ភ្នំពេញៈ ជាមធ្យមក្នុង ១ ខែៗ ក្រុមសហគមន៍ដែលទទួលបានការបណ្ដុះបណ្ដាលពីគម្រោងរេដបូក នៅទូទាំងប្រទេសបានបញ្ជូនរបាយការណ៍ផ្លូវការអំពីបទល្មើសព្រៃឈើចំនួន ៥០ ទៅឱ្យអាជ្ញាធរដោយផ្អែកលើទិន្នន័យដែលចាប់យកតាមរយៈកម្មវិធី SMART 7។ នេះបើយោងតាមការផ្សព្វផ្សាយរបស់គម្រោងអង្គការ USAID ព្រៃឡង់បៃតង។
SMART 7 គឺជាកម្មវិធីកម្រិតខ្ពស់ ដែលមានការរួមបញ្ចូលគ្នា រវាងកម្មវិធី SMART ជាមួយ Earth Ranger ដែលជាឧបករណ៍សម្រាប់ការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យគម្រោងរេដបូក។ ជាគោលការណ៍ កម្មវិធីនេះ គឺផ្ដោតសំខាន់ទៅលើការគ្រប់គ្រងការល្បាត ការវិភាគទិន្នន័យ និងការរាយការណ៍ព័ត៌មានកម្រិតខ្ពស់រួមទាំងការចែករំលែកការអនុវត្តដែលល្អឱ្យគ្នាទៅវិញទៅមករវាងសហគមន៍អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេស។
របាយការណ៍បង្ហាញថា៖ «នៅពេលដែលគម្រោងរេដបូក ឈានទៅរកការអនុវត្តនៅទូទាំងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ គម្រោងទាំងនេះនឹងតម្រូវឱ្យ របាយការណ៍ SMART ដែលធ្វើឡើងដោយសហគមន៍មូលដ្ឋាន ត្រូវបានឆ្លើយតបដោយអាជ្ញាធរមូលដ្ឋាន ដែលវាជាឧបករណ៍សម្រាប់វាស់វែងការអនុវត្តគម្រោងរេដបូកប្រកបដោយជោគជ័យ។ ការផ្ទៀងផ្ទាត់គម្រោងរេដបូកប្រចាំឆ្នាំដោយភាគីទី ៣ នឹងត្រូវបានធ្វើឡើង ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការនៃការប្រើប្រាស់របាយការណ៍ SMART» ។
បើតាមការផ្សព្វផ្សាយរបស់គម្រោង USAID ព្រៃឡង់បៃតង ដើម្បីធានាទាំងតម្លាភាពនៃសកម្មភាពរបស់សហគមន៍មូលដ្ឋាន និងគណនេយ្យភាពដោយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការឆ្លើយតបលើបណ្តឹងរបស់សហគមន៍ របាយការណ៍ស្ដីពីការរកឃើញបទល្មើសធនធានធម្មជាតិទាំងនោះ ត្រូវបានគេលើកយកមកផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំផងដែរ។
កាលពីប៉ុន្មានខែមុន គម្រោង USAID ព្រៃឡង់បៃតង និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានផ្តល់វគ្គបណ្តុះបណ្តាលអ្នកប្រើប្រាស់កម្រិតខ្ពស់លើកម្មវិធី SMART7 ដល់អ្នកជំនាញផ្នែកបច្ចេកវិទ្យាអភិរក្សចំនួន ៣៦ នាក់ មកពីអង្គការអភិរក្សចំនួន ៧ ដែលធ្វើការក្នុងតំបន់ការពារធម្មជាតិចំនួន ១៤ ក្នុងប្រទេសកម្ពុជា។
អ្នកជំនាញទាំងនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាននិងបុគ្គលិកក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់កម្មវិធី SMART និងឧបករណ៍បច្ចេកវិទ្យាអភិរក្សផ្សេងទៀតដើម្បីតាមដានសត្វព្រៃ ធ្វើការល្បាតព្រៃឈើនិងរាយការណ៍អំពីការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស។
កញ្ញា សាម៉េត ស្រីវ៉ា តំណាងសហគមន៍ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ដែលបច្ចុប្បន្នបានក្លាយជាគ្រូបង្គោលក្នុងការផ្សព្វផ្សាយគម្រោងរេដបូកព្រៃ ឡង់ ដល់ប្រជាជន មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានពីអត្ថប្រយោជន៍នៃគម្រោងរេដបូក និងយន្តការបែងចែកផលប្រយោជន៍ពីគម្រោងនេះថ្លែងថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសតាមរយៈកម្មវិធី SMART សម្រាប់ ការការពារធនធានធម្មជាតិមានសារៈសំខាន់ណាស់សម្រាប់បច្ចុប្បន្ន និងអនាគត។ «កម្មវិធី SMART កម្រិតខ្ពស់ អាចឱ្យយើងរាយការណ៍និងកត់ត្រាទិន្នន័យបានជាក់លាក់ពីទីតាំងដែលត្រូវបានប្រទះឃើញ មានការប្រព្រឹត្តបទល្មើសដើម្បីចងក្រងជារបាយការណ៍ជាក់លាក់មួយ សម្រាប់ផ្ដល់ទៅឱ្យមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត ដើម្បីមានវិធានការឆ្លើយតបទាន់ពេលវេលា»។
ជុំវិញករណីនេះលោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការផ្ដល់សេចក្ដីរាយការណ៍ជាក់លាក់ពីបទល្មើសធនធានធម្មជាតិ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងកិច្ចការពារនិងអភិរក្ស។ «តាមរយៈការចូលរួមពីអង្គការជាដៃគូ យើងបានផ្ដល់ការបណ្ដុះបណ្ដាលជំនាញជាច្រើន ដល់មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋានដែលរាប់បញ្ចូលទាំងជំនាញនៃការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមទាំងការកសាងរបាយការណ៍ពីបទល្មើស ដោយប្រើឧបករណ៍បច្ចេកវិទ្យាទំនើបតាមកម្មវិធីកម្រិតខ្ពស់ពីការប្រើប្រាស់ឧបករណ៍រាយការណ៍ និងតាមដានការគ្រប់គ្រងធនធានធម្មជាតិ ពីកម្មវិធី SMART ផងដែរ»៕