ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវលោកសនសៃ ស៊ីផាន់ដន (Sonexay Siphandone) នឹងចុះហត្ថលេខា លើផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងប្រទេសទាំង ២ រយៈពេល ៤ ឆ្នាំ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសនេះ រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១៣-១៤ ខែកុម្ភៈ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់នាថ្ងៃទី ១០ កុម្ភៈថា មន្ត្រីអមដំណើរលោក ហ៊ុន សែន ទៅប្រទេសឡាវមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។
លោក ហ៊ុន សែន បញ្ជាក់លើហ្វេសប៊ុកនាថ្ងៃទី ១២ កុម្ភៈ ថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នឹងអមដំណើរលោក។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា លោកហ៊ុន សែន នឹងមានជំនួបដោយឡែកពីគ្នាជាមួយលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃប្រទេសឡាវ និងលោក សៃស៊ុមផន ភុមវិហាន (Xaysomphone Phomvihane)ប្រធានរដ្ឋសភានៃប្រទេសឡាវ ក៏ដូចជាប្រធានសមាគមមិត្តភាពឡាវកម្ពុជា។
លោកនឹងមានជំនួបទ្វេភាគីជាមួយលោក សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខនយោបាយសង្គមសេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ «នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំង ២ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសម្រាប់ ២០២៣-២០២៧»។
ទស្សនកិច្ចនៅឡាវនេះធ្វើឡើង ២ ថ្ងៃ ក្រោយពីលោកហ៊ុន សែន បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១១ ខែកុម្ភៈ ដែលមានរយៈពេល ៣ ថ្ងៃ នៅថ្ងៃទី ៩-១១ ខែកុម្ភៈ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងថា ដំណើរទស្សនកិច្ចនៅឡាវនេះ មានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហការរវាងប្រទេសទាំង ២ ដែលជាប្រទេសជិតខាងនឹងគ្នា ឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ គ្រប់ជ្រុងជ្រោយនិងមានលក្ខណៈជាយុទ្ធសាស្ត្រ។ បើពិនិត្យមើលក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងឡាវ ពីអតីតកាលដល់បច្ចុប្បន្នកាលនេះគឺប្រទេសទាំង ២ តែងតែមានទំនាក់ទំនងល្អជាមួយគ្នាពុំមានភាពល្អក់កករឬក៏រកាំរកូសអ្វីជាមួយគ្នានោះទេ។ ប្រទេសទាំង ២ មានទំនាក់ទំនងដោយចងភ្ជាប់ជាមួយនឹងចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណី។
លោកបន្តថា៖ «យើងមើលទៅប្រជាពលរដ្ឋទាំង ២ គឺក៏មានទឹកចិត្តស្រឡាញ់គ្នាប្រហាក់ប្រហែលគ្នាហើយទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ក៏ដូចជាទំនាក់ទំនងរវាងគណបក្សកាន់អំណាចនិងគណបក្សកាន់អំណាចហ្នឹង ក៏មានលក្ខណៈស៊ីជម្រៅដែរ»។
លោក គិន ភា ថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា ដំណើរទស្សនកិច្ចនេះនឹងកាន់តែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែស៊ីជម្រៅ ទ្វេឡើងថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី រីឯក្របខ័ណ្ឌពហុភាគី ក៏យើងបានឃើញថា ប្រទេសទាំង ២ ក៏មានការគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វេទិកាតំបន់និងអន្តរជាតិ»៕