​ប្រធាន​កាកបាទ​ក្រហមកម្ពុជា​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន អំពាវនាវ​ឱ្យ​ក្រសួង​សុខាភិបាល រួម​ជាមួយ​ដៃគូ​សហការ​ដទៃទៀត ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​រួម​កម្លាំង​គ្នា​និង​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​ឱ្យកាន់​តែខ្លាំង​ជាង​មុន ក្នុងការ​ពង្រឹង​ការផ្តល់​សេវា​សុខភាព​បន្តពូជ សុខភាព​មាតា ទារក និង​កុមារ។​

​ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ក្រោម​ប្រធានបទ “​រួមគ្នា​ពង្រឹង​សេវា​សុខភាព​បន្តពូជ សុខភាព​មាតា ទារក កុមារ យុវវ័យ និង អាហារូបត្ថម្ភ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ ២០៣០”។​

​ក្នុង​សារលិខិត​របស់​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ បាន​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​បាន​យកចិត្ត​ទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ជម្នះ​គ្រប់​ការលំបាក​ក្នុង​ការបន្ត​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ និង​ក្នុងការ​លើក​កម្ពស់​គុណភាពសុខាភិបាល​គ្រប់ផ្នែក​ទាំងអស់ ជាពិសេស​ក្នុងការ​ពង្រឹង​ការផ្តល់​សេវា​សុខភាព​បន្តពូជ សុខភាព​មាតា ទារក និង​កុមារ។

សារលិខិត​បន្តថា ការយកចិត្តទុកដាក់​ក្នុងការ​ផ្ដល់​ការ​គាំពារ ការថែទាំ​សុខភាព ការព្យាបាល និង​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​រហូត​បាន​សម្រេច​នូវ​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ពោលគឺ អត្រា​នៃ​ស្ត្រី​ដែល​បាន​ទទួល​ការថែទាំ​ផ្ទៃពោះ​ពី​គ្រូពេទ្យ​ជំនាញ​មុនពេល​សម្រាល​បាន​កើន​ពី ៩៥ ដល់ ៩៩% អត្រា​មរណភាព​មាតា​បាន​ថយចុះ​ពី ១៧៤ មក​នៅ ១៥៤ ក្នុង​ចំណោម ១ សែន​កំណើត​រស់​អត្រា​មរណភាព​ទារក​ទើប​កើត​បាន​ថយចុះ​ពី ១៨ មក​នៅ ៨ ក្នុង​ចំណោម ១ ពាន់​កំណើត​រស់​ជាដើម។​

​ប៉ុន្តែ​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ទន្ទឹមនឹង​វឌ្ឍនភាព​នេះ ក៏​នៅមាន​ក្ដីកង្វល់​មួយចំនួន​ទៀត​ដែល​ទាមទារ​ឱ្យ​ក្រសួង​សុខាភិបាល រួមជាមួយ​ដៃគូ​សហការ​ដទៃទៀត​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ រួម​កម្លាំង​គ្នា​និង​ផ្ដោត​ការយក​ចិត្តទុកដាក់​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន ក្នុងការ​លើកកម្ពស់​គុណ​ភាព​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត មាន​ដូចជា សេវា​/​មធ្យោបាយ​ពន្យារកំណើត​សម្រាប់​ស្ត្រី​ក្នុង​វ័យ​បន្តពូជ សេវា​ផ្តល់​ការថែទាំ​ដល់ស្ត្រី ជា​មាតា​ក្រោយ​សម្រាល រួមជាមួយ​សេវា​គាំពារ ថែទាំ​ទារក/កុមារ និង​ការផ្ដល់​អាហារូបត្ថម្ភ​ឱ្យបាន​គ្រប់គ្រាន់ ដល់​ទារក/កុមារ ការលើក​កម្ពស់​សេវា​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​មក​កូន​ជាដើម»។​

​តាមរយៈ​សារលិខិត​នេះ លោកស្រី ប៊ុន រ៉ានី យល់ឃើញថា កត្តា​គន្លឹះ​ដ៏​សំខាន់​មួយទៀត ដែល​នឹង​ជំរុញ​ឱ្យ​កម្ពុជា​សម្រេច​បាន​គោលដៅ​អភិឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ គឺការ​ចូលរួម ពី​បងប្អូន​រួម​ជាតិ​ទាំងអស់ ក្នុងការ​ទៅ​ទទួល​យក​សេវា​សុខាភិបាល​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ធានាបាន​គុណភាព និង​សុវត្ថិភាព​។ ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ លោកស្រី​អំពាវនាវ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ទៅ​ពិនិត្យ​សុខភាព និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ឱ្យបាន​ទៀងទាត់​ចំនួន ៤ ដង តាម​ពេលវេលា​កំណត់ ទៅ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​តេតាណូស និង​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ ទៅ​ទទួល​យក​សេវា​បង្ការ/ព្យាបាល​ទាំងអស់ ពិសេស​ការស្ម័គ្រចិត្ត ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ស្វាយ រលាក​ថ្លើម​ប្រភេទ​បេ ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​ពី​ម្ដាយ​ទៅកូន។ ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​មាន​គ្រូពេទ្យ​ជំនាញ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ និង​ទៅពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​ម្តាយ ទាំង​កូន យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ១១ មុខ តាម​ពេលវេលា​កំណត់​និង​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យ​តាមដាន​សុខភាព​និងការ​លូតលាស់ របស់​កូន រហូតដល់​កូន​មាន​អាយុ​ពីរឆ្នាំ។ ស្នើ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ជាតិ-អន្តរជាតិ បន្ត​វិនិយោគ​ក្នុង​ការងារ​សុខភាព​បន្ត​ពូជ សុខភាព​មាតា ទារក កុមារ យុវវ័យ និង​អាហារូបត្ថម្ភ ពិសេស​សូមជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការងារ​បណ្តុះបណ្តាល​ជំនាញ និង​វិក្រឹតការ​ដល់​មន្ត្រី/បុគ្គលិក​សុខាភិបាល រួមទាំង​អាជ្ញាធរ​មូលដ្ឋាន អ្នក​អប់រំ​ផ្សព្វផ្សាយ​នៅ​សហគមន៍ ឱ្យ​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ។

​ក្នុង​សារលិខិត​របស់លោក​ស្រី ប៊ុន រ៉ានី ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ឧទ្ទិស​ខ្លឹមសារ​និង​អត្ថន័យ​នៃ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ឱ្យ​ស្ថិតនៅ​ក្នុងការ​ចងចាំ និង​យកចិត្ត​ទុកដាក់​ប្រែក្លាយ​ប្រធានបទ​នេះ​ឱ្យទៅជា​ការពិត​ជាក់ស្ដែង ផ្ដល់​ក្ដីសង្ឃឹម​ដល់​បងប្អូន​រួម​ជាតិ​ទាំងអស់ ដែលជា​កម្លាំង​ដ៏មាន​សក្តានុពល​ជំរុញ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឱ្យសម្រេច​បាន​គោលដៅ​ធំៗ ដែល​បាន​កំណត់ ជាពិសេស​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ ២០៣០»៕​