សៀមរាបៈ អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្ដរជាតិដែលកំណាយស្រាវជ្រាវខឿនព្រះវិហារខាងកើត ប្រាសាទបាយ័ន រកឃើញគំនរបំណែកក្បឿងនៅលើខឿនកាកបាទ ដែលជាសក្ខីភាពបញ្ជាក់អំពីសំណង់ឈើប្រក់ក្បឿងមានវត្តមាននៅលើខឿននេះ។
លោក Andrew Harris ជាប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) បានឱ្យដឹងថា ជាទូទៅក្រៅអំពីបំណែកកុលាលភាជន៍ខ្មែរ និងភាជន៍ចិន ដែលជាភ័ស្តុតាងការប្រើប្រាស់នាសម័យអង្គរ ក្រុមការងារក៏ជួបប្រទះនូវភ័ស្តុតាងនៃការប្រើប្រាស់ កុលាលភាជន៍ សម័យក្រោយអង្គរ (នាសតវត្សរ៍ទី ១៦ ទៅ ១៧) នៅក្នុងស្រទាប់ជិតព្រះវិហារ។
អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្ដរជាតិបាននិងកំពុងកំណាយស្រាវជ្រាវខឿនព្រះវិហារខាងកើត ប្រាសាទបាយ័ន គម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គររបស់សាកលវិទ្យាល័យ តូរិនតូ ប្រទេសកាណាដា ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវនៅខឿនព្រះវិហារបុរាណមួយ ស្ថិតនៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ ២០០ម៉ែត្រ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការស្រាវជ្រាវបង្កើតទ្បើងក្នុងគោលបំណងស្វែងយល់អំពីតួនាទីរបស់រចនាសម្ព័ន្ធ និងតួនាទីរបស់សំណង់បុរាណនានាដែលក្នុងនោះរួមមាន ខឿនព្រះវិហារ ខឿនកាកបាទស្ថិតខាងលិចជាប់នឹងព្រះវិហារ និងសំណង់ខឿនព្រះធាតុ។ ជាពិសេស គឺស្វែងយល់អំពីសម័យកាលវិវត្តន៍នៃការគោរពបូជាព្រះពុទ្ធសាសនា នាចុងសម័យអង្គរ។
ប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) លោក Andrew Harris បានឱ្យដឹងថា នេះជាគម្រោងកំណាយស្រាវជ្រាវលើកទី៣ លើខឿនព្រះវិហារនៅក្នុងក្រុងអង្គរធំ។ លោកពន្យល់ថា កំណាយស្រាវជ្រាវនេះធ្វើឡើងក្នុងបំណង ស្វែងយល់ពីតួនាទីខឿនកាកបាទ និងខឿនព្រះពុទ្ធសាសនាដែលស្ថិតនៅជ្រុងខាងកើត ដើម្បីដឹងពីអាយុកាល និងតួនាទីនៃសំណង់ទាំងនោះ។
លោកបញ្ជាក់បន្ថែមថា៖ «ការងារលើកនេះ គឺរួមបញ្ចូលទាំងការសិក្សាអំពីតួនាទី មុខងារ អាយុកាលរបស់ខឿនព្រះធាតុ ដែលស្ថិតនៅដាច់អំពីសំណង់ព្រះវិហារបុរាណ និងជាពិសេស គឺស្វែងយល់អំពីទំនាក់ទំនងប្រើប្រាស់របស់សំណង់ព្រះវិហារទៅជាមួយនឹងសហគមន៍មនុស្សរស់នៅជុំវិញ។ល។»។
លោកបន្តថា ចាស់បុរាណនាសម័យក្រោយអង្គរលោកបានបញ្ចុះធាតុអ្នកស្លាប់ក្នុងកូនក្រឡកប់ក្នុងដីបរិវេណខឿនកាកបាទ ទៅតាមទំនៀមទម្លាប់ជំនឿព្រះពុទ្ធសាសនា។ ជាងនេះទៅទៀត គេក៏ប្រទះឃើញស្លាកស្នាមទឹកហូរ ចេញចូលពីស្រះទឹកដ៏ធំមួយក្បែរនោះ ទៅមុខព្រះវិហារផងដែរ។
កិច្ចការសហការសិក្សាស្រាវជ្រាវសំណង់ខឿនព្រះវិហារសម័យអង្គរនេះបង្ហាញនូវភ័ស្តុតាងមួយចំនួនទាក់ទងនឹងការវិវត្តសង្គមសាសនាចុងសម័យអង្គរ និងសង្គមមនុស្សបន្តរស់នៅក្រោយការផ្លាស់ប្ដូររាជធានីទៅភាគខាងត្បូង។
លោក Andrew Harris បន្ថែមថា កន្លងមក អ្នកស្រាវជ្រាវយល់ថា រាជធានីអង្គរត្រូវបានគេបោះបង់ចោល និងពុំមានមនុស្សរស់នៅ។
តែតាមរយៈការសិក្សាថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ រួមទាំងការស្រាវជ្រាវទាំងបីលើកក្នុងគម្រោងព្រះវិហារអង្គរ ក៏បានបន្ថែមនូវភ័ស្តុតាងសំខាន់ៗមួយចំនួន ដែលអាចបញ្ជាក់អំពីការផ្លាស់ប្តូរជំនឿសាសនា និងការស្ថាបនាសំណង់សាសនា តាមបែបទស្សនៈព្រះពុទ្ធសាសនា ដែលអាចរាប់ចាប់ពីចុងសតវត្សរ៍ទី១៣ ដល់ទីបញ្ចប់សតវត្សរ៍ទី១៤ និង ជាពិសេស នៅសតវត្សរ៍ទី១៦ តរៀងមក។
តាមរយៈសិល្បៈសំណង់ព្រះវិហារនីមួយៗក្នុងក្រុងអង្គរធំ បញ្ជាក់នូវអាយុកាលនៃការស្ថាបនា នាចុងសម័យអង្គរ និងមានសំណង់មួយចំនួនតូចទាក់ទងនឹងសម័យក្រោយអង្គរ។ ជាការពិតណាស់ព្រះវិហារមួយចំនួនត្រូវបានកែលម្អ ឬស្ថាបនាក្រោយវត្តមានព្រះបាទអង្គចន្ទ ព្រះរាជវង្ស និងព្រះពុទ្ធសាសនានឹងត្រលប់មកកាន់រាជធានីចាស់។
របកគំហើញថ្មីៗរបស់ក្រុមស្រាវជ្រាវជាតិ និងអន្តរជាតិផ្តល់លទ្ធភាពក្នុងការចងក្រងប្រវត្តិសាស្រ្តមួយបែបថ្មី ដែលកន្លងមកតែងយល់ថា ព្រះវិហារក្នុងរាធានីអង្គរត្រូវបានស្ថាបនាទ្បើងនាសម័យក្រោយអង្គរស្របជាមួយការត្រទ្បប់មកវិញរបស់ព្រះបាទអង្គចន្ទ យាងមកជួសជុលទីសក្ការៈបូជាក្នុងប្រាសាទអង្គរវត្ត។ ជាសក្ខីភាពដូចជា ជួសជុលកែប្រែប្រាសាទអង្គរវត្ត ស្ថាបនាព្រះពុទ្ធរូបធំៗ លើភ្នំបាខែង និងប្រាសាទបាភួន និងព្រះវិហារជុំវិញប្រាសាទបាយ័ន។
តាមការស្រាវជ្រាវកន្លងមក គេបានសន្និដ្ឋានថា សំណង់ខឿនព្រះវិហារព្រះពុទ្ធសាសនាក្នុងកំពែងក្រុងអង្គរធំ មានចំនួនចន្លោះពី ៦២ ទៅ៧២។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ការស្រាវជ្រាវនៅទួលព្រះវិហារទាំងនោះ មានចំនួនតិចតួចនៅទ្បើយ និងជាប្រធានបទថ្មីមួយសម្រាប់ក្រុមស្រាវជ្រាវជាតិ និងអន្តរជាតិសហការគ្នាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសង្គមរស់នៅរបស់បុព្វបុរសខ្មែរលើរាជធានីអង្គរនាចុងសម័យអង្គរ និងក្រោយអង្គរ៕