ភ្នំពេញៈ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​ ១២​ ខែកុម្ភៈ​​នេះ ​បាន​សម្រេច​កាត់​បន្ថយ​ពេលវេលា​ពី​ ៧២​ ម៉ោង​ មក​នៅត្រឹម ២៤​ ម៉ោង​វិញ​ ដើម្បី​ឱ្យ​វិទ្យុ​សំឡេង​ប្រជាធិប​តេយ្យ​វី​អូ​ឌី​(VOD) ធ្វើ​ការ​សុំ​ទោស​ជា​សា​ធារណៈ​ ដើម្បី​បញ្ចប់​ការភាន់ច្រ​ឡំ​ពាក់​ព័ន្ធ​ការ​ចុះ​ផ្សាយ​ថា​លោក ​ហ៊ុន ម៉ា​ណែ​ត ជា​អ្នក​ចុះ​ហត្ថ​លេខា​ជំនួស​ឪពុក​ក្នុងការ​ផ្តល់​ជំនួយ​ថវិកា​ជួយ​តួក​គី​ដែល​កំពុង​រង​គ្រោះ​រញ្ជួយ​ដី​។​ពាក់ព័ន្ធ​បញ្ហា​នេះ ​ប្រធាន​ផ្នែក​ផ្សព្វ​ផ្សាយ​នៃ​ស្ថាប័ន VOD បាន​ប្រាប់​ថា​ ខ្លួន​កំពុង​ប្រមូល​ព័ត៌​មាន ដើម្បី​ឆ្លើយ​តប​នឹង​ករណី​នេះ​។​

ការ​ប្រតិ​កម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កើតឡើ​ង ​បន្ទាប់​ពី​សារព័​ត៌មាន VOD កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ​ បានចេ​ញ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា «​មន្ត្រី​រដ្ឋាភិបា​ល​ថា​ ការដែល​លោក​ ហ៊ុន ម៉ា​ណែ​ត ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​តួ​ក​គី មិន​មែន​ជា​រឿង​ខុស​ឆ្គង​»​។​

ក្នុង​អត្ថ​បទ​នេះ​លើក​ឡើង​បន្តថា «​មន្ត្រី​រដ្ឋាភិ​បាល​ថា ការដែល​លោក ហ៊ុន ម៉ា​ណែ​ត ដើរតួនាទី​​ជំនួស​ឪពុក​ដោយ​ចុះហត្ថ​លេខា​ផ្តល់​ជំនួយ​ថវិកា​ទៅឱ្យ​ប្រទេស​តួ​ក​គី​ដែល​កំពុង​រង​គ្រោះ​រញ្ជួយ​ដី​នោះ​មិនមែន​ជា​រឿង​ខុស​ឆ្គង​ទេ ដោយ​សារ​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ​ដែល​ជា​ឪពុក​កំពុង​មាន​ធុរៈ រីឯ​អ្នក​ឃ្លាំមើ​ល​យល់ថា​ បើ​អនុលោម​​តាមច្បា​ប់ គឺ​នាយក​រដ្ឋមន្ត្រី​ស្តីទី ឬ​ឧប​នាយ​ករដ្ឋមន្ត្រី គួរ​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ​នៅពេ​ល​នាយក​រដ្ឋ​មន្ត្រី​ខកខាន​​»​។​

ឆ្លើយ​តប​នឹង​ការ​ចុះផ្សា​យ​នេះ​លោកនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​យប់​ថ្ងៃទី ១១​​ ខែកុម្ភៈ​​ថា ​ដើម្បី​បញ្ចប់​ការ​ភាន់​ច្រឡំ​ឬ​រហូត​ដល់​ការ​មួល​បង្កាច់​ដោយ​ចេតនា​ពី​វិទ្យុ​ VOD​ មិន​ត្រឹមតែ​លើ ​ហ៊ុន ម៉ា​ណែ​ត​ ប៉ុណ្ណោះ​ទេ​ តែ​វា​ជា​រឿង​របស់​រាជរ​ដ្ឋាភិ​បាល​ទាំង​មូល​លើ​ការគ្រប់​គ្រង​ថវិកា​ជាតិ​។​

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «តើ​ការ​ចោទ​លើ ​ហ៊ុន ម៉ា​ណែ​ត​ ជាការ​វាយ​ប្រហារ​ខាង​នយោ​បាយ​ឬ​ជាការ​ភាន់​ច្រឡំ​? ​ខ្ញុំ​ទុកពេល​ឱ្យ​សុំ​ទោស​ជា​សាធា​រណៈ​រយៈ​ពេល៧​២ម៉ោង​ដោយ​សុំទោស​រាជរដ្ឋា​ភិបាល​ផង ​និង​សុំទោស​ហ៊ុន​ ម៉ា​ណែ​ត ​ផង​»​។​

​ជាមួយគ្នា​នោះ​លោកបា​ន​ណែនាំ​ឱ្យ​ក្រសួង​ព័ត៌មាន​ត្រូវ​ធ្វើការ​ជាមួយ ​VOD ​ព្រមជាមួ​យ​លោក ​គី តិច​ ប្រធាន​មេធាវី​រាជរដ្ឋា​ភិបាល​ដើម្បី​ត្រៀម​ពាក្យ​បណ្តឹង​ទៅកា​ន់​តុលាកា​រ​ក្នុង​ករណី​ពួកគេ​មិន​ព្រម​សុំ​ទោស​។ លោក​ថា​៖ «​យើង​មិន​ចង់បាន​អ្វី​ក្រៅពី​ភាព​ស្អាតស្អំ​ និង​ត្រឹម​ត្រូវ​របស់​យើង​ឡើយ​។​សូមកុំ​ថា ​យើង​គំរាម​ឱ្យសោះ ​(​សិទ្ធិ​របស់​អ្នកមាន​ព្រំដែន​ជាមួយ​សិទ្ធិ​របស់​អ្នក​ដទៃ​)​។ ​មិត្តភក្តិ​បរទេស​ឬ​សង្គម​ស៊ីវិល​មុន​បញ្ចេញ​មតិ​សូម​ស្រា​វជ្រាវ​រឿងនេះ​​ជាមុ​នសិន​ទាំង​អង្គហេ​តុ និង​អង្គ​ច្បាប់​»​។​

​បន្ថែម​ពីនេះ​លោក ហ៊ុន សែ​ន បាន​រំ​ឭកនូវ​ពាក្យ​ដាស់​តឿន​របស់លោក​សម្រាប់​អ្នកសារ​ព័ត៌​មាន​ កាលពី​ថ្ងៃ ​១៤​ ខែមករា ២០២៣ ​កន្លងទៅ​នៅក្នុង​ពិធី​សំណេះសំ​ណាល​ជាមួយ​អ្នកសារ​ព័ត៌​មាន​ថា​៖ «​អ្នក​សារព័​ត៌មាន​កុំ​បំពាន​អ្នកដ​ទៃ​កុំ​បំភ្លៃ​ការពិត​»​។​

ពាក់​ព័ន្ធ​ការគ្រប់​គ្រង​ថវិកា​ជាតិ​វិញ​លោក​ឱ្យដឹងថា​៖ ​«ខ្ញុំ​សូម​ចែករំ​លែក​នូវ​របៀប​គ្រប់​គ្រង​ថវិកា​និយាយ​ជារួម​ និង​និយាយ​ដោយឡែ​ក​លើ​ការ​ផ្តល់ជំ​នួយ​ចំពោះ​ប្រទេស​តួកគី​។ ​ច្បាប់​និង​ការអ​នុវត្ត​នៅ​ប្រទេស​យើង​គឺមាន​តែ​នាយក​រដ្ឋមន្ត្រី​ម្នាក់​គត់​ មាន​សិទ្ធិ​បញ្ជា​ចំណាយ​ក្រោម​ច្បាប់​ថវិកា​ជាតិ​ដែល​ជា​អគ្គប​ញ្ជាការ​​កំពូល​។​ ឯ​រដ្ឋមន្ត្រីក្រ​សួង​សេដ្ឋ​កិច្ច ហិរ​ញ្ញវត្ថុ​ គឺជា​នា​យអគ្គ​សេនាធិកា​រ​សម្រាប់​ដឹកនាំ​អនុវត្ត ​ឯ​ថ្នាក់​ដឹកនាំ​ផ្សេង ​រាប់ទាំង​ឧបនា​យក​រដ្ឋមន្ត្រី​ មិន​មាន​សិទ្ធិ​ឬ​មក​លូក​លាន់​កិច្ចការ​នេះឡើ​យ ​លើកលែ​ងតែ​ការបញ្ជា​ចំណាយ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ដែល​ច្បាប់​ថវិកា​ផ្តល់ជូន​»​។​

​លោក​បន្តថា​៖ «​សម្រាប់​ជំនួយ​ទៅ​ប្រទេស​តួកគី​យោប​ល់​ទី១​គឺ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រាក់ សុខុន​ព្រឹក​ថ្ងៃ​ ៨ កុម្ភៈ ម៉ោង​៦ និង ៥៦​ នាទី​។​ បញ្ជា​ខ្ញុំ​ឱ្យ​ប្រកាស​ ១០ ម៉ឺន​ដុល្លារ​ម៉ោង​ ៧ ​និង ១២​ នាទី​ និង​បញ្ជូន​សំណេរ​ទាំង២ជូន​​ឯកឧ​ត្តម​ អូន ពន្ធ​មុនី​រ័ត្ន​ ដែល​គាត់​ឆ្លើយ​ទទួល​អនុវត្ត​នៅ​ម៉ោង ​៧ និង​ ១៨ ​នាទី នៅ​ព្រឹក​ថ្ងៃ ៨ កុម្ភៈ ​២០២៣ ​ដូចគ្នា​»​។​

​ទាក់ទង​នឹងបញ្ហា​​នេះដែរ លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជា​ការ​រង​នៃ​កងយោ​ធព​ល​ខេមរ​ភូមិន្ទ​ មេបញ្ជា​ការ​កងទ័ព​ជើងគោ​ក​កម្ពុជា​ កាលពី​ថ្ងៃទី​១១​ ខែកុម្ភៈ ក៏បាន​ស្នើឱ្យ​សារព័​ត៌​មាន​វិទ្យុ​សំឡេង​ប្រជាធិប​តេយ្យ​(VOD)​បង្ហាញ​ឯកសារ​ដែល​ចុះផ្សាយ​​ថា​លោក​ជា​អ្នក​ចុះហ​ត្ថលេខា​​ជំនួស​ឱ្យ​លោកនា​យក​រដ្ឋមន្ត្រី ​ហ៊ុន សែន ក្នុងការ​ផ្តល់ជំនួ​យ​ថវិកា​​ទៅឱ្យ​ប្រទេស​តួ​កគី​ដែល​កំពុង​រង​គ្រោះ​រញ្ជួយ​ដី​។​

លោក ហ៊ុន ម៉ា​ណែ​ត​ បាន​បង្ហោះ​សារ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ​ថា​៖«​ពិតជា​មានរឿង​ប្លែកៗ​មែន​...បើ​អ្នក​និយាយ​តាម facebook​តាម​អារម្មណ៍​មិនមាន​អាជីព​ពិត​ប្រាកដ​ខ្ញុំ​មិន​ថា​ទេ ប៉ុន្តែ​សម្រាប់​សារព័ត៌មាន​អាជីព​ដែល​ជ្រក​ក្រោម​ស្ថាប័ន​សារ​ព័ត៌មា​ន​ច្បាស់លា​ស់ ខ្ញុំ​ត្រូវការ​ការបំភ្លឺ​មួយ​ដែល​មាន​ភាព​ប្រាកដ​ប្រជា​ និង​ការ​ទទួល​ខុស​ត្រូវ​»​។​

​លោក​បន្តថា​៖«​ខ្ញុំ​សុំឱ្យ​វិទ្យុ VOD បង្ហាញ​ឯកសារ​ដែល​បញ្ជាក់ថា​ខ្ញុំ​បាន​ចុះហត្ថលេ​ខា​​ជំនួស​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋា​ភិបាល​ ក្នុងការ​ផ្តល់​ជំនួយ​ថវិកា​ទៅ​ឱ្យប្រ​ទេស​តួ​កគី​ដែល​កំពុង​រងគ្រោះ​រញ្ជួយ​ដី​ផង ព្រោះ​ខ្ញុំ​មិន​បាន​ដឹង​រឿង​នេះហើយ​ខ្ញុំ​ក៏​មិន​មាន​សិទ្ធិ​ក្នុង​ការ​ចុះហត្ថ​លេខា​​លើ​ឯកសារ​របស់​រាជ​រដ្ឋា​ភិបា​ល​ដែរ​»​។

លោក​បន្តថា​៖«​ខ្ញុំ​បាន​ស្រាវជ្រា​វ​រក​ឯកសារ​ដែ​ល​ពាក់ព័​ន្ធ ប៉ុន្តែ​ឃើញ​មាន​សេចក្តីប្រ​កាស​ព័ត៌មានរប​ស់​ក្រសួងកា​រប​រទេស​និង​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជាតិ​តែ ១​គត់ដែ​ល​មិនមាន​ហត្ថលេខា​​អ្នក​ណា​ទាំងអស់​។​បើVOD មិនមាន​ឯកសា​រ ​ហើយ​ចុះផ្សាយ​​ពត៌មាន​មិន​ត្រឹមត្រូ​វសូ​ម​ធ្វើការ​​សុំទោស​ព្រម​ទាំង​ធ្វើការ​​កែសម្រួល​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​ជា​សាធា​រណៈ​ជាបន្ទា​ន់ ដើម្បី​កុំឱ្យ​សាធារ​ណម​តិ​​មាន​ការ​យល់​ច្រឡំ​ក្នុង​រឿងនេះ​។​ខ្ញុំ​មិន​ចង់បាន​អ្វី​ក្រៅតែ​ពី​ការពា​រ​ភាព​ត្រឹម​ត្រូវ​និង​ច្បាស់​លាស់​ទេ​»​។​

ពាក់ព័​ន្ធ​បញ្ហា​នេះលោក ​អ៊ិត សូ​ធឿ​ត ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សា​យ​នៃ​មជ្ឈម​ណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សា​យ​ឯករាជ្យ(CCIM) ដែលVOD​ផ្នែក​មួយ​នៃប្រព័​ន្ធ​ផ្សព្វផ្សា​យនេះ​បាន​​ថ្លែង​ថា ពេល​នេះ​ក្រុមការងារ​​កំពុង​​សិក្សា ​និង​ប្រមូល​ព័ត៌មាន​ពាក់​ព័ន្ធ​ករណី​នេះ​។​

លោក​ឱ្យដឹងថា​៖«​ពេលនេះ​សូម​អត់​ទាន់​ឆ្លើយ ដោយ​សារ​យើង​កំពុង​សិក្សា​ពី​ករណី​នេះ​នៅឡើយ​ទេ ​យើង​កំពុង​ប្រមូល​ព័ត៌មាន ជជែក​ពិភាក្សា​គ្នា​ដើម្បី​ថា ​តើ​នឹង​ឆ្លើយ​តប​យ៉ាង​ម៉េច​»​។​

​ចំណែក​កញ្ញា ប៉ា សុ​ខេង អ្នក​សារ​ព័ត៌មាន​ប្រចាំ​ស្ថាប័ន VOD ដែល​បាន​សរសេរ​អត្ថបទ​នេះ បាន​ថ្លែងប្រា​ប់​នៅ​ថ្ងៃទី​១១​ ខែកុម្ភៈ​​ថា៖«​ចាស ​សូម​អរគុណ​សម្រាប់​ព័ត៌មាន​បង​, ខ្ញុំ​សរ​សេរ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​​រាជរ​ដ្ឋាភិបាល​ លោកពូ​ ផៃ ស៊ី​ផាន ប៉ុណ្ណោះ​។​យ៉ា​ងណា ខ្ញុំ​នឹង​រង់ចាំ​ពិភាក្សា​ពី​ខាង​ស្ថាប័ន តើ​គាត់​នឹ​ងធ្វើ​យ៉ាងណា​​បន្ត​»​។​

​លោក ផៃ​ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រាជរ​ដ្ឋាភិ​បាល បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃទី​១២ ​ខែកុម្ភៈ​ថា៖«​ខ្ញុំ​អត់​បាន​និយាយ​ ១ម៉ាត់​ទាល់តែ​សោះ​​។ ឱ្យគេ​(​វី​អូ​ឌី​) រក​ភ័ស្ដុតា​ង​មក​ដែល​និយា​យថា​ ​ឯកឧ​ត្តម ហ៊ុន ម៉ា​ណែ​ត បាន​ចុះ​ហត្ថ​លេខា​»​។​

​ពាក់ព័ន្ធ​បញ្ហា​​នេះដែរ​ អង្គភាព​អ្នកនាំ​ពាក្យ​​រាជរ​ដ្ឋាភិបា​លនៅ​​ថ្ងៃទី​១១ ​ខែកុម្ភៈ បាន​ចេញ​សេចក្តី​ថ្លង​ការណ៍​ដោយ​បញ្ជាក់ថា​៖ «​ឯក​ឧត្ដម​បណ្ឌិត ​ហ៊ុន ម៉ា​ណែ​ត មិនបា​នចុះ​ហត្ថលេ​ខា​លើ​ឯកសារផ្តល់​ជំនួ​យ​ថវិកា​ទៅឱ្យ​ប្រទេស​តួ​ក​គីដែល​បាន​និង​កំពុង​រងគ្រោះរ​ញ្ជួ​យ​ដី ជំនួស​សម្តេច តេ​​ជោ ហ៊ុ​ន សែន នាយករ​ដ្ឋម​ន្ត្រីនៃ​ព្រះរាជា​ណាច​ក្រ​​កម្ពុជា ដូច​ការ​ប្រឌិត​ផ្សព្វផ្សា​យ​របស់​វិទ្យុសំ​ឡេង​ប្រ​ជា​ធិប​តេ​យ្យ​ (VOD)​នោះឡើ​យ​»​។

ប្រភព​ដ​ដែល​បន្តថា ​ជា​មួយ​គ្នានេះ​ នៅក្នុង​សេចក្តីថ្លែ​ងកា​រ​ណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣​ អ្នកនាំ​ពាក្យ​រាជរដ្ឋា​ភិបា​ល ក៏​មិន​ដែល​បាន​លើក​ឡើង​ថា​ លោ​ក ហ៊ុន ម៉ា​ណែ​ត បាន​ចុះហ​ត្ថលេ​ខា​ជំនួស​លោក​នាយក​រ​ដ្ឋមន្ត្រី ហ៊ុន ​សែន​ឡើយ​។

​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​បាន​គូស​បញ្ជាក់​ថា​៖​​«​ព័ត៌មាន​ទាំង​ឡាយ​ដែលថា​ ឯកឧ​ត្តម ប​ណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចុះហត្ថ​លេខា​លើ​ឯកសា​រ​ផ្ដល់ជំ​នួយ​ជាការ​លើកឡើ​ង​របស់​អ្នក​កាសែ​ត ដែល​គ្មាន​ប្រភព​ព័ត៌​មាន​ពិត​ប្រាក​ដ​។ ដូច​នេះ ព័ត៌មាន​ដែល​ត្រូវបាន​ផ្សព្វផ្សា​យ​ដោយ​វិទ្យុ​សំឡេង​ប្រជាធិប​តេយ្យ​(VOD)គឺជា​ព័ត៌​មាន​ចចា​មអារ៉ា​ម និង​ជា​ព័ត៌មាន​ប្រឌិត​ក្លែងក្លា​យ ដែ​ល​បំផុស​ឡើង​ដោយ​អ្នក​សារ​ព័ត៌មា​ន​វិទ្យុ​នេះ​តែប៉ុ​ណ្ណោះ​»​​។

​ជាមួ​យគ្នា​នេះ ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋា​ភិបា​លស្នើ​ឱ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេ​យ្យ (VOD) និង​សារព័ត៌មាន​ផ្សេងទៀ​ត​ដែល​បាន​ផ្សព្វ​ផ្សាយ​ឬ​បន្ត​ដោយ​ធ្វើកា​រ​ប្រឌិត​បំផ្លើស​ការ​ពិត​នោះ​សូម​ធ្វើការ​កែត​ម្រូវ​ជា​បន្ទាន់​។​

​តាមរយៈ​ការ​បង្ហោះ​សារ​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី​នេះដែ​រ ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ Min Pov​ដែលជា​អតីត​អ្នកសារ​ព័​ត៌មាន​នៅ​វី​អូ​ឌី​ ១​រួប បាន​ចូលទៅ​បញ្ចេញ​មតិ​ថា៖«​វី​អូ​ឌី ជា​ស្ថាប័ន​សំខាន់​មួយ​ក្នុងការ​ផ្តល់ព័ត៌​មាន ហើយក៏​ជួយ​រដ្ឋាភិបាល​ឱ្យដឹង​បន្ថែម​ជ្រុង​ ១ទៀត​នៃ​សង្គម​ដែរ​។​​បើ​សង្ស័យ​មានការ​យល់ច្រឡំ​គួរ​អង្គុយ​តុ​ជុំគ្នា​ជជែក​គ្នា​សិន​ទៅ មិ​នគួរ​ឈាន​ដល់​កំណត់​ម៉ោង​ឱ្យ​សុំទោស​អ៊ីចឹ​ង​ទេ ពូ​»​។​

​លោក ​ហ៊ុន សែន បាន​ឆ្លើយតប​ទៅនឹង​ខ​មិន​នោះ​ថា​៖​​«​ខ្ញុំ​ទុកពេល​ឱ្យ៧២​ម៉ោង​វា​លើសពី​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ការដែល​រួមបញ្ចូល​ទាំង​ធ្វើការ​ជាមួយ​ក្រសួង​ព័ត៌មាន​ដែល​នោះ​ជាការ​អង្គុយ​ជុំគ្នា​ដូច​លោក​ចង់បាន​ហើយ​។​តើ​លោក​ចេះ​អាន​និង​យល់​ខ្លឹមសារ​នេះ​ទេ​?​ឬមួយ​លោក​ចង់ឱ្យ​ខ្ញុំ​ចេញ​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន​ដើម្បី​ដក​អាជ្ញា​ប័ណ្ណបញ្ឈប់​ការផ្ស​ព្វផ្សា​យ​នូវ​វិ​ទ្យុ​នេះ​ក្នុង​ប៉ុន្មាន​ខាងមុខនេះ​?សូម​លោក​ឆ្លើយតប​ជា​មួយ​សំណួរ​ខ្ញុំ​តើ​ទុកពេល​ជូន​ឬ​បិទ​វិទ្យុ​ចោល​តែម្តង​»​។​

រហូត​ដល់​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃទី​១២​ ខែកុម្ភៈ​​នេះ លោក​នា​យក​រ​ដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​សម្រេច​កាត់​បន្ថយ​ពេលវេលា​ពី​៧២​ម៉ោង មក​នៅត្រឹម​២៤​ម៉ោង​វិញ​ដើម្បី​ឱ្យ​វី​អូ​ឌី​សុំទោស​ជា​សាធារ​ណៈ​។ លោក​បានឱ្យ​ដឹង​ថា​៖«មុននេះ​បន្តិច​ខ្ញុំ​បាន​ឆ្លើយ​តប​ជាមួយ​ឈ្មោះ MinPov​ទាក់ទ​ង​ដល់​វិទ្យុ​VOD​ដូច​មាន​ខ្លឹម​សារ​ជូន​ភ្ជាប់​មកជា​មួយ​។​ខ្ញុំ​កំពុង​រង់ចាំ​ចម្លើយ​ពី​គាត់​វិញ​។ ពេលនេះ​ខ្ញុំ​សម្រេច​កាត់​បន្ថយ​ពេល​វេលា​សុំ​ទោស​មក​នៅត្រឹ​ម​២៤​ម៉ោង​គឺកំ​ណត់​ត្រឹម​ម៉ោង​១០.០០​នាទី​ព្រឹក​ថ្ងៃ​១៣​កុម្ភៈ​២០២៣​វិញ​។​

​លោក​បន្តថា​៖«​ដើម្បី​កុំឱ្យ​យប់​យូរ​សុបិន​ច្រើន​និង​អ​ន្ទ​ង់​វែង​ឆ្នាំង​វែង ខ្ញុំ​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុប​ចោល​អាជ្ញា​ប័ណ្ណ​បញ្ចប់​ការ​ផ្សាយ​រប​ស់ វិទ្យុ​VOD​ត្រឹម​ម៉ោង​១០.០០នាទី​ថ្ងៃទី​១៣ កុម្ភៈ​២០២៣​ស្អែក​នេះ​ក្នុង​ករណី​ដែល​ពួកគេ​មិន​បាន​ធ្វើការ​សូម​ទោស​។ ដំបៅ​មិន​ឈឺ​កុំ​យក​ឈើ​ចាក់​។​ បើ​គង់​តែ​ពួកគេ​ចោទ​ថា​ខ្ញុំ​ប្រើ​អំណាច​ខ្ញុំ​ត្រូវ​តែ​ប្រើ​អំណាច​នេះ​ដើម្បី​បំពេញ​បំណង​របស់​ពួក​គេ​។ស្អែក​នេះ​ឯក​ឧត្តម​ប៊ិន ឈិន នឹងត្រូវ​ធ្វើជា​នាយ​ករ​ដ្ឋ​មន្ត្រី​ស្តីទី​ត្រូវធ្វើ​កិច្ច​ការ​នេះ​ឱ្យ​បាន​ព្រោះ​ទាំង​ខ្ញុំ​សម្តេច ស ខេង ​ទៀ បាញ់​លោក​ជំទាវ​ម៉ែន សំអន​នឹង​ទស្សន​កិច្ច​នៅ ឡាវ​ជា​មួយ​គ្នា​»។

​សូម​ជម្រាប​ថាកា​លពី​ថ្ងៃទី​៨ ខែកុម្ភៈ ​ប្រមុខ​រាជរ​ដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌១​០០ ​០០០ដុល្លារ​អាមេរិកដើម្បី​ជួយ​ដល់​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ដល់​ជនរង​គ្រោះ​តួ​ក​គីជា​មួយនឹ​ង​សមាន​ចិត្ត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​សោក​នា​ដកម្ម​ដែល​កើត​ឡើង ដោយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ប្រទេស​នេះ ពី​ថ្ងៃ​ទី៦ ​កុម្ភៈ​៕