រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានបង្ហើបឱ្យដឹងថា ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំវេទិកាជាតិកេសរកូលលើកទី៣ ក្នុងខែមីនា ឆ្នាំ ២០២៣ ឆាប់ៗនេះ ដើម្បីបន្តបញ្ជ្រាបការយល់ដឹង និងបន្តការអភិរក្សរុក្ខជាតិកេសរកូលនៅកម្ពុជាឱ្យបានកាន់តែច្រើនប្រភេទថែមទៀត។ ជាមួយនឹងការរៀបចំនេះ មន្ត្រីជាន់ខ្ពស់បរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងត្រូវការទាំងផែនការ និងការអនុវត្តដើម្បីអាចថែរក្សា និងអភិរក្សកេសរកូលឱ្យគង់វង្ស។
នាឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានឱ្យដឹងថា វេទិកានេះនឹងមានការចូលរួមពីសំណាក់ក្រសួងស្ថាប័ន ពាក់ព័ន្ធ ជាពិសេសបងប្អូនអាជីវករដែលមានអាជីវកម្មលក់ផ្កា មិនថាផ្កាបានមកពីការបង្កាត់ ឬផ្កាដែលមានលក់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាននឹងនាំយកនូវប្រភេទកេសរកូល ព្រៃទៅដាក់តាំងបង្ហាញជូនអ្នកចូលរួមផងដែរ។
លោកបញ្ជាក់ថា៖«កម្ពុជាយើងត្រូវការទាំងផែនការ និងការអនុវត្តដើម្បីអាចថែរក្សា និងអភិរក្សកេសរកូលឱ្យគង់វង្ស ហើយយើងសង្ឃឹមថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលេន អាចជាកន្លែងផ្ដល់ពូជដើម្បីផ្គត់ផ្គង់ទៅតម្រូវការក្នុងស្រុកបន្ថែម ខណៈដែលបច្ចុប្បន្នមានការនាំចូលផ្កាមកច្រើន»។ លោកបន្ថែមថា ម្យ៉ាងទៀត ជាមួយនឹងជីវភាពពលរដ្ឋដែលប្រសើរជាងមុន ពួកគេអាចមានលទ្ធភាពតុបតែងផ្ទះដោយប្រើប្រាស់កេសរកូលផងដែរ។
លោក នេត្រ ភក្ត្រា ឱ្យដឹងទៀតថា ការរៀបចំវេទិកានេះឡើងគឺស្ថិតក្រោមគោលបំណង ដើម្បីបង្ហាញពីភាពសម្បូរបែបនៃកេសរកូលរបស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះបើតាមការស្មាន មានកេសរកូលប្រមាណជា ៥០០ប្រភេទ ដែលបានមកពីការសិក្សាប្រមូលរបស់ក្រុមមន្ត្រីជំនាញយកចេញពីខេត្តព្រះសីហនុ កំពត កោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប។
លោកបានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជាបានប្រមូលកេសរកូលបានចំនួន ៥ ពាន់សំណាក ក្នុងនោះមានកេសរកូលចំនួន ២១០ប្រភេទ ហើយកេសរកូលដែលបានកំណត់ អត្តសញ្ញាណជាក់លាក់គឺមានជាង ១០០ប្រភេទ។
អ្នកនាំពាក្យរូបនេះបានបន្តថា៖ «គោលបំណងទី២គឺ ដើម្បីផ្សព្វផ្សាយឱ្យបានដឹង នឹងបណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ជាពិសេសអ្វីដែលយើងមាន ហើយវេទិការបស់យើងនេះក៏ទាញនូវការចាប់អារម្មណ៍ជារួមដល់សាធារណជន ក៏ដូចជាអ្នកពាក់ព័ន្ធអំពីការព្រួយបារម្ភថា យើងអាចនឹងបាត់បង់ប្រភេទកេសរកូល ដោយសារតែកន្លងទៅនេះមានការធ្វើអាជីវកម្មហួសប្រមាណទៅលើកេសរកូលព្រៃ»។
រីឯគោលបំណងទី៣គឺ ដើម្បីទប់ស្កាត់កុំឱ្យមានការធ្វើអាជីវកម្មហួសជ្រុលទៅលើកេសរកូលព្រៃ គឺយើងបានចេញនូវសេចក្ដីណែនាំដល់រដ្ឋបាលរាជធានីខេត្តដែលមានតំបន់ការពារធម្មជាតិ ជាពិសេសគឺមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានសូមឱ្យពួកគាត់ទៅគ្រប់គ្រងឱ្យបានល្អ ហើយក៏ជូនដំណឹងដល់ពលរដ្ឋកុំឱ្យធ្វើអាជីវកម្មហួសប្រមាណ។
គួរបញ្ជាក់ថា វេទិកាជាតិកេសរកូលលើកទី២កន្លងទៅ បានប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០២២ ស្ថិតនៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ ក្នុងនោះផងដែរ ក៏មានការចូលរួមពីមន្ត្រីឧទ្យានុរក្ស ប្រជាពលរដ្ឋ មន្ត្រីបរិស្ថាន ម្ចាស់អាជីវកម្មលក់ផ្កា ក៏ដូចជាអ្នកថតរូបផ្កា សម្រាប់ផ្សព្វផ្សាយជាដើម៕