សៀមរាបៈ មន្ត្រី​ជំនាញ​បរិស្ថាន​កម្ពុជា និង​អ្នកជំនាញ​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​រួម​នឹង​ដៃគូ​ពាក់ព័ន្ធ កំពុង​ពិភាក្សា​អំពី​ការដោះស្រាយ​ពី​ការប្រែប្រួល​អាកាសធាតុ ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​នេះ​។​

​ការបង្កើត​ភាពស៊ីចង្វាក់​គ្នា​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​សេដ្ឋកិច្ច​ច​ក្រា​គឺជា​ប្រធានបទ​សំខាន់​ដែល​បានលើកឡើង​ក្នុង​កិច្ចពិភាក្សា​នៃ​វេទិកា​ថ្នាក់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​លើក​ទី​​១១ ​ស្តីពី 3R និង​សេដ្ឋកិច្ច​ច​ក្រា នៅ​ខេត្តសៀមរាប​ដោយ​មន្ត្រី​ជំនាញ​មកពី​ក្រសួងបរិស្ថាន​នៃ​បណ្តា​ប្រទេស​អាស៊ី និង​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្រោយពី​ពិធី​បើក​ផ្លូវការ​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា​។

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រី​ជំនាញ​បច្ចេកទេស មកពី​បណ្តា​ប្រទេស​នានា​រួម​នឹង​អង្គការ​ដៃគូ​បាន​ជជែក​ពិភាក្សា​យ៉ាង​ផុសផុល​ដើម្បី​ពិនិត្យ​លើ​បញ្ហា​ដែល​ជួបប្រទះ​និង​ដំណោះស្រាយ​។​

​លោក​បាន​បន្តថា វាគ្មិន​មកពី​ក្រសួងបរិស្ថាន​កម្ពុជា មន្ត្រី ជំនាញ​ពី​វៀតណាម អូស្ត្រាលី ហ្វីលីពីន និង​អង្គការ​យូ​នី​ដូ បានធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​សំខាន់ៗ​រួមមាន ជីវៈ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព និង​វិលជុំ​នៅក្នុង​របៀបវារៈ​អាកាស​ធាតុ​និង​កាលានុវត្តភាព​,​វិថី​ទៅកាន់​អព្យាក្រឹត​កាបូន​,​តួនាទី​របស់​សេដ្ឋកិច្ច​ច​ក្រា​, កាតាលីករ​សកម្មភាព​រួម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នាំទៅរក​ការផ្លាស់ប្តូរ​កាបូន​ទាប​,​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​របស់​កម្ពុជា​,​ផែនទី​បង្ហាញផ្លូវ​រប​ស់​កម្ពុជា​ក្នុងការ​ប្រើប្រាស់ និង​ផលិតភាព​ប្រកបដោយ​និរន្តរភាព និង​ផែនការ​សកម្មភាព​។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​គ្រប់ភាគី​បាន​ឯកភាពគ្នា​ថា​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ច​ក្រា គឺ​ចាំបាច់​ដើម្បី​សម្រេចបាន​ទាំង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​គោលដៅ​ផ្នែក​ការប្រែប្រួល​អាកាសធាតុ​ដែល​បាន​ព្រមព្រៀង​ដោយ​សហគមន៍​អន្តរជាតិ និង​ដើម្បី​ជួយ​កសាង​សេដ្ឋកិច្ចពិភពលោក​ឡើង​វិញ​ដើម្បី​ធ្វើឱ្យ​កាន់តែ​រឹងមាំ បៃតង និង​ប្រសើរ​ជាង​មុន​»​។

​បន្ថែម​ពីនេះ​បណ្តា​ប្រទេស​នានា ក៏បាន​បង្ហាញ​ពី​ភាពចាំបាច់​នៃ​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​។ នាឱកាស​នោះដែរ​មន្ត្រី​នៃ​ក្រសួងបរិស្ថាន​កម្ពុជា​បានបង្ហាញ​ដល់​អ្នកចូលរួម​អំពី​ការ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​រៀបចំតាក់តែង​គោលនយោបាយ និង​ផែនការ​សកម្មភាព​ផ្សេងៗ​ក្នុង​សេដ្ឋកិច្ច​ច​ក្រា​ទៅក្នុង​ការអភិវឌ្ឍ​ចម្បងៗ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​បានរៀបចំ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ច​ក្រា ដើម្បី​ជួយ​ឱ្យ​ប្រសើរឡើង​នូវ​ទិដ្ឋភាព​ជាច្រើន​នៃ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​ប្រទេស​កម្ពុជា និង​ការសម្រេចបាន​នូវ​និរន្តរភាព​បរិស្ថាន ដោយ​ការលើកកម្ពស់​ការប្រើប្រាស់​ថាមពល និង​ធនធាន​សម្ភារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ខណៈពេល​កាត់បន្ថយ​ផលប៉ះពាល់​ពី​ការប្រើប្រាស់​ធនធាន​ហួស​កម្រិត និង​ការបង្កើត​កាកសំណល់​»​។

​លោក នេត្រ ភក្ត្រា ថ្លែង​ផងដែរ​ថា ប្រទេស​កម្ពុជា​ស្ថិតក្នុង​ទីតាំង​ដ៏​រឹងមាំ​មួយ​ក្នុងការ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​សេដ្ឋកិច្ច​ច​ក្រា​,​ការកសាង​លើ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ការកើនឡើង​នៃ​មូលដ្ឋាន​អ្នកប្រើប្រាស់​វ័យក្មេង​។ ប៉ុន្តែ​លោក​ថា យ៉ាងណាក៏ដោយ ការណែនាំ​អំពី​វិធីសាស្ត្រ​សេដ្ឋកិច្ច​ច​ក្រា​ទាមទារ​ឱ្យ​យកឈ្នះ​លើ​ឧបសគ្គ​ផ្សេងៗ​។​

​កញ្ញា សឹង ស្រី​និ​ច អ្នកស្រាវជ្រាវ និង​ពិសោធន៍​នៃ​ក្រុមហ៊ុន Villageworks ដែល​បាន​ចូលរួម​ដាក់​បង្ហាញ​ផលិតផល​នៅក្នុង​វេទិកា​ថ្នាក់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​លើក​ទី​ ១១​ ស្តីពី​ 3R ​និង​សេដ្ឋកិច្ច​ច​ក្រា​បាន​ថ្លែងថា ដោយសារ​ប្លា​ស្ទិ​ក​មិន​ងាយ​រលាយ​ក្នុង​ផែនដី និង​ប៉ះពាល់​ដល់​បរិស្ថាន ទើប​ក្រុមហ៊ុន​ខ្លួន​បាន​ស្រាវជ្រាវ ហើយ​ផលិត​របស់​ប្រើប្រាស់​វេច​ខ្ចប់​មិនមែនជា​ប្លា​ស្ទិ​ក ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ។

​កញ្ញា​បាន​បន្តថា​៖ «​ដោយសារ​ក្រុមហ៊ុន​របស់​យើង​ផ្តោតលើ​ការកាត់បន្ថយ​ប្លា​ស្ទិ​ក និង​ការប្រើប្រាស់​ឡើងវិញ​ដោយ​ពពួក​ប្លា​ស្ទិ​ក ហើយ​យើង​ចង់ឱ្យមាន​ផ​លិ​ផល​ណា​ដែល​ជំនួស​ប្លា​ស្ទិ​ក​តែម្តង ដូច្នេះហើយ​ទើប​យើង​កែច្នៃ​របស់​វេច​ខ្ចប់​ចំណីអាហារ ឬ​ចាន​ដែល​មិនមែនជា​ប្លា​ស្ទិ​ក​នេះ​ឡើង​។ ដូច្នេះ​ទើប​យើង​ធ្វើការ​ប្រើប្រាស់​សរសៃ​ចេក ឬ​ដើម​ចេក ផលិត​ជា​ចាន ពេលដែល​ប្រើប្រាស់​ហើយ​អាច​ងាយ​រលាយ​ទៅវិញ​៕