
រូបភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងនឹងខិតខំជួយបណ្តុះបណ្តាលជំនាញផ្សេងៗទៀត ជូនដល់កងទ័ពដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមនៅអង្គភាពរបស់ខ្លួន និងទុកជាទុនសម្រាប់ពួកគាត់នាពេលអនាគត ក្រៅពីការផ្តល់សម្ភារ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា សិក្ខាកាមដែលបានមកទទួលការបណ្តុះបណ្តាលនេះ ពិតជាបានទទួលនូវចំណេះដឹងថ្មីបន្ថែម និងចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ លើការងារជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងការបំពេញតួនាទី ក៏ដូចជាចែករំលែកនូវចំណេះដឹង និងជំនាញទាំងនេះ ជាមួយសហការីនៅតាមមូលដ្ឋានកងទ័ពរបស់ខ្លួន។
តាងនាមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអបអរសាទរ និងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្ររហូតដល់ចប់វគ្គ ហើយទទួលបាននូវជំនាញបច្ចេកទេសវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ដែលជាវគ្គពិសេសមួយរៀបចំឡើងដោយមហាវិទ្យាល័យអេឡិចត្រូនិក និងដេប៉ាតឺម៉ងទូរគមនាគមន៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
លោក ហេង សួរ មើលឃើញថា សក្តានុពលនៃកិច្ចសហប្រតិបត្តិក្នុងក្របខ័ណ្ឌរវាងកងទ័ព និងស្ថាប័នស៊ីវិល វិស័យឯកជន ក្រោមរូបភាព សម្ព័ន្ធមេត្រីភាព ដែលកន្លងមក បាននិងកំពុងចូលរួមជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនជាថវិកា សម្ភារ មធ្យោយបាយ។ល។ ដល់បណ្តាអង្គភាពកងទ័ព ប្រកបដោយជោគជ័យក៏ដោយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងអាចរួមគ្នាជួយដល់កងទ័ពក្រៅពីការផ្តល់ជាថវិកា សម្ភារ ឬមធ្យោបាយ។ លោកថា៖«យើងអាចជួយពួកគាត់បន្ថែមលើសពីនេះទៀត ហើយដែលអាចទទួលបានផលយូរអង្វែងនិងមាននិរន្តរភាព ដូចជាការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់កងទ័ពជាដើម ដែលពួកគាត់មិនត្រឹមតែអាចយកចំណេះដឹងទៅជួយអង្គភាពគាត់ប៉ុណ្ណោះទេ តែអាចជាទុនសម្រាប់ពួកគាត់នាពេលអនាគតទៀតផង»។
លោក ហេង សួរ បញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ព ដើម្បីចូលរួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ បើតាមលោក ហេង សួរ ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទូទាំងប្រទេស ដែលបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧ គ្រឹះស្ថានសិក្សា។
គួរជម្រាបជូនដែរថា វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែនជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក បានប្រព្រឹត្តឡើងក្នុងរយៈពេល ២ខែ ហើយបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួម ៧៤នាក់ មកពី ២១កងឯកភាពនៃកងទ័ពជើងគោកនៅទូទាំងប្រទេស៕