ភ្នំពេញៈ ប្រទេសចិនសង្ឃឹមថា នឹងចាប់យកឱកាសនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍វាសនារួមចិនកម្ពុជា និងបន្តមិត្តភាពចិនកម្ពុជាពី ១ ជំនាន់ទៅ ១ ជំនាន់។
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang (លី កេឈាង) លោក ហ៊ុន សែន បានចាកចេញពីកម្ពុជានៅថ្ងៃទី ៩ ខែកុម្ភៈ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន រហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ។
លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៦ ខែកុម្ភៈ គឺមុន ៣ ថ្ងៃ នៃដំណើរទស្សនកិច្ចនេះថា លោក ហ៊ុន សែន គឺជាមិត្តល្អ និងជាមិត្តចាស់របស់ប្រជាជនចិន។ លោកគឺជាមេដឹកនាំបរទេសដំបូងគេ ដែលត្រូវបានទទួលស្វាគមន៍ដោយប្រទេសចិនបន្ទាប់ពីពិធីបុណ្យនិទាឃរដូវនៅឆ្នាំនេះ ដោយផ្អែកលើគុណភាពខ្ពស់នៃទំនាក់ទំនងចិនកម្ពុជា។
លោកស្រីបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំចិននឹងជួបជាមួយលោក ហ៊ុន សែន ដាច់ដោយឡែកពីគ្នា ដើម្បីផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។ ចិននិងកម្ពុជាជាប្រទេសជិតខាងជិតស្និទ្ធជាប្រពៃណី និងជា «មិត្តដែកថែប»។ ទំនាក់ទំនងមិត្តភាពកម្ពុជាចិន ដែលបង្កើតឡើងដោយមេដឹកនាំជំនាន់មុននៃប្រទេសទាំង២បានបន្តនូវភាពរឹងមាំ និងរីកចម្រើនយ៉ាងខ្លាំងក្លា។
លោកស្រី ម៉ៅ នីង បន្ថែមថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំង ២ កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមចិនកម្ពុជា បានទទួលនូវលទ្ធផលជាផ្លែផ្កាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំង ២ និងបានរួមចំណែកជាវិជ្ជមានដល់សន្តិភាព និង វិបុលភាពក្នុងតំបន់ និងក្រៅតំបន់។ ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិនកម្ពុជា និងជា «ឆ្នាំមិត្តភាពចិនកម្ពុជា»។
លោកស្រីលើកឡើងថា៖ «ប្រទេសចិនសង្ឃឹមថា នឹងចាប់យកឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍វាសនារួមចិនកម្ពុជា និងបន្តមិត្តភាពចិនកម្ពុជាពី ១ ជំនាន់ទៅ ១ ជំនាន់»។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ៧ ខែកុម្ភៈ ថា ក្នុងឱកាសទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងមានជំនួបដាច់ដោយឡែកជាមួយលោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន និងលោក លី ជានស៊ូ (Li Zhanshu)ប្រធានសភាតំណាងប្រជាជនចិនហើយក៏នឹងមានជំនួបទ្វេភាគីជាមួយលោក លី កេឈាងដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា នាយករដ្ឋមន្ត្រីទាំង ២ នឹងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននឹងផ្តល់កាលានុវត្ត ភាពដល់រដ្ឋាភិបាលទាំង ២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជាចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំង ២»។
លោក ហ៊ុន សែន បានធ្វើដំណើរទៅដល់ប្រទេសចិន នៅវេលាម៉ោង ១២ និង ២០ នាទី ម៉ោងនៅកម្ពុជា នាថ្ងៃទី ៩ ខែកុម្ភៈ។ ក្រសួងព័ត៌មានបានដកស្រង់សម្តីលោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី ៩ ខែកុម្ភៈ មុនការចេញដំណើររបស់លោក ហ៊ុន សែន ថា មានឯកសារប្រមាណជា ១២ នឹងត្រូវចុះហត្ថលេខា ក្នុងទស្សនកិច្ចរបស់លោក ហ៊ុន សែន។
ឯកសារទាំងនោះពាក់ព័ន្ធទៅលើកិច្ចសហប្រតិបត្តិការទាំងខាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងវិស័យមួយចំនួនទៀតផងដែរ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច គឺមានការផ្ដល់ហិរញ្ញប្បទាន ក្នុងនោះក៏មានជាជំនួយឥតសំណង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គោលបំណងធំរបស់លោក ហ៊ុន សែន ទៅបំពេញទសន្សកិច្ចនៅប្រទេសចិនគឺជាការរឹតចំណងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកបន្តថា៖ «បើទោះបីជាកម្ពុជាជាប្រទេសតូចតែកម្ពុជាជាប្រទេសយុទ្ធសាស្ត្រ ជាមិត្តដែកថែបនិងជាប្រទេសដែលផ្តល់តម្លៃដល់កិច្ចសហប្រតិបត្តិការនិងស្មារតីពហុភាគីនិយម គោរពគោលការណ៍សន្តិភាពនិងច្បាប់អន្តរជាតិ ដែលកត្តាទាំងនេះហើយ ដែលចិនតែងតែបន្តជួយកម្ពុជាអភិវឌ្ឍប្រទេសដោយ ផ្អែកលើការគោរពគ្នាទៅវិញទៅមកនិងគោលការណ៍ឈ្នះឈ្នះ»។
លោក ម៉េងដាវិត លើកឡើងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់និងបម្រែបម្រួលសន្តិសុខតំបន់ប្រកបដោយភាពមិនប្រាកដប្រជាបានធ្វើឱ្យកម្ពុជាកាន់តែត្រូវអនុវត្តគោលនយោបាយឆ្លាតវៃ និងបត់បែនដើម្បីការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព ការអភិវឌ្ឍជាតិ និងបង្កើនមិត្តនិងប្រយោជន៍ជាតិ៕