សៀមរាបៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ បានជំរុញដល់បណ្តាប្រទេសក្នុងតំបន់ និងអាស៊ី ប៉ាស៊ីហ្វិក និងដៃគូឱ្យមានកិច្ចសហការជាសកលក្នុងការដោះស្រាយបញ្ហាកាកសំណល់ជាពិសេសសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្ទេរបច្ចេកទេសពីប្រទេសជឿនលឿនដល់ប្រទេសអភិវឌ្ឍន៍តិចតួចដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។
ការជំរុញនេះធ្វើឡើងស្របពេលដែលកម្ពុជាតំណាងដោយក្រសួងបរិស្ថានធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ដោយមានគណៈប្រតិភូជាតិ និងអន្តរជាតិប្រមាណ ៥០០ រូបចូលរួម ក្រោមកិច្ចសហការរៀបចំពីក្រសួងបរិស្ថានជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់ (UNCRD)។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងថា ខណៈតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាតំបន់មួយដែលមានកំណើនសេដ្ឋកិច្ចដ៏លឿននៃពិភពលោក ប៉ុន្តែកាកសំណល់នៅតែកើនឡើងច្រើន រួមទាំងប្លាស្ទិកផងដែរ ដែលតម្រូវឱ្យមានការរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។
លោកបានបន្តថា វេទិកាក្រោមប្រធានបទ “សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” គឺធ្វើបានទាន់ពេលវេលា ហើយយើងកំពុងតែព្យាយាមស្តារឡើងវិញពីវិបត្តិកូវីដ ១៩ ដែលនេះគឺជាឱកាសល្អសម្រាប់គ្រប់ភាគីធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ ព្រមទាំងការយល់ឃើញផ្នែកវិទ្យាសាស្ត្រ ដើម្បីវាយតម្លៃលើជម្រើសដ៏សំខាន់ៗ។
លោកបានបញ្ជាក់ថា៖ «បញ្ហាកាកសំណល់ មិនមែនជាការងារងាយស្រួលទេ សម្រាប់យើង ប៉ុន្តែយើងត្រូវធ្វើការរួមគ្នាដើម្បីអត្ថប្រយោជន៍របស់មនុស្សធម៌ទាំងមូល ហើយវាគឺជាស្វាគមន៍ដែលវិស័យឯកជននៅកម្ពុជា និងនៅទូទាំងពិភពលោកមានឆន្ទៈបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមនៅក្នុងដំណើរការបដិវត្តន៍កម្មក្នុងការបង្កើតនូវការវិនិយោគបច្ចេកទេស ហើយនវានុវត្តន៍សមស្របដើម្បីបរិស្ថាន»។
នាឱកាសនោះ លោក សាយ សំអាល់ បានជំរុញដល់អង្គពិធីទាំងមូលត្រូវមានកិច្ចសហការជាសកល ព្រមទាំងផ្ទេរបច្ចេកវិទ្យាពីប្រទេសជឿនលឿនដល់ប្រទេសកំពុងមានការអភិវឌ្ឍតិចតួចដើម្បីដោះស្រាយបញ្ហាសកលឱ្យមានប្រសិទ្ធភាព។
លោកថា៖ «សម្រាប់ការធ្វើបដិវត្តន៍កម្មធ្វើឱ្យសង្គមពុំមានកាកសំណល់ពិតជាមានសារៈសំខាន់ ហើយអ្វីដែលយើងត្រូវការគឺសាមគ្គីភាពជាសកល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ»។
លោកបានបង្ហាញជំហរថា សម្រាប់កម្ពុជាបានត្រៀមខ្លួនជាស្រេចចាប់ដៃជាមួយដៃគូពាក់ព័ន្ធដើម្បីមនុស្សធម៌ ក្នុងគោលដៅធ្វើឱ្យមានការផ្លាស់ប្តូរក្នុងតំបន់ និងពិភពលោកផ្នែកបរិស្ថាន។
លោកថា៖ «ប្រទេសកម្ពុជាបានធ្វើការប្រឹងប្រែងជាច្រើនក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ហើយយើងក៏ធ្វើការបង្ហាញនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងហើយបានធ្វើការយ៉ាងសកម្មរួមទាំងនៅក្នុងប្រទេសនិងលក្ខណៈអន្តរជាតិ ហើយយើងបានកំណត់នូវយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបោន ព្រមទាំងកំណើនបៃតងផងដែរ»។
រីឯអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន លោក Shigeki Kobayashi ក៏បានថ្លែងដែរថា តាមរយៈវេទិកានេះលោកសង្ឃឹមថា អ្នកទាំងអស់គ្នានឹងទទួលបានការពិភាក្សាប្រកបដោយផ្លែផ្កានិងដោយអត្ថន័យក្នុងការគ្រប់គ្រងទាក់ទងជាមួយកាកសំណល់ដែលជាបញ្ហាមួយសំខាន់នៅក្នុងតំបន់របស់យើងក៏ដូចជាសេដ្ឋកិច្ចផ្សេងៗទៀត។
លោកថា៖«យើងក៏មានក្របខ័ណ្ឌមួយចំនួនក្នុងការគ្រប់គ្រងជាមួយភាគីពាក់ព័ន្ធក្នុងការពង្រឹងកាកសំណល់ និងការដឹកជញ្ជូនក៏ដូចជាបច្ចេកវិទ្យា។ដោយផ្អែកលើបច្ចេកវិទ្យាប្រទេសជប៉ុនបានគាំទ្រទៅលើការកែលម្អ និងការគ្រប់គ្រងកាកសំណល់ជាច្រើននៅក្នុងតំបន់តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការសម្របសម្រួល និងការផ្លាស់ប្តូរក្នុងការរៀបចំសេដ្ឋកិច្ចចក្រានៅក្នុងប្រទេសនីមួយៗ»។
ជាមួយគ្នានោះ លោកស្នើឱ្យភាគីពាក់ព័ន្ធបង្កើតភាពជាដៃគូរឹងមាំនៅទីនេះដើម្បីពង្រឹងគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា។
ប្រធានមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD លោក Kazushing Endo បានថ្លែងថា ប្រធានបទ ឬមូលបទនៅក្នុងវេទិកា គឺការរួបរួមសេដ្ឋកិច្ចវិលជុំនៅក្នុងវិស័យអភិវឌ្ឍន៍ធំៗ ឆ្ពោះទៅរកការសម្រេចបាននូវសង្គមដែលគ្មានកាកសំណល់។
លោកថា៖ «ប្រធានបទនេះមានលក្ខណៈជាប់ពាក់ព័ន្ធក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងសមូហភាពនៃកិច្ចសហប្រតិបត្តិការតំបន់រួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈអន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយក៏ដូចជាកតិកាសញ្ញាបរិស្ថាន និងឆ្ពោះទៅរកសង្គមដែលគ្មានកាកសំណល់»។
ប្រធានប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Alissar Chaker បានថ្លែងថា ទន្ទឹមនឹងមានការកើនឡើងនៃនគរូបនីយកម្ម ធ្វើឱ្យមានមនុស្សកាន់តែច្រើនធ្វើចំណាកស្រុកពីតំបន់ជនបទទៅកាន់ទីក្រុងដែលធ្វើឱ្យប្រឈមផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ចកើតឡើង រួមទាំងមានការកើនឡើងយ៉ាងខ្លាំងនៃកាកសំណល់ផងដែរ។
លោកស្រីបានថ្លែងថា៖ «ជាពិសេស ការបំពុលប្លាស្ទិកបានក្លាយទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពសាធារណៈ និងជីវភាពរស់នៅ យើងគួរតែប្រើប្រាស់ និងកាត់បន្ថយ និងច្នៃឡើងវិញនូវសំរាមប្លាស្ទិក ដូចសេដ្ឋកិច្ចវិលជុំផងដែរ គឺដើម្បីកាត់បន្ថយនូវការផលិតបន្ថែម ធ្វើឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយតម្រូវការប្លាស្ទិក»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានថា នៅក្នុងខ្លឹមសាររួមនៃការបើកវេទិកាថ្នាក់តំបន់នេះ គឺបានផ្ដោតជាសំខាន់ទៅលើគោលការណ៍3Rដែលពាក់ព័ន្ធនឹងការកាត់បន្ថយការប្រើប្រាស់ និងការកែច្នៃ គឺសំដៅធ្វើយ៉ាងណាដើម្បីទាញនូវសំណល់ដែលបានប្រើប្រាស់ យកមកកែច្នៃឡើងវិញបង្កើតទៅជាផលិតផលដែលមានតម្លៃ សម្រាប់ការប្រើប្រាស់ និងមានលក្ខណៈជាវិលជុំ។
លោកបានបញ្ជាក់ថា៖ «ក្នុងវេទិកានេះគេផ្ដោតជាសំខាន់ផងដែរទៅលើការគ្រប់គ្រងសំណល់ប្លាស្ទិកថា តើគេត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីធ្វើរួមចំណែកកាត់បន្ថយការប្រើប្រាស់សំណល់ទាំងអស់ហ្នឹង ក្រៅពីនោះក៏ផ្ដោតជាសំខាន់
ផងដែរ ទៅលើថា តើបណ្ដាប្រទេសទាំងអស់ហ្នឹង ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងដូចម្ដេចសាមគ្គីភាពគ្នាយ៉ាងដូចម្ដេចដើម្បីគ្រប់គ្រងបញ្ហានេះដើម្បីឱ្យសង្គមនៅតំបន់អាស៊ីប៉ាស៊ីហ្វិកគ្មានកាកសំណល់»៕