ធនាគារជាតិនៃកម្ពុជា ក្រើនរំឭកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ ហាមដាច់ខាតទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ សម្រាប់ការធានាលើការផ្តល់ឥណទាន។ ក្នុងករណីមិនស្តាប់តាមការណែនាំ នឹងត្រូវរងទណ្ឌកម្មខាងវិន័យ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ក្នុងលិខិតរបស់អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលបានជម្រាបជូនដល់លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ បានបញ្ជាក់ថា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា៖ «លិខិតយថាភូតមិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះថា លិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម»។
ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ងន់ថា នេះជាការក្រើនរំឭកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ និងតម្រូវឱ្យគ្រឹះស្ថានបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។
ក្នុងលិខិតដដែលបានព្រមានថា៖ «ក្នុងករណី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវរងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ»។
ជុំវិញបញ្ហានេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា តាមពិតការប្រកាសនេះមានយូរហើយ ដែលមិនអនុញ្ញាតឱ្យយកអត្តសញ្ញាណបណ្ណ ឬលិខិតស្នាក់នៅ ឬសៀវភៅគ្រួសារទៅធ្វើជាទ្រព្យបញ្ចាំនោះទេ ហើយការងារនេះ នៅសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាតែងតែអនុវត្តបានខ្ជាប់ខ្ជួន។
លោកថា៖«នេះមិនមែនជារឿងថ្មី គឺច្រើនឆ្នាំមកហើយ គ្មាននរណាហ៊ានធ្វើទេ ព្រោះបើគាត់ហ៊ានធ្វើនឹងរងការពិន័យធ្ងន់ធ្ងរ អ៊ីចឹងខ្ញុំអាចនិយាយបានថា បើសិនក្នុងកម្រិតសមាជិកសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គឺមិនមានអ្នកណាធ្វើបែបនោះទេ»។
លោកបន្ថែមថា៖ «ខ្ញុំអាចធានាបានថា នៅក្នុងចំណោមសមាជិកទាំង ១២៥ របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គឺនឹងមិនមានគ្រឹះស្ថានដែលគាត់ទៅយកឯកសារទាំងនោះមកធ្វើការធានានោះទេ ព្រោះយកមកអត់ចំណេញទេ ព្រោះអាជ្ញាធរគាត់ចាប់បាននឹងមានការដាក់ពិន័យធ្ងន់ធ្ងរណាស់»។
សូមជម្រាបថា ការក្រើនរំឭកនេះ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) ខិតជិតមកដល់ ស្របពេលដែលប្រជាពលរដ្ឋខ្មែរមួយចំនួនបានយកឯកសារស្របច្បាប់ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចយកដាក់បញ្ចាំនៅតាមគ្រឹះស្ថានមួយចំនួនដើម្បីធានាទៅលើប្រាក់កម្ចី៕