កម្ពុជា និង​វិទ្យា​ស្ថាន​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈកូរ៉េ (KRIVET) នៃ​សាធារណរដ្ឋ​កូរ៉េ គ្រោង​បង្កើត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បច្ចេកទេស និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ជាមួយ​នឹង​កម្ពុជា ក្នុង​គោល​បំណង​ក្នុង​ការ​ពង្រីក​ចំណេះ​ដឹង​ទាក់ទង​ជំនាញ​បច្ចេកទេស។

គម្រោងនេះ ត្រូវបាន​ផ្តួចផ្តើម​ឡើង​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូកូរ៉េ ដែល​ដឹកនាំ​ដោយ​លោក Kim Young Saing មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈកូរ៉េ (KRIVET) នៃ​សាធារណរដ្ឋកូរ៉េ ចូល​ជួប​ពិភាក្សា​ការងារ ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បច្ចេកទេស និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃទី​១០ខែ​កុម្ភៈ ឆ្នាំ​២០២៣។ គំនិត​ផ្តួចផ្តើម​នេះ​ផងដែរ បន្ទាប់ពី​គណៈប្រតិភូ​កូរ៉េ បាន​ទៅ​ទស្សន​កិច្ច​សិក្សា នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និងបច្ចេកទេស ព្រះបាទ​សម្តេច​ព្រះបរមនាថន​រោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង។

ប្រភព​ពី​ក្រសួង​អប់រំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​ប្រតិភូ​កូរ៉េ បាន​ធ្វើបទ​បង្ហាញ​ទាក់ទង​ទៅ​នឹង​គម្រោង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យអប់រំ​បច្ចេកទេស និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ជាមួយ​នឹង​កម្ពុជា។

ប្រភព​ដដែល​បន្ត​ថា៖ «កិច្ច​សហប្រតិបត្តិការ​នេះ​មាន​គោលបំណង​ក្នុង​ការ​ពង្រីក​ចំណេះ​ដឹង​ទាក់ទង​ទៅ​នឹង​វិស័យ​អប់រំ​បច្ចេកទេស និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ពង្រីក​គំរូ​អាស៊ាន​លើ​ការ​អប់រំ​បច្ចេកទេស និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ (ASEAN TVET Model) ដែល​សមស្រប​នឹងបរិបទ និង​យុទ្ធសាស្រ្ដ​អភិវឌ្ឍន៍​អាស៊ាន និង​ការ​បង្កើត​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​គ្រូ​បង្រៀន​អប់រំ​បច្ចេកទេស និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​កម្មវិធី​ផ្លាស់ប្ដូរ​ការ​សិក្សា»។

ឆ្លៀតក្នុង​ឱកាស​នេះ លោក ហង់ ជួនណារ៉ុន បាន​ថ្លែង​អរគុណ ចំពោះ​គណៈប្រតិភូ​កូរ៉េ ដែល​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​កម្ពុជា។

ជាមួយគ្នានោះ លោក​បាន​ស្នើសុំ​ឱ្យ​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈកូរ៉េ (KRIVET) សិក្សា​ស្វែងយល់​អំពី​ជំនាញ​បច្ចេកទេស ដូចជា ការ​ប្រើប្រាស់​ដ្រូន (Drone) និង​ជំនាញ​ទាក់ទង​នឹង​សម្ភស្ស (Beauty) ទៅលើ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​នៅ​ភ្នំពេញ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ក្នុង​ការ​អនុវត្ត​កម្មវិធី​នា​ពេល​ខាង​មុខ។

សូម​ជម្រាបថា វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈកូរ៉េ (KRIVET) បាន​អនុវត្ត​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ដូចជា ការ​ប្រើប្រាស់ដ្រូន (Drone) ការ​ព្រីនបែប 3D (3D Printer) ជំនាញ​គ្រឿងចក្រ (Automation) ជំនាញ​ទាក់ទង​នឹង​សម្ភស្ស (Beauty) និងព័ត៌មានវិទ្យា នៅ​បណ្ដា​ប្រទេស​រួមមាន ប្រទេសថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងឥណ្ឌា៕