្ទាប់ពីរកឃើញមនុស្សយ៉ាងតិច១០នាក់បានស្លាប់ ក្នុងខែសីហា ឆ្នាំ២០២២ និងរកឃើញថា មានករណីឃុំមនុស្សដោយបង្ខំ និងមិនបានយកចិត្តទុកដាក់លើការថែទាំ។ អង្គការនេះបន្តថា ក្រុមការងារបច្ចេកទេស ក៏ពិនិត្យឃើញកំហុសឆ្គងពីការអនុវត្តការងារ របស់មណ្ឌលព្រៃស្ពឺផងដែរ ហើយបានរៀបសំណើកែប្រែលក្ខន្តិកៈ សម្រាប់ប្រធាន និងបុគ្គលិកនៃមណ្ឌលនេះ។
ពាក់ព័ន្ធបញ្ហានេះ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានឱ្យដឹងថា មកទល់ពេលនេះ ខាងក្រសួងសង្គមកិច្ចកំពុងពន្លឿនដំណោះស្រាយលើមណ្ឌលព្រៃស្ពឺទៅតាមអនុសាសន៍របស់លោកវង សូត ជារដ្ឋមន្ត្រីក្រោយជួបពិភាក្សាជាមួយលោកស្រី Roueida EI Hage។
លោកតូច ចាន់នី បញ្ជាក់ថា៖«ក្រសួងបានប្រជុំដោយកោះហៅប្រធានមន្ទីរសង្គមកិច្ចទាំងអស់មកជួបជុំគ្នាដើម្បីរកដំណោះស្រាយ ដោយនរណា[ជនអនាថាកំពុងស្នាក់នៅមណ្ឌលព្រៃស្ពឺ] នៅខេត្តណា មន្ទីរខេត្តនោះត្រូវតែយកគាត់ទៅ ហើយបញ្ជូនគាត់ឱ្យទៅដល់សហគមន៍របស់គាត់វិញ ឱ្យសម្ភារគាត់ ឬគាត់ទទួលបានបណ្ណសមធម៌ ឬបណ្ណក្រីក្ររបស់រដ្ឋាភិបាល។ អ៊ីចឹងទេ មណ្ឌលព្រៃស្ពឺនេះ ខាងក្រសួងកំពុងដុតដៃដុតជើងធ្វើណាស់»។
លោកបានបន្ថែមថា នៅថ្ងៃមុខមណ្ឌលព្រៃស្ពឺនឹងលែងមានបញ្ហារឿងអាស្រូវដូចមុនហើយ បន្ទាប់ពីកិច្ចអន្តរាគមន៍របស់ក្រសួងលើកនេះហើយក្រសួងនឹងពិចារណាលើលក្ខន្តិកៈមណ្ឌលព្រៃស្ពឺនេះគួរដាក់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទៅជាប្រភេទមណ្ឌលផ្សេងៗទៀត។
ជុំវិញបញ្ហានេះលោកអំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លើកឡើងថា មណ្ឌលព្រៃស្ពឺនេះមានបញ្ហាចោទដោយសារការគ្រប់គ្រងមិនច្បាស់លាស់រវាងភាគីក្រសួងសង្គម
កិច្ចនិងអាជ្ញាធរសាលារាជធានីភ្នំពេញដែលតែងប្រមូលជនអនាថា អ្នកសុំទាន ស្ត្រីរកស៊ីផ្លូវភេទ អ្នកញៀនថ្នាំទៅដាក់ក្នុងមណ្ឌលនេះ ហើយមិនមានការយកចិត្តទុកដាក់ រហូតមានករណីទុកអ្នកជំងឺដល់ស្លាប់។
លោកអំ សំអាត ថ្លែងថា បើសិនជាមើលទៅមិនមានការគ្រប់គ្រងបានល្អ គ្មានការកែប្រែអ្វីទេចំពោះមណ្ឌលព្រៃស្ពឺនេះទេ អង្គការលីកាដូ(Licadho) នៅតែរក្សាជំហរដដែលថា បើមិនអាចកែប្រែបានទេ គួរតែបិទមណ្ឌលព្រៃស្ពឺហ្នឹងទៅ។
លោកសំអាត បានបន្ថែមថា ខាងអង្គការលីកាដូនៅតែបន្តឃ្លាំមើលចំណាត់ការរបស់ក្រសួងនិងភាគីពាក់ព័ន្ធក្រោយការសន្យា និងប្តេជ្ញាកែលម្អមណ្ឌលព្រៃស្ពឺនេះ។
សម្រាប់លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សលើកឡើងដូច្នេះថា៖«បើសិនជាចង់រក្សាដំណើរការមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះមណ្ឌលនេះគួរជាទីកន្លែងផ្តល់ចំណេះជំនាញដល់ជនដែលទៅស្តារនីតិសម្បទាជាជាងនាំជនអនាថាមក ដោយគ្រាន់តែការពារមិនឱ្យមានភាពអនាធិបតេយ្យនៅតាមដងផ្លូវទីធ្លាសាធារណៈនោះ»៕