ភ្នំពេញៈ ក្រុមយុវជនចលនាមាតាធម្មជាតិ នឹងរៀបចំកម្មវិធី ១ ដែលមានឈ្មោះថា «ក្ដីស្រឡាញ់កោះកុងក្រៅ» នៅថ្ងៃទី ១៤ ខែកុម្ភៈ ដើម្បីបង្ហាញក្ដីស្រឡាញ់របស់ក្រុមយុវជនទៅកាន់កោះកុងក្រៅ និងក្រសួងបរិស្ថាន ខណៈដែលមន្ត្រីនៃក្រសួងនេះបានស្នើឱ្យយុវជនចលនាមាតាធម្មជាតិ ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន។
កម្មវិធី ក្តីស្រឡាញ់កោះកុងក្រៅនេះ នឹងត្រូវប្រព្រឹត្តឡើងចំថ្ងៃនៃទិវានៃក្តីស្រឡាញ់ ថ្ងៃ ១៤ កុម្ភៈ នៅរាជធានីភ្នំពេញ ដែលនឹងមានការចូលរួមពីសកម្មជនបរិស្ថាន និងបណ្ដាយុវជនទាំងអស់ដែលជាអ្នកស្រឡាញ់ធនធានធម្មជាតិជាពិសេសកោះកុងក្រៅតែម្តង។
បើតាមក្រុមយុវជនទាំងនេះ គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងដើម្បីបង្ហាញក្តីស្រឡាញ់ទៅកាន់កោះកុងក្រៅ, បង្ហាញការស្រឡាញ់រាប់អានរបស់យុវជន សកម្មជនបរិស្ថានទៅកាន់ក្រសួងបរិស្ថាននិងមានការស្នើឱ្យមានការលុបបំបាត់ការលាបពណ៌ ចោទប្រកាន់ពីខាងក្រសួងបរិស្ថានមកលើយុវជន សកម្មជនបរិស្ថាន និងព្រៃឈើផងដែរ។
បើតាមកញ្ញា ភួង កែវរស្មី សកម្មជនចលនាមាតាធម្មជាតិ បានប្រាប់ឱ្យដឹងថា មូលហេតុដែលក្រុមយុវជនរៀបចំកម្មវិធី ក្ដីស្រឡាញ់កោះកុងក្រៅនេះឡើង ដោយសារតែមើលឃើញថា មនុស្សគ្រប់គ្នា សុទ្ធតែមានក្ដីស្រឡាញ់មិនថា ចំពោះគ្រួសារ មិត្តភក្ដិ និងចំពោះដៃគូនោះឡើយ។
កញ្ញាបន្តថា ក្រុមយុវជន ក៏ចង់រំឭកឱ្យឃើញក្ដីស្រឡាញ់ចំពោះធនធានធម្មជាតិ ព្រៃឈើ និងកោះ ដែលជាធនធានក្នុងប្រទេសកម្ពុជាផងដែរដែលវាជារឿងសំខាន់មួយ ក្នុងការបង្ហាញក្ដីស្រឡាញ់ទៅកាន់ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ជាពិសេសភពផែនដីដែលមនុស្សគ្រប់គ្នាកំពុងរស់នៅសព្វថ្ងៃ។
កញ្ញាបានបញ្ជាក់ថា ៖ «កម្មវិធីនេះ នឹងកសាងទំនាក់ទំនងរវាងបណ្ដាយុវជនដែលស្រឡាញ់បរិស្ថាន សកម្មជន និងក្រសួងបរិស្ថានផងដែរ ដើម្បីឱ្យពួកគាត់ដឹងថា ក្រុមយើងអត់ដែលមានចិត្តចង់ឈ្នះចង់ចាញ់នោះទេ ហើយក៏មិនបានចាត់ទុកក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ឬដៃគូពាក់ព័ន្ធនានាក្នុងការការពារធនធានធម្មជាតិនៅក្នុងស្រុក ថាជាសត្រូវ ឬជាការយកមុខយកមាត់អ្វីសម្រាប់ការពារធនធានធម្មជាតិឡើយ»។
សកម្មជនរូបនេះបានបន្ថែមថា កម្មវិធីក្ដីស្រឡាញ់កោះកុងក្រៅ នេះនឹងរំពឹងថា អាចប្រព្រឹត្តទៅដោយរលូន និងយោគយល់ពីអាជ្ញាធរមូលដ្ឋាន និងក៏ដូចជាក្រសួងបរិស្ថានផងដែរ ពួកគេក៏រំពឹងថា អាចនឹងមានការលើកទឹកចិត្ត និងមានការជួយគ្នាទៅវិញមក ក្នុងការការពារធនធានធម្មជាតិនៅក្នុងគោលដៅរួម ដើម្បីប្រទេសកម្ពុជា ជាពិសេសនឹងគ្មានសកម្មជនបរិស្ថានណាម្នាក់ និងក្រសួងបរិស្ថាន ត្រូវបានចាត់ទុកគ្នាជាសត្រូវនោះទេ ហើយថ្ងៃអនាគតទៅ នឹងអាចសហការគ្នារួមគ្នាដោះស្រាយអំពីបញ្ហាធនធានធម្មជាតិ។
ទាក់ទិនរឿងនេះ លោក នេត ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃដែលមានការរៀបចំកម្មវិធី ក្ដីស្រឡាញ់កោះកុងក្រៅនេះដែរ លោកក៏សុំស្នើឱ្យក្រុមយុវជននៃចលនាមាតាធម្មជាតិ ត្រូវចេះរៀនធ្វើការដោយស្មោះត្រង់ចំពោះជាតិ និងចេះស្រឡាញ់ជាតិដោយមានភាពស្មោះត្រង់។
លោកថា ក្រុមយុជនទាំងនោះ ក៏គួរតែលះបង់គំនិតទុច្ចរិត ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន និងកុំចាញ់បោកម្ចាស់ជំនួយដែលមានរបៀបវារៈនយោបាយជាដើម។ ជាពិសេស លោកក៏ស្នើឱ្យក្រុមយុវជនទាំងនោះកុំធ្វើសកម្មភាពទុច្ចរិតក្រោមបញ្ជាជនបរទេស។
លោក នេត្រ ភក្ដ្រា បានថ្លែងថា៖ «ថ្ងៃ ១៤ កុម្ភៈជាថ្ងៃនៃសេចក្តីស្រឡាញ់ ខ្ញុំស្នើឱ្យប្អូនៗជាយុវជននៃចលនាមាតាធម្មជាតិ គួរលះបង់គំនិតទុច្ចរិត ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន និងកុំចាញ់បោកម្ចាស់ជំនួយដែលមានរបៀបវារៈនយោបាយ ត្រូវចេះរៀនធ្វើការដោយស្មោះត្រង់ចំពោះជាតិ ចេះស្រឡាញ់ជាតិដោយស្មោះត្រង់ និងកុំធ្វើសកម្មភាពទុច្ចរិតក្រោមបញ្ជាជនបរទេសដូចជា អាឡិច ជាដើមដែលជាមេគំនិតទុច្ចរិតប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា»។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ៖ «ពួកគេគួរគិតពីអនាគតរបស់ខ្លួន កុំដើរផុងខ្លួនក្នុងឧបាយកលបរទេស បំផ្លាញជាតិនិងបំផ្លាញជីវិតរបស់ខ្លួន»៕