កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានផ្តល់គោលការណ៍មួយចំនួន ដល់មន្ត្រីជំនាញ មិនត្រូវចុះទៅរុះរើផ្ទះ បំផ្លាញដំណាំរបស់ប្រជាពលរដ្ឋទៀតទេ តែត្រូវបន្តចុះពិនិត្យស្រាវជ្រាវប្រវត្តិដីបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពដីដែលត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ និងដីរដ្ឋត្រូវរក្សាទុកសម្រាប់ពេលអនាគត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ត្រូវមានភាពស្មោះត្រង់ និងហាមដាច់ខាត មិនឱ្យមានការកាប់រុករានដីព្រៃបន្ថែមទៀតនោះទេ។ លើសពីនេះទៀត អាជ្ញាធរដែនដី ត្រូវសហការជាមួយប្រជាពលរដ្ឋ ផ្សព្វផ្សាយគោលនយោបាយដីធ្លីឱ្យបានទូលំទូលាយ និងមានភាពច្បាស់លាស់។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ កាលពីថ្ងៃទី៩កុម្ភៈ ក្នុងវេទិកាសាធារណៈ ផ្សព្វផ្សាយអំពីបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកបានលើកឡើងថា វេទិកានេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ មានឱកាសលើកឡើងនូវទុកកង្វល់ បញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា ជូនថ្នាក់ដឹកនាំ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានល្អប្រសើរ។
ជាមួយគ្នានេះលោកងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យមានការចាញ់បោកចំពោះបុគ្គលមួយចំនួន ដែលតែងយកលេសថា រត់ការដើម្បីបានចេញប្លង់កម្មសិទ្ធិឱ្យសោះ៕