ភ្នំពេញៈ ទាហានមួកខៀវកម្ពុជា ៣០ នាក់បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតគ្រឿងផ្ទុះរយៈពេល ១ ខែ ក្រោមកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានពីប្រទេសបារាំង។
ពិធីបិទបញ្ចប់វគ្គនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (អ.ស.ប.) និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ។
លោក ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងក្នុងពិធីនេះថា វគ្គហ្វឹកហ្វឺននេះត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតដល់សិក្ខាកាម រួមទាំងបំពេញបន្ថែមចំណុចខ្វះខាត សម្រាប់បង្កើនសមត្ថភាពឱ្យយល់ដឹងពីនីតិវិធីមូលដ្ឋានបោសសម្អាតគ្រឿងផ្ទុះ ក្នុងការសម្រេចបេសកកម្មទាំងថ្នាក់ជាតិ និង អ.ស.ប.។
លោកបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចំនួន ៣០ នាក់ ក្នុងនោះនារី ចំនួន ២ នាក់ ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃផងដែរ។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានដកស្រង់សម្ដីលោក Jacques Pellet ចុះផ្សាយក្នុងហ្វេសប៊ុកនាថ្ងៃទី១០ ខែកុម្ភៈ ថា វគ្គសិក្សានេះនឹងអាចឱ្យទាហានមួកខៀវកម្ពុជា មានសមត្ថភាពថ្មីទៅនឹងតម្រូវការ អ.ស.ប. ក្នុងអំឡុងពេលបំពេញបេសកកម្មនាពេលអនាគត។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានបង្ហាញការគាំទ្រ និងអមដំណើរមជ្ឈមណ្ឌលជាតិ នូវមហិច្ឆតា ដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏មានឧត្តមភាពក្នុងវិស័យរក្សាសន្តិភាព»។
លោក ប៉ុល សារឿន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលបារាំង ដែលជាមិត្តជិតស្និទ្ធរបស់កម្ពុជាក្នុងដំណើរស្វែងរកសន្តិភាព និងអភិវឌ្ឈកម្ពុជា។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងបណ្តាស្ថាប័នពាក់ព័ន្ធ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកម្មវិធីសិក្សា ខ្លឹមសារមេរៀន ឯកសារ ដឹកនាំគ្រប់គ្រង បង្រៀន និងរៀន ដែលធ្វើឱ្យវគ្គហ្វឹកហ្វឺននេះ បានដំណើរការតាមពេលកំណត់៕