ភ្នំពេញៈ កម្ពុជា និង​ចិន បាន​ឯកភាព​បង្កើត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែលមាន​វិស័យ​អាទិភាព​ចំនួន ៦​​ រវាង​ប្រទេស​ទាំង​ ២ រួមមាន កិច្ចសហប្រតិបត្តិការ​នយោបាយ​គុណភាព និងសមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និង​ការផ្លាស់ប្តូរ ប្រជាជន និង​ប្រជាជន​។​

​ការឯកភាព​ដូច្នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង (Xi Jinping)​ និង​លោកនាយក​រដ្ឋ មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ នៅ​ទីក្រុង​ប៉េកាំង ក្នុង​ឱកាសលោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ៣ ​ថ្ងៃ ពីថ្ងៃ​ទី​ ៩-១១ ខែកុម្ភៈ​។ សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​ចិន​ក្នុង​យុគសម័យ​ថ្មី​រវាង​កម្ពុ​ជា និងចិន នា​ថ្ងៃទី​ ១១ ខែកុម្ភៈ បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាព​បង្កើត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដោយមាន វិស័យ​អាទិភាព​ចំនួន ​៦ ​រួមមាន​៖​កិច្ចសហប្រតិបត្តិការ​នយោបាយ គុណភាព និង​សមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល​សន្តិសុខ និង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ចិន លោក ស៊ី បាន​រំឭកថា កាលពី​៣​ឆ្នាំមុន លោក ហ៊ុន សែន បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ចំពេល​មាន​ព្រិល​ធ្លាក់​ខ្លាំង និង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ ដោយ​ឈរ​យ៉ាងរឹងមាំ ជាមួយ​ប្រជាជន​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​ ១៩​។ លោក​បានបង្ហាញ​សេចក្តី​រីករាយ​ក្នុងការ​ធ្វើការ​ជាមួយ​លោក​ហ៊ុនសែន ក្នុងការ​រួមគ្នា​បើក​សករាជ​ថ្មី នៃ​ការកសាង​សហគមន៍​វាសនា​រួម​ចិន​កម្ពុជា​នៅពេល​និ​ទាឃ​រដូវ​ចាប់ផ្តើម​គឺ​នៅ​ខែមីនា ខាងមុខ​។​

​លោក​ ស៊ី បញ្ជាក់ថា ប្រទេស​ចិន​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ផ្នែក​សំខាន់​នៃ​ទំនាក់ទំនង​ការទូត​ប្រទេសជិតខាង​របស់ខ្លួន ហើយ​តែងតែ​រៀបចំ​ផែនការ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ចិន​កម្ពុជា​ក្នុង​វិស័យ​ផ្សេងៗ​តាម​ទស្សនៈ​រួម និង​ជា​យុទ្ធសាស្ត្រ​។ ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចែករំលែក​ឱកាស ស្វែងរក​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​ការអភិវឌ្ឍ​ជាមួយ​កម្ពុជា ក្នុង​ដំណើរ​ការជំរុញ​ការអភិវឌ្ឍ​ដ៏​ធំធេង​របស់​ប្រជា​ជាតិចិន​លើ​គ្រប់​វិស័យ តាមរយៈ​មាគ៌ា​ចិន​ឆ្ពោះទៅកាន់​ទំនើបភាវូបនីយកម្ម​។​

​លោក ស៊ី ក៏បាន​ប្រកាស​ពី​ការរួម​គ្នា​កសាង​សហគមន៍​វាសនា​រួម​ចិន​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់ កម្រិត ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ក្នុង​យុគសម័យ​ថ្មី ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង ​២ និង​រួមចំណែក​ផ្តល់​ថាមពល​វិជ្ជមាន​បន្ថែមទៀត​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់​។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់​នា​ថ្ងៃទី ​១០ ខែកុម្ភៈ​ថា​៖ «​លោក ស៊ី​បាន​កត់សម្គាល់ថា ភាគី​ទាំង ២​ អាច​ផ្តោតលើ​វិស័យ​ទាំង ​៦ រួមមាន​នយោបាយ សមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន ដើម្បី​កសាង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» ​រវាង​ប្រទេស​ចិន និង​កម្ពុជា​»​។​

​ប្រធានាធិបតី​ចិន​លើកឡើងថា ក្នុង​វិស័យ​នយោបាយ ភាគី​ទាំង​ ២ ​ត្រូវ​ពង្រឹង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ ពង្រឹង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុង​អភិបាលកិច្ច និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរ​បណ្តាញ​ផ្សេងៗ​។ ក្នុង​វិស័យ​សមត្ថភាព​ផលិតកម្ម ភាគី​ទាំង ​២​ត្រូវ​ផ្តោតលើ​ការកសាង ​«​ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​»​។​

ជំនួបរវាង​ថ្នាក់​ដឹកនាំ​កំពូល​កម្ពុជា​ និងចិន​ កាល​ពីថ្ងៃ​ទី ១០ មីនា​​​ ឆ្នាំ ២០២៣។ រូបថត SPM

​ក្នុង​វិស័យ​កសិកម្ម ភាគី​ទាំង​ ២ ​ត្រូវ​យកចិត្តទុកដាក់​លើ​ការកសាង​ «​ច្រករបៀង​ត្រី និង​អង្ករ​» និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ក​សិ​កម្ម​តាម​មាត់បឹង​។ ក្នុង​វិស័យ​ថាមពល​ភាគី​ទាំង​ ២ ត្រូវ​ធានាឱ្យមាន​ការអភិវឌ្ឍ​បៃតង ហើយ​ចិន​នឹង​បង្កើន​ការវិនិយោគ​លើ​គម្រោង​ថាមពល​វា​រី​អគ្គិសនី និង​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​។

លោក​បន្តថា​៖ «​ក្នុង​វិស័យ​សន្តិសុខ ភាគី​ទាំង​ ២ ​គួរតែ​អនុវត្ត​ប្រតិបត្តិការ​ពិសេស​នេះ​ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឱ្យបាន​ទៀងទាត់​ហើយ​ចិន​នឹង​បន្ត​ផ្តល់ជំនួយ​បោសសម្អាត​មីន​ដល់​កម្ពុជា​។ ក្នុង​វិស័យ​ផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ប្រទេស​ចិន​នឹង​ផ្តល់​អាទិភាព​ដល់​ការបន្ត និង​បង្កើន​ការហោះហើរ​ត្រង់​របស់ខ្លួន​ជាមួយ​កម្ពុជា លើកទឹកចិត្ត​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អនុវត្ត​ការការពារ និង​ការស្ដារ​ឡើងវិញ​នូវ​បេតិកភណ្ឌ​វប្បធម៌ និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​សុខភាព​»​។​

​លោក​ ស៊ី ថ្លែងថា ប្រទេស​ចិន​ គាំទ្រ​យ៉ាង​មុតមាំ​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍន៍​ដោយ​ឯករាជ្យ សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន គាំទ្រ​កម្ពុជា​ក្នុងការ​ការពារ​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ គាំទ្រ​កម្ពុជា​ក្នុងការ​ជំរុញ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​របៀបវារៈ​នយោបាយ​ក្នុងប្រទេស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ប្រឆាំង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។

សេចក្ដីថ្លែងការណ៍​រួម​ដដែលបញ្ជាក់ថា ភាគី​ទាំង​ ២ ​បាន​ឯកភាព​ជំរុញ​គម្រោង​ជំនួយ​ចិន ក្នុងការ​ជួសជុល​ព្រះបរមរាជវាំង​នៅ​អង្គរ គាំពារ និង​ជួសជុល​ប្រាសាទព្រះវិហារ និង​បេតិកភណ្ឌ​វប្បធម៌​នានា និង​ប្តេជ្ញា​ធ្វើ​សកម្មភាព​រួម​ដើម្បី​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អាស៊ី ពិភាក្សា​បង្កើត​ក្រុមការងារ​ចម្រុះ​កម្ពុជា​ចិន ស្ដីពី​បេតិកភណ្ឌ​វប្បធម៌ ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់ផ្នែក​។

​សេចក្ដីថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាព​បន្ត​ធ្វើការ​ជាមួយគ្នា ក្នុង​វេទិកា នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព វិបុលភាព សាមគ្គីភាព និង​មិត្តភាព តាមរយៈ​ការយល់ដឹង ការគោរព ទំនុកចិត្ត និង​ផលប្រយោជន៍​ទៅវិញទៅមក និង​ការតភ្ជាប់​អរិយធម៌​អាស៊ី​»​។​

​ភាគី​ទាំង​ ២ ​បាន​ឯកភាព​អនុវត្ត​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រវាង​រដ្ឋាភិបាល​ទាំង ​២ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សមភាព សមធម៌ និង​ផលប្រយោជន៍​ទៅវិញទៅមក រួមមាន​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​ចិន លើក​ទី​១ ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា និង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ថា​៖ «​ភាគី​ទាំង ​២ ​បាន​ឯកភាព​ដាក់ចេញ​នូវ​កិច្ចសន្ទនា​គោលនយោបាយ​អប់រំ គាំទ្រ​យុវជន​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ហើយ​គាំទ្រ​កម្ពុជា​ធ្វើការ​អភិវឌ្ឍ​ការបង្រៀន​ភាសា​ចិន ជំរុញ​ការបង្កើត​វិទ្យាស្ថាន​ខុង​ជឺ​ថ្មី​នៅ​កម្ពុជា បង្កើន​កិច្ចសហប្រតិបត្តិការ​អប់រំ​វិជ្ជាជីវៈ និង​ការផ្លាស់ប្តូរ​ការអប់រំ​ឌីជីថល​»​។

​លោក ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រាប់​ ​ភ្នំពេញ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១២ ខែកុម្ភៈ​ថា កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន គឺ​ផ្តោតលើ​ការគោរព​គ្នា​ទៅវិញទៅមក គោលការណ៍​ឈ្នះ ឈ្នះ និង​យុទ្ធសាស្ត្រ​។

លោក​បន្ថែមថា​៖ «​ដោយសារតែ​ទំនាក់ទំនង​ទ្វេភាគី​ចិន និង​កម្ពុ​ជាមាន​ភាពល្អ​ប្រសើរ និង​ជា​ដែកថែប ទើប​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​ទទួលបាន​សង្គម​មួយ​ដែលមាន​ការអភិវឌ្ឍ សុខសន្តិភាព ស្ថិរភាព សេដ្ឋកិច្ច​ល្អប្រសើរ និង​អាចឱ្យ​កម្ពុជា​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​ ១៩ ដោយសារតែ​ជំនួយ​វ៉ាក់សាំង​យុទ្ធសាស្ត្រ និង​ទាន់ពេលវេលា​របស់​មិត្ត​ចិន​»​។

​លោក​ម៉េង​ដា​វិត ថ្លែងថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ មិន​ត្រឹមតែ​ជួយ​ស្តារ និង​អភិវឌ្ឍ​បន្ថែម​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​អនុតំបន់​មេគង្គ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏បាន​ជួយ​អភិវឌ្ឍ​ដល់​វិស័យ​ដទៃទៀត​នៅ​កម្ពុជា​ដូចជា​កសិកម្ម ថាមពល ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល និង​សន្តិសុខ​សាយ​ប័​រ​ (Cyber security) និង​ការពង្រឹង​សមត្ថភាព​ហេដ្ឋារចនាសម្ព័ន្ធ​យោធា និង​សន្តិសុខ​តំបន់​ផងដែរ ក្រោម​ការជួយជ្រោមជ្រែង និង​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​ចិន​៕

វីដេអូ៖