ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ក្រុមហ៊ុន​ចិន​សិក្សា​ពី​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿនលឿន​ធន់ស្រាល ពី​រាជធានី​ភ្នំពេញ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធន់ស្រាល​ក្នុង​រាជធានី​ភ្នំពេញ។​

​លោក​ស្នើ​ដូច្នេះ​ក្នុងជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ធំៗ​ចំនួន ៣ របស់​ប្រទេស​ចិន ដែល​រួមមាន ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន Beijing Urban Construction Group និង​ក្រុមហ៊ុន China Metro Group កាលពី​ថ្ងៃទី ៩ ខែកុម្ភៈ ក្នុង​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ចំនួន ៣ ថ្ងៃ​ពីថ្ងៃ​ទី ៩-១១ ខែកុម្ភៈ។

​គេហទំព័រ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​នា​ថ្ងៃទី ៩ ខែកុម្ភៈថា ក្រុមហ៊ុន​ទាំង ៣ បាន​ចាប់អារម្មណ៍​បន្ត​វិនិយោគ​លើ​ការសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​គមនាគមន៍​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះបាន​វិនិយោគ​លើការ​សាងសង់​ផ្លូវ​ស្ពាន​ប្រមាណ​ជាង ២ ពាន់​គីឡូម៉ែត្រ ក្នុង​ប្រទេស​កម្ពុជា នា​រយៈពេល​កន្លងមក។

​គេហទំព័រ​ដដែល​បញ្ជា​ក់ថា​៖ «​ទាក់ទិន​ទៅនឹង​ការវិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធន់ស្រាល សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​ក្រុមហ៊ុន China Metro Group Limited សិក្សា​ពី​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿនលឿន​ធន់ស្រាល ពី​រាជធានី​ភ្នំពេញ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធន់ស្រាល​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុងមាន​ចរាចរណ៍​យ៉ាង​មមាញឹក»។

​ប្រភព​ដដែល​បន្តថា ក្រុមហ៊ុន​វិនិយោគ​ទាំង ៣ របស់​ប្រទេស​ចិន ក៏បាន​ប្រាប់​លោក ហ៊ុន សែន ពី​គម្រោង​សិក្សា​លើ​លទ្ធភាព​វិនិយោគ​ថ្មីៗ ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ពេល​ខាងមុខ ពិសេស​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​ប៉េកាំង​នេះ។

​ក្រុមហ៊ុន​ចិន​ទាំង ៣ ក៏បាន​ជម្រាប​ប្រាប់​លោក ហ៊ុន សែន ថា ការ​សាងសង់ និង​ដាក់ឱ្យ​ប្រតិបត្តិ​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​រៀបចំ​ឡើង​ក្រោម​កិច្ចសន្យា​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន (PPP) ដើម្បី​ឈានទៅ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងបាវិត នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៣ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៧។

​ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងនោះ​ប្រា​ប់លោក ហ៊ុន សែន អំពី​ការវិនិយោគ​លើ​ការដឹកជញ្ជូន​ផ្លូវ​ទឹកសាប ការវិនិយោគ​លើការ​ចម្រាញ់​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ និង​ការសិក្សា​ពី​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ភ្នំពេញ-ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​គម្រោង​នៃ​ការវិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ធន់ស្រាល ពី​ខេត្ត​សៀមរាប​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ជីក្រែង ក្នុង​ខេត្ត​សៀមរាប។

​ក្រុមហ៊ុន​ចិន បន្ត​ប្រា​ប់លោក ហ៊ុន សែន អំពី​ការបញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី នៅ​រាជធានី​ភ្នំពេញ និង​បានដាក់​បញ្ចូន​នូវ​របាយការណ៍​សិក្សា​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ត។

​ក្រុមហ៊ុន​ចិន​ក៏បាន​ប្រាប់​លោក​ទៀត​អំពី​គម្រោង​ដឹកជញ្ជូន​ផ្លូវទឹក និង​កំពង់ផែ ដែល​ក្នុងនោះ​ក្រុមហ៊ុន​បាន​បញ្ចប់​ការសិក្សា​បឋម​គម្រោង​ស្តារ​ផ្លូវទឹក​ទន្លេសាប ភ្នំពេញ-សៀមរាប ដែល​បាន​ប្រគល់ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួចរាល់។

​ក្រុមហ៊ុន​ក៏បាន​ប្រា​ប់លោក ហ៊ុន សែន អំពី​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់ ក្នុងនោះ​បាន​និង​កំពុង​សិក្សា​ផែនការមេ និង​លទ្ធភាព​ដំបូង សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​បណ្តាញ​លូ​សំណង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង និង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។

​ក្រុមហ៊ុន​ទាំង ៣ ក៏បាន​ប្រាប់​លោក​ទៀត អំពី​ការជួយ​សាងសង់​អគារ «​វិទ្យាស្ថាន​សម្តេច​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» ១ ខ្នង កម្ពស់ ៤ ជាន់ ដែល​រួមមាន​បន្ទប់​សិក្សា ការិយាល័យ​រដ្ឋបាល មន្ទីរពិសោធន៍ និង​ការបំពាក់​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដែល​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ២,៥ លានដុល្លា​អាមេរិក។

​គេហទំព័រ​ដដែល​បញ្ជា​ក់ថា ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន ក៏បានផ្តល់​ថវិកា​ប្រមាណ ២ លានដុល្លា​អាមេរិក ដើម្បី​ជួយ​សាងសង់​អគារ «​ពន្ទីរពេទ្យ​តេជោសែន កោះធំ​» ស្រុក​កោះធំ ខេត្ត​កណ្តាល​។ ក្រុមហ៊ុន​ចិន​ទាំង ៣ ក៏បាន​សុំ​ការគាំទ្រ​ពី​លោក ហ៊ុន សែន ចំពោះ​ការវិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ក្រុមហ៊ុន​បាន​សិក្សា​រួច ដើម្បីឱ្យ​គម្រោង​ទាំងនោះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​បំផុត៕​

វីដេអូ៖