
ប្រធានព្រឹទ្ធសភាកម្ពុជាលោក សាយ ឈុំ បានទទួលជួបលោក ផាក ជុងវុក (PARK Jung_Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែកុម្ភៈនេះ។ រូបថត ព្រឹទ្ធសភា
កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលត្រូវបានពង្រឹងទំនាក់ទំនងជាប្រចាំលើវិស័យនយោបាយការបរទេស សន្តិសុខ និងបង្ហាញសុដ្ឋិនិយមថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងធ្វើឱ្យការកើនឡើងខ្ពស់នៃការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងខណៈប្រធានព្រឹទ្ធសភាកម្ពុជាលោក សាយ ឈុំ បានទទួលជួបលោក ផាក ជុងវុក (PARK Jung_Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែកុម្ភៈនេះ។
នាឱកាសនោះ លោក សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ ចំពោះលោក ផាក ជុងវុក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ហើយលោកសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងត្រូវពង្រឹងពង្រីងកាន់តែរីកចម្រើនខ្លាំងក្លាជាងនេះទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ក្នុងឱកាសនោះ លោក ផាក ជុងវុក បានសម្តែងនូវសេចក្តីរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសសម្បូរទៅដោយវប្បធម៌ និងមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ ជាពិសេសមានមរតកដ៏អស្ចារ្យជាប្រាង្គប្រាសាទជាដើម។ ឯកអគ្គរដ្ឋទូតសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់លោកនៅប្រទេសកម្ពុជា នឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកបញ្ជាក់ទៀតថា ៖«តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងធ្វើឱ្យមានការកើនឡើងខ្ពស់នៃការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកសង្ឃឹមផងដែរថា នាពេលខាងមុខ ប្រទេសទាំងពីរ នឹងពង្រឹងពង្រីកឡើងវិញកិច្ចសហប្រតិបត្តិការនានា និងការផ្លាស់ប្តូរនូវវប្បធម៌ ព្រមទាំងទំនាក់ទំនងទ្វេភាគី ដើម្បីឈានដល់ចំណុចមុនការរាតត្បាតនៃជំងឺកូវីដ១៩ និងលើសពីកម្រិតនេះថែមទៀត។ ជាមួយគ្នានោះឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភានៃប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ជាការឆ្លើយតបប្រធានព្រឹទ្ធសភាលោក សាយ ឈុំ បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងទំនាក់ទំនងជាប្រចាំលើវិស័យនយោបាយ ការបរទេស សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈ វប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងចំណងមេត្រីភាពរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ។
លោកថា៖«ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន។ ការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ មិនត្រឹមតែទទួលបានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏សំខាន់ និងជាវិជ្ជមានដល់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក»។
បន្ថែមពីនេះ លោក សាយ ឈុំ បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការកើនឡើងជាបន្តបន្ទាប់នៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងទាំងពីរ ដោយក្នុងឆ្នាំ២០២២កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីមានទំហំ ៧៧៨,៩២ លានដុល្លារអាមេរិក ហើយពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២២ ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជាមានទំហំប្រមាណ ៥,០៦ ប៊ីលានដុល្លារអាមេរិក ដែលស្ថិតនៅចំណាត់ថ្នាក់ទី២។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាកូរ៉េ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ខណៈកម្ពុជាមានការរំពឹងខ្ពស់ថា នឹងទទួលបានកំណើនសេដ្ឋកិច្ចបន្ថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
សូមជម្រាបថា ការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺនៅឆ្នាំ១៩៩៧ និងទើបបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា- កូរ៉េ ដ៏មានអត្ថន័យកាលពីឆ្នាំ២០២២ កន្លងទៅនេះ។
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ៕