ភ្នំពេញៈ ក្នុងរយៈប្រមាណណ ៤ ឆ្នាំមកនេះ ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt-Energy Cambodia) ប្រមូលបានសំណល់អេឡិចត្រូនិកជាង ៧ តោន រួមមានថ្មពិល និងអាគុយ ដែលជាប្រភេទសំណល់គ្រោះថ្នាក់សម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស ខណៈនៅកម្ពុជាពុំទាន់មានក្រុមហ៊ុនកែច្នៃសំណល់ទាំងនេះនៅឡើយ។
ក្រុមហ៊ុនអេកូបាត ត្រូវបានបង្កើតតាំងពីឆ្នាំ ២០១៩ ផ្តោតទៅលើសេវាកម្មជួសជុលអាគុយតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រុមហ៊ុននេះប្រមូលសំណល់អេឡិចត្រូចនិកបានជាង៧តោន សម្រាប់នាំចេញ តាមរយៈការដាក់ធុងសំណល់ថ្មពិលនៅតាមស្ថានីយ ផ្សារទំនើប និងនៅតាមបុរីមួយចំនួន។ បច្ចុប្បន្ននេះធុងដាក់សំណល់ថ្មពិលមានជាង ១២០ធុង ក្នុងនោះធុងរបស់ក្រសួងបរិស្ថានមានជាង ៩០ធុង ហើយក្រុមហ៊ុនមានជាង ៣០ ដែលបានដាក់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ។
លោក ប៉ែន ចាន់ណា ប្រធានផ្នែកលក់របស់ក្រុមហ៊ុន អេកូបាតបានឱ្យដឹងថា សំណល់អេឡិចត្រូនិកជាង៧តោននោះ ជាប្រភេទសំណល់ថ្មពិលធំ តូច អាគុយ និងកុំព្យូទ័រជាដើម។លោកបន្តថាសំណល់ទាំងនេះត្រូវបានប្រមូលយកមកទុកដាក់និងវេចខ្ចប់ត្រឹមត្រូវដើម្បីសម្រាប់តែការនាំចេញប៉ុណ្ណោះព្រោះរហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានក្រុមហ៊ុនក្នុងស្រុកវិនិយោគទៅលើការកែច្នៃសំណល់ទាំងនេះឡើយ។
លោកថា៖«សម្រាប់ថ្មពិលតូចៗនេះយើងនឹងនាំចេញទៅអេស្ប៉ាញដែលជាដៃគូសហការហើយសម្រាប់សំណល់គ្រឿងអេឡិចត្រូវនិកផ្សេងទៀត មកដល់ឥឡូវនេះគឺយើងមិទទាន់រកដៃគូសហកាក្នុងការកែច្នៃវាបាននៅឡើយទេ ប៉ុន្តែយើងប្រមូលយកទៅទុកដាក់ឱ្យបានត្រឹមត្រូវ ហើយសម្រាប់អាគុយធំៗគឺយើងនឹងយកទៅកូរ៉េខាងត្បូងដែលជាដៃគូសហការ»។
លោកបញ្ជាក់ថា សំណល់ទាំងនេះពិតជាបង្កហានិភ័យធ្ងន់ធ្ងរទៅដល់បរិស្ថាន សុខភាពសាធារណៈ និងជីវចម្រុះនៅកម្ពុជា បើសិនជាមិនមានការទុកដាក់ឱ្យបានត្រឹមត្រូវនោះ។ លោកថា៖«ឧទាហរណ៍អាគុយមានធាតុផ្សំ ជ័រ អាស៊ីត សំណ។ អ៊ីចឹងបើសិនជាយើងអត់មានរោងចក្រត្រឹមត្រូវក្នុងការកែច្នៃឡើងវិញទេ ប្រាកដជាយើងមិនអាចយកមកប្រើប្រាស់វិញបានទេ ។ ថ្មពិលទាំងនោះបើសិនជាយកទៅលក់ គេយកតែសំណ និងជ័រទេ ចុះទឹកអាស៊ីតគេយកទៅណាបើអត់ចូលរោងចក្រកែច្នៃ ប្រាកដជាចាក់ចោលហើយ អ៊ីចឹងបើចាក់ចោលនៅស្រុកខ្មែរហូរចូលទឹក ប៉ះពាល់ដល់សុខភាព ជីវចម្រុះ»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងថា សំណល់ថ្មពិលគឺជាសំណល់គ្រោះថ្នាក់ដែលមិនអាចព្រងើយកន្តើយបានទេចំពោះ បញ្ហាទាំងអស់នេះ ដូច្នេះហើយបានជាក្រសួងបរិស្ថាន សហការជាមួយដៃគូក្នុងការប្រមូលនូវសំណល់ថ្មពិលពីតំបន់ផ្សេងៗ ដែលផ្តើមដំបូងនោះ ពីមូលដ្ឋានរាជធានីភ្នំពេញ ដោយបានដាក់ធុងនៅតាមស្ថានីយប្រេងឥន្ធនៈ ផ្សារទំនើប និងបុរីមួយចំនួន ហើយបានពង្រីកមកដល់ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។
លោកបន្ថែមថា៖«យើងចង់ជំរុញឱ្យការប្រមូលនូវសំណល់ថ្មពិលដែលជាសំណល់គ្រោះថ្នាក់នេះឱ្យបានទូលំទូលាយក្នុងប្រទេសកម្ពុជា ព្រោះកន្លងទៅនេះ ថ្មពិលដែលប្រើប្រាស់រួច បងប្អូនប្រជាពលរដ្ឋបានបោះចោលចូលទៅក្នុងធុងសំរាម ឬទឹក ដែលជាចំណុចមួយដែលយើងមិនបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការសិក្សាពីផលប៉ះពាល់ ប៉ុន្តែឥឡូវនេះ គឺយើងជំរុញបន្ថែមទៅលើការគ្រប់គ្រងនេះ»។
លោកបានសង្កត់ធ្ងន់ថា តាមពិតសំណល់ថ្មពិលបង្កគ្រោះថ្នាក់ទាំងសុខភាពនិងជីវចម្រុះ ដូច្នេះហើយបានជាយើងត្រូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រមូលនូវសំណល់ថ្មពិលឱ្យបានល្អ ជាពិសេសបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់គឺប្រជាពលរដ្ឋដែលជាប្រជានេសាទ ដែលគាត់បានធ្វើដំណើរនៅលើសមុទ្រនៅបឹងទន្លេសាប ឬបឹងទន្លេមេគង្គ ។
លោកថា៖«ពេលខ្លះគាត់ប្រើប្រាស់នូវថ្មពិលដើម្បីបំភ្លឺផ្លូវ ហើយពេលដែលគាត់ប្រើប្រាស់ហើយអស់ថ្ម គាត់ដោះដូរថ្មី ។ យើងនឹងអាចចោទសួរថាតើគាត់ដាក់នៅលើទូករបស់គាត់ ឬទម្លាក់ចោលនៅក្នុងទឹក ។ បើគាត់ទុកនៅលើទូកហើយយកមកបោះចោលនៅធុងសំរាមមិនអីទេ ប៉ុន្តែបើសិនជាទម្លាក់ចូលទៅក្នុងទឹក នៅពេលថ្មពិលនោះរីក រលាយ គឺសារធាតុគីមីក្នុងនោះ វានឹងបំពុលទឹកនៅបរិវេណថ្មពិល ដែលនឹងប៉ះពាល់ដលល់ជីវចម្រុះ» ។
លោក នេត្រ ភក្ត្រា ថ្លែងដោយស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះ គ្រប់គ្រងសំណល់ថ្មពិលឱ្យបានល្អ ហើយអាចយកមកដាក់នៅទីតាំងដែលបានដាក់ជាធុងសម្រាប់សំណល់ថ្មពិលនៅតាមស្ថានីយឬទីតាំងជិតផ្ទះ។ លោកក៏ស្នើដល់បងប្អូនប្រជានេសាទ ឬអ្នករស់នៅតាមដងទន្លេ សូមកុំបោះចោលនូវសំណល់ថ្មពិលចូលទៅក្នុងទឹកពីព្រោះវាធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះហើយក្រសួងបរិស្ថាននឹងសហការជាមួយដៃគូ ជាពិសេសកក្រុមហ៊ុន Ecobatt ដែលទទួលបានសិទ្ធិពីក្រសួងបរិស្ថាន នៅក្នុងការប្រមូលសំណល់ថ្មពិល ដោយនឹងជំរុញឱ្យមានការប្រមូលជារួមនៅប្រទេសកម្ពុជា។
បើតាមលោក នេត្រ ភក្ត្រា នៅកម្ពុជាបច្ចុប្បន្ន បើនិយាយពីសំណល់គឺ១ថ្ងៃមានសំណល់ដែលបង្កើតឡើងជាង១ម៉ឺនតោន ក្នុងនោះ១ឆ្នាំមានជាង ៤លានតោន។ បច្ចុប្បន្ននេះ សំណល់ត្រឹមតែ ៥០ទៅ៦០ភាគរយ ដែលត្រូវបានប្រមូល ហើយយកទៅចាក់ស្ទើរតែទាំងអស់នៅទីលានចាក់សំរាម នៅក្នុងនោះ ការកែច្នៃនៅមានកម្រិតនៅឡើយ ប្រមាណជា ១០ទៅ ១៥ភាគរយ ដែលធ្វើឱ្យបរិមាណសំរាមគឺមានការកើនឡើង ។ លោកបន្ថែមថា៖«នៅក្នុងសំណល់ ១០០ភាគរយ ដែលយើងបង្កើតរាល់ថ្ងៃនេះ ៦០ ទៅ៦៥ ភាគរយ ជាសំណល់សរីរាង្គ ២០ ភាគរយជាសំណល់ប្លាស្ទិក និងជាង១០ភាគរយជាសំណល់រឹង ដូចជាសំណល់ គ្រឿងអេឡិចត្រូនិក»៕