ភ្នំពេញៈ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពរៀបចំពិធីបុណ្យសពជូនកងទ័ពមួកខៀវកម្ពុជាម្នាក់ ដែលបានពលីជីវិតអំឡុង បំពេញបេសកកម្មថែរក្សាសន្តិភាពនៅតំបន់តេសសាលីត ប្រទេសម៉ាលី។
បើតាមរយៈសេចក្តីប្រកាសពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងនៅថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០២៣ ថា ក្រុមកាងារនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដែលដឹកនាំដោយលោកសែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះត្រួតពិនិត្យទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យសពកងទ័ពមួកខៀវកម្ពុជាលោកភឿក ជីវ័ន្ត ដែលបានពលីជីវិតក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ ក្នុងតំបន់តេសសាលីត ប្រទេសម៉ាលី។
តាមរយៈសារលិខិតរំលែកមរណទុក្ខពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឱ្យដឹងថា លោកភឿក ជីវ័ន្ត មានតួនាទីជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ ប្រចាំតំបន់តេសាលីត បានទទួលមរណភាពដោយរោគាពាធក្នុងវ័យ ៤២ ឆ្នាំ កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីននិងកាកសំណល់សង្គ្រាមប្រាប់ឱ្យដឹងថា ខាងក្រុមការងារភាគីកម្ពុជា កំពុងធ្វើការជាមួយភាគីអង្គការសហប្រជាជាតិជុំវិញមរណភាពរបស់ លោក ភឿក ជីវ័ន្ត។ តាមការសន្និដ្ឋានជាបឋម លោកភឿក ជីវ័ន្ត ទទួលមរណភាពដោយបញ្ហាសួត ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដែលជាជំងឺប្រចាំ កាយរបស់គាត់ ហើយភាគីអង្គការសហប្រជាជាតិកំពុងបន្តពិនិត្យ បើសិនជាការពលីជីវិតស្ថិតក្នុងគោលការណ៍ នោះអង្គការសហប្រជាជាតិនឹងមានសំណងឧបត្ថម្ភជូនគ្រួសារសពផងដែរ។
លោកស្រី កុសល ម៉ាលីនដា ថ្លែងថា៖ «ខាងយើងនិងថ្នាក់ដឹកនាំ មានការសោកស្តាយដែលកម្ពុជាយើងបានបាត់បង់វីរជន១រូបដែលគាត់មានចំណេះជំនាញក្នុងបេសកកម្ម ហើយណាមួយ គាត់ចូលរួមហ្នឹងជាមេបញ្ជាការរង នៃកងវិស្វកម្មព្រលានយន្តហោះដែលគាត់ជាវិស្វករ ១ រូប មានគេគោរពស្រឡាញ់គាត់ច្រើន ហើយគាត់បំពេញការងារហ្នឹងក៏បានស្នាដៃច្រើន ដែលជាការសោកស្តាយមួយដែលយើងបាត់បង់រូបគាត់នាពេលនេះ»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ខាងកម្ពុជាមិនទាន់បានទទួលដំណឹងច្បាស់ទេថា តើសាកសពលោកភឿកជីវ័ន្ត នឹងដឹកមកដល់កម្ពុជាក្នុងពេលណានោះទេ ខណៈភាគីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងក្រុមការងារបេសកកម្មរក្សាសន្តិភាព អង្គការសហ ប្រជាជាតិនៅបន្តធ្វើការលើរឿងនេះពោលគឺសាកសពលោកភឿក ជីវ័ន្តកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត និងធ្វើកោសល្យវិនិច័យរកមូលហេតុនៃការពលីពិតប្រាកដនៅឡើយ។
សម្រាប់លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះការបាត់បង់កងទ័ពមួកខៀវកម្ពុជា ខណៈកំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅក្រៅប្រទេសជាការបាត់បង់ធនធានមនុស្សដ៏មានសារៈសំខាន់ ដែលលោកសង្ឃឹមថា ភាគីអង្គការសហប្រជាជាតិ នឹងពិនិត្យឱ្យបានត្រឹមត្រូវ ដែលការពលីរបស់កងទ័ពមួយខៀវកម្ពុជារូបនេះ ជាការពលីដើម្បីកិត្តិយស និងបេសកកម្មរក្សាសន្តិភាពពិភពលោក។
លោក យង់ ពៅ ថ្លែងថា៖ «ការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនេះពិតជាមានអត្ថន័យសម្រាប់កម្ពុជានិងមានភាពចាំបាច់សម្រាប់ប្រជាជាតិសកល ព្រោះប្រទេសមួយចំនួន កំពុងជួបប្រទះនូវសង្គ្រាម ខណៈកម្ពុជាក៏ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដែលមានវត្តមានកងទ័ពមួកខៀវ អង្គការសហប្រជាជាតិចូលមកជួយកម្ពុជាក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
បើតាមលោកស្រី កុសល ម៉ាលីនដា រហូតមកដល់បច្ចុប្បន្នកងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន ១១ រូបខណៈអ្នកធ្លាប់រងរបួសមាន ១៥ រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៦ មកដល់ឆ្នាំ ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ ពាន់នាក់នៅប្រទេសចំនួន ៩ រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អ្រាហ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕